លោក លី ធុជ អនុប្រធាន​ទី១ អាជ្ញាធរមីន បានយាងអញ្ជើញ​អ្នកអង្គម្ចាស់​នៃប្រទេស​បែលហ្ស៊ិក ចូលរួម​ក្នុងកិច្ចប្រជុំ​កំពូល​សៀមរាប-អង្គរ នៃប្រទេស​កម្ពុជា ស្តីពី​ពិភពលោកមួយ​ដែលគ្មាន​មីន ដែលនឹង​ធ្វើឡើងក្នុង​ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។   
 
សំណើ​របស់​ភាគី​កម្ពុជា បានលើកឡើង​ក្នុងឱកាស​ដែល​លោក លី ធុជ បានជួបប្រជុំ​ទ្វេភាគី​ជាមួយលោក Marc Pecsteen de Buytswerve ឯកអគ្គរដ្ឋទូត និងតំណាង​អចិន្ត្រៃយ៍​ប្រទេស​បែលហ្ស៉ិក​ប្រចាំនៅ​អង្គការ​សហប្រជាជាតិ នៅទីក្រុង​ហ្សឺណែវ កាលពី​ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ដើម្បីស្វែងរក​កិច្ចសហ​ប្រតិបត្តិការ និងការគាំទ្រ​របស់ប្រទេស​បែលហ្ស៊ិក។
 
លោកបានលើកឡើង​ថា ៖ «តាងនាម​សម្តេចធិបតី​នាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងជាប្រធាន​អាជ្ញាធរមីន ខ្ញុំបាន​យាងអញ្ជើញ​អ្នកអង្គម្ចាស់​នៃប្រទេស​បែលហ្ស៊ិក ដែលជាប្រេសិត​ពិសេស​នៃអនុសញ្ញា​អូតាវ៉ា ចូលរួមក្នុង​កិច្ចប្រជុំ​កំពូល​សៀមរាប-អង្គរ ស្តីពី​ពិភពលោកមួយ​ដែលគ្មាន​មីន ក្នុង​ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ»។  
 
លោក លី ធុជ ក៏បានលើកឡើង​ពីការងារ​អាទិភាព​របស់​កម្ពុជា ក្នុងនាមជា​ប្រធាន និងម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​អនុសញ្ញា​អូតាវ៉ា​ឆ្នាំ២០២៤ ព្រមទាំង​ជំរុញឱ្យ​មានការចូលរួម​ជាមួយ​កម្ពុជា​ដើម្បី​ឱ្យកម្ពុជា​ទទួលបានជោគជ័យ​ក្នុងការរៀបចំ​កិច្ចប្រជុំ​អនុសញ្ញា​អូតាវ៉ា​ឆ្នាំ២០២៤។  
 
ពាក់ព័ន្ធនឹង​សកម្មភាព​មីន​នៅ​កម្ពុជា លោក លី ធុជ ក៏បានរំលេច​ពីកិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការថែរក្សា​ឱ្យបាន​នូវ​សុខសន្តិភាព និងធានា​នូវការអភិវឌ្ឍ​នៅ​កម្ពុជា ក្នុងនោះរួម​ទាំងការដោះស្រាយ​បញ្ហា​មីន ដោយបានដាក់​ចេញនូវ​ចក្ខុវិស័យ និងផែនការ​យុទ្ធសាស្រ្ត ដើម្បី​ឱ្យ​កម្ពុជា​សម្រេចបាននូវ​គោលដៅ​កម្ពុជា​គ្មាន​មីន​ឆ្នាំ២០២៥។  

យោងតាម​អាជ្ញាធរមីន តំណាង​អចិន្ត្រៃយ៍​ប្រទេស​បែលហ្ស៊ិក ក៏បានសាទរ និងកោតសរសើរ​ចំពោះ​ភាពជាប្រធាន និងម្ចាស់ផ្ទះ​របស់​កម្ពុជា​នៃអនុសញ្ញា​អូតាវ៉ា​ឆ្នាំ២០២៤ ហើយបាន​សន្យាផ្តល់​កិច្ចសហការ និងគាំទ្រ​កម្ពុជា​ឱ្យទទួលបាន​ជោគ​ជ័យ​​ទៅតាមគោលដៅ​ដែល​រំពឹងទុក។ ប្រទេស​បែលហ្ស៊ិក បានសន្យានឹង​ជួយសិក្សា​ប្រមូលព័ត៌មាន​ពីជំហរ លក្ខខណ្ឌ​នានា និងស្ថាប័ន​សម្រេចចិត្ត នៃប្រទេស​មិនទាន់​ក្លាយជា​រដ្ឋភាគី​នៃ​អនុសញ្ញា​អូតាវ៉ា ឱ្យបាន​ចូលរួម​ជារដ្ឋភាគី​នៃ​អនុសញ្ញា ក្នុងខណៈពេល​កម្ពុជា​ជាប្រធាន និងម្ចាស់ផ្ទះ​នៃកិច្ចប្រជុំ៕