ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនឹងអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាននៅប្រទេសឡាវ ដែលក្នុងអំឡុងពេលនោះ លោកនឹងមានជំនួបពិភាក្សាទ្វេភាគីជាមួយសមភាគីអាស៊ានមួយចំនួន ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការដែលផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។
តបតាមការអញ្ជើញរបស់លោក សាលើមសៃ គុំម៉ាស៊ីត ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្តី្រការបរទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក សុខ ចិន្តាសោភា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងហ្លួងព្រះបាង។ នេះបើតាមសេចក្តីប្រកាសព័ត៌មានក្រសួងការបទេសកម្ពុជា។
កិច្ចប្រជុំនេះធ្វើឡើង ក្រោមមូលបទ “អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់” កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន នឹងពិភាក្សាអំពីអាទិភាព និងគម្រោងសមិទ្ធផលសំខាន់ៗ ក្រោមភាពជាប្រធានអាស៊ានរបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សម្រាប់ឆ្នាំ២០២៤។
សេចក្តីប្រកាសបញ្ជាក់ថា៖«រដ្ឋមន្ត្រីការបរទេស អាស៊ាននឹងពិនិត្យតាមដានការងារនានានៅក្រោយកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ព្រមទាំងពិភាក្សាអំពីវិធីសាស្ត្រនានា ឆ្ពោះទៅរកការកសាងសហគមន៍អាស៊ាន រួមទាំងវឌ្ឍនភាពនៃការរៀបចំចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥»។
រដ្ឋមន្ត្រីការបរទេសអាស៊ាន ក៏នឹងផ្លាស់ប្តូរទស្សនៈស្តីពីទំនាក់ទំនងខាងក្រៅរបស់អាស៊ាន ក៏ដូចជាបញ្ហាតំបន់ និងអន្ដរជាតិដែលជាផលប្រយោជន៍ និងក្តីបារម្ភរួមផងដែរ។
ក្នុងឱកាសនៃកិច្ចប្រជុំចង្អៀតនេះ លោក សុខ ចិន្តាសោភា ក៏នឹងមានជំនួបពិភាក្សា ទ្វេភាគីជាមួយសមភាគីអាស៊ានមួយចំនួន ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។
គួររំឭកថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំពាក់ព័ន្ធនានា បានធ្វើឡើងនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី កាលពីខែកញ្ញា ឆ្នាំ ២០២៣ មានការចូលរួមពីសំណាក់នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត ព្រមទាំងនាយករដ្ឋមន្រ្តីក៏ដូចជាប្រមុខរាជ/រដ្ឋាភិបាលនៃបណ្តាប្រទេសជាសមាជិកអាស៊ានផងដែរ។
តាមរយៈកិច្ចប្រជុំនេះ ត្រូវបានអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាលោក មាស សុភ័ណ្ឌ បានគូសបញ្ជាក់ថានឹងជំរុញចក្ខុវិស័យអាស៊ាន ឆ្នាំ២០២៥ ដែលជាផែនទីចង្អុលផ្លូវសម្រាប់ពង្រឹងឥទ្ធិពលអាស៊ានលើឆាកអន្តរជាតិ៕