ទេសរដ្ឋមន្រ្តី​លោក លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំកិច្ច​ប្រជុំគណៈកម្មការ​សម្របសម្រួល​នៃអនុសញ្ញា​អូតាវ៉ា ដើម្បីពិនិត្យមើល​ផែនការ​សកម្មភាព​គាំទ្រ​អនុសញ្ញា ដើម្បី​ត្រៀមខ្លួន​ឆ្ពោះទៅកាន់​កិច្ចប្រជុំ​ត្រួតពិនិត្យ​ឡើងវិញ​លើកទី៥ និងសម្រេចឱ្យ​បាននូវគោលដៅ​អាទិភាពរបស់​កម្ពុជា​ក្នុងនាមជា​ប្រធាន និងម្ចាស់ផ្ទះ​នៃកិច្ចប្រជុំ​ក្នុងខែ​វិច្ឆិកា ឆ្នាំ២០២៤។

កិច្ចប្រជុំនេះ​ធ្វើឡើង​នៅទីក្រុង​ហ្សឺណែវ ប្រទេស​ស៊្វីស នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ដោយអង្គប្រជុំ ក៏បានលើកឡើង​អំពី​ការអនុវត្ត​មាត្រា៤ ស្តីពី​ការបំផ្លាញ​គ្រាប់មីន​ដែលរក្សាទុក និងបាន​អបអរសាទរ​ដល់ប្រទេស​ក្រិក​ដែលមានដំណើរ​ការវិជ្ជមាន​ក្នុងការសម្រេច​គោលដៅនេះ។ 

ជាមួយគ្នានេះ អង្គប្រជុំបាន​ផ្តោតជាពិសេស​ទៅលើប្រទេស​អ៊ុយក្រែន ដែលរងការចោទប្រកាន់​ថា​បានរក្សាទុក​គ្រាប់មីន​ប្រឆាំង​មនុស្ស និងបានស្នើ​ឱ្យបន្ត​តាមដាន​ដោយយកចិត្ត​ទុកដាក់បន្ថែម​ទៅលើបញ្ហា​របស់​អ៊ុយក្រែន។ នេះបើតាម​អាជ្ញាធរមីន បានបង្ហោះ​នៅលើ​ហ្វេសប៊ុក។

ពាក់ព័ន្ធនឹង​សកលភាវូបនីយកម្ម​នៃ​អនុសញ្ញា អង្គប្រជុំ​បានស្នើឱ្យ​មានការជំរុញ​ដល់រដ្ឋ​មិនមែន​ភាគី​អនុសញ្ញា​ចូលរួម​ក្នុង​អនុសញ្ញា ឬអនុវត្ត​តាមបទដ្ឋាន​របស់​អនុសញ្ញា​ទោះបីខ្លួន​មិនមែន​ជារដ្ឋភាគី​ក៏ដោយ។ បន្ថែមលើនេះ អង្គប្រជុំបាន​កំណត់ពី​សកម្មភាព​សំខាន់ៗ ដែលនឹងត្រូវ​ប្រព្រឹត្តទៅ​ក្នុងឆមាស​ទី១ ឆ្នាំ២០២៤ និងបានពិនិត្យ​ទៅលើស្ថានភាព​ថវិកា​សម្រាប់ការរៀបចំ​កិច្ចប្រជុំត្រួត​ពិនិត្យ​ឡើងវិញលើកទី៥ នៃ​អនុសញ្ញា​អូតាវ៉ា ឆ្នាំ២០២៤ ខាងមុខ។

លោក លី ធុជ បានបញ្ជាក់​ថា ៖«ខណៈ​កម្ពុជា​ជាប្រធាន​អនុសញ្ញា​អូតាវ៉ា​ឆ្នាំ២០២៤ កម្ពុជា​បានដាក់ចេញ​នូវវិធាន​មួយចំនួន ក្នុងការជំរុញ​ឱ្យមាន​សកលភាវូបនីយកម្ម​នៃ​អនុសញ្ញា​អូតាវ៉ា តាមរយៈ​ការទូត កិច្ចប្រជុំ និងវេទិកា​នានា​ក្នុង​តំបន់​អាស៊ី និងប៉ាស៊ីហ្វិក»។

កិច្ចប្រជុំនេះ មានការចូលរួម​ពីតំណាង​ប្រទេស​កម្ពុជា បែលហ្ស៊ីក ចក្រភព​អង់គ្លេស កាណាដា ស៊្វីស ជប៉ុន ស៊ុយអែត ន័រវេស ថៃ ហូឡង់ អាល្លឺម៉ង់ និងតំណាង ISU, ICBL, ICRC ។ ក្នុងកិច្ច​ពិភាក្សា​នោះ អង្គប្រជុំ បានដាក់ចេញ និងកំណត់​គោលដៅ​ប្រទេសមួយចំនួន​ដែលត្រូវ​ធ្វើសកម្មភាព​សកលភាវូបនីយកម្ម​រួមមាន បារ៉ែន ឡាវ កោះម៉ាស្យល មីក្រូណេស៊ី នេប៉ាល់ តុងហ្គា វៀតណាម អាមេនី អាស៊ែបៃហ្សង់ ហ្សកហ្ស៊ី លីបង់ ម៉ុងហ្គោលី និងសិង្ហបុរី។ 

លោក លី ធុជ បានលើកឡើង​ថា ក្នុងខណៈប្រទេស​កម្ពុជា ​ជាប្រធាន​នៃអនុសញ្ញា​ឆ្នាំ២០២៤ កម្ពុជា បានដាក់ចេញ​នូវ​វិធានការមួយចំនួន ក្នុងការជំរុញ​ឱ្យមាន​សកលភាវូបនីយកម្ម​នៃ​អនុសញ្ញា រួមមាន​ការបញ្ចុះបញ្ចូល​ប្រទេសមិនទាន់​ក្លាយជា​រដ្ឋភាគី​តាមរយៈ​ការទូត​កម្ពុជា ការប្រើប្រាស់​វេទិកា​ UN-ESCAP ក្នុងតំបន់​អាស៊ី និងប៉ាស៊ីហ្វិក និងការស្វែង​រកកិច្ច​សហប្រតិបត្តិការ​និងការគាំទ្រ​ពីប្រទេស​ជាមិត្ត​ទាក់ទងនឹង​ប្រទេស​ដែនកោះ​នានា​ក្នុងតំបន់​ប៉ាស៊ីហ្វិក ជាដើម។
 
កម្ពុជា បានកំណត់​គោលដៅប្រទេសមួយចំនួន​រួចហើយ សម្រាប់ធ្វើការ​សម្របសម្រួល​ដែលប្រទេស​ទាំងនោះ​អាចនឹង​ផ្តល់​សច្ចាប័ន/យល់ព្រម​លើការចូលរួម​អនុសញ្ញា ក្នុងខណៈ​ពេលដែល​កម្ពុជា​ធ្វើជា​ប្រធាន និងម្ចាស់ផ្ទះ​នៃកិច្ចប្រជុំ​ត្រួតពិនិត្យ​ឡើងវិញលើកទី៥ នៅខេត្តសៀមរាប ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ៕