ភ្នំពេញៈ គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា ប្ដេជ្ញារៀបចំការប្រឡងប្រជែងនេះ ដោយឈរលើគោលការណ៍ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ តាមរយៈការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីរាជការ។
លោក ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការជាគ្រូបង្រៀន ឯកទេសអប់រំកាយ និងកីឡា» កាលពីថ្ងៃទី ២៦ ខែមករាថា ក្នុងឆ្នាំ ២០២៤ ក្រសួងនឹងត្រូវបន្តជ្រើសរើសមន្ត្រីរាជការ ២ ០៨៨ នាក់ ក្នុងនោះ គ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា ចំនួន ១០០ នាក់ ដើម្បីដាក់ពង្រាយតាមអនុវិទ្យាល័យ និងវិទ្យាល័យគោលដៅក្នុងខេត្តចំនួន ២១។
លោក ហ៊ុន ម៉ានី ថ្លែងថា៖ «គោលការណ៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ហើយជាពិសេសក្នុងការជំរុញវិធានការគន្លឹះ ហើយវិធានការគន្លឹះទី១ គឺការរៀបចំប្រព័ន្ធជ្រើសរើសមន្ត្រីរាជការ ដោយការផ្តល់ឱកាសឱ្យស្មើៗគ្នា ដូចនេះផ្អែកលើមូលដ្ឋាននេះការជ្រើសរើសមន្ត្រីអប់រំឯកទេសអប់រំកាយ និងកីឡានេះ គឺយើងផ្តល់ឱកាសឱ្យទាំងអស់គ្នាតែម្ដងសិន»។
ចំណែក លោក ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក៏បានលើកឡើងនាសន្និសីទសារព័ត៌មាននោះដែរថា ការប្រឡងនេះ ប្រៀបបីដូចជាការបន្តមរតក ដែលក្រសួងអប់រំ បានធ្វើការកែទម្រង់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិកាលពីឆ្នាំ ២០១៤ កន្លងមក (អ្នកចេះគឺជាប់)។
ការប្រឡងជ្រើសរើស និងការពង្រាយគ្រូបង្រៀនលើកនេះ នៅតែបន្តអនុវត្តដោយមានភាពប្រាកដប្រជា ព្រោះការធ្វើស្វ័យប្រកាស និងឱ្យបេក្ខជនសុំការបញ្ជាក់ពីសាលាគោលដៅមុនពេលប្រឡងបានអនុវត្តច្រើនឆ្នាំកន្លងមកហើយ។ សាលាដែលខ្វះគ្រូ ត្រូវធ្វើស្វ័យប្រកាសថា មានតម្រូវការពិត ហើយបេក្ខជនត្រូវធ្វើការជ្រើសរើសទីតាំង ការងារ នៅសាលា ដែលមានតម្រូវការចាំបាច់ និងជាក់លាក់។
លោកបញ្ជាក់ថា៖ «ការប្រឡងនេះត្រូវបានរៀបចំឡើងផ្អែកលើគោលការណ៍គុណាធិបតេយ្យ អ្នកចេះគឺជាប់ និងយុត្តិធម៌ ក្នុងទិសដៅកសាងមូលធនមនុស្ស ប្រកបដោយចំណេះដឹង ជំនាញ សីលធម៌ និងសុខភាពល្អ ដើម្បីឱ្យសង្គមទទួលស្គាល់ និងឱ្យតម្លៃ ហើយការគោរពបាននូវគោលការណ៍នេះក៏នឹងនាំមកនូវកិត្តិយសបុគ្គល គ្រួសារ សង្គម និងប្រទេសជាតិផងដែរ»។
សូមជម្រាបថា ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀន ឯកទេសអប់រំកាយ និងកីឡា ត្រូវប្រឡងលើវិញ្ញាសា ២ ប្រភេទ គឺវិញ្ញាសាសរសេរ និងវិញ្ញាសាអនុវត្តន៍កីឡា។ វិញ្ញាសាសរសេរ បានប្រព្រឹត្តទៅនៅថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៤ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដោយត្រូវប្រឡងបីមុខវិជ្ជារួមមាន វប្បធម៌ទូទៅ, ជីវវិទ្យា និងភាសាអង់គ្លេស ។
វិញ្ញាសាប្រឡងទាំងអស់នឹងត្រូវរៀបចំតាក់តែងក្នុងថ្ងៃតែមួយ គឺរៀបចំវិញ្ញាសានៅពេលព្រឹក ហើយចាប់ផ្តើមប្រឡងពីម៉ោង ១២ និង ៣០ នាទី ថ្ងៃត្រង់តទៅ។
ចំណែកវិញ្ញាសាអនុវត្តន៍កីឡា នឹងចាប់ផ្តើមពីរសៀលថ្ងៃ ទី ២៩ ខែមករា និងបន្តបន្ទាប់រយៈពេល ៨ ថ្ងៃ នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ដោយអនុវត្ត ៣ ប្រភេទកីឡា រួមមាន៖ ចោលដុំដែក លោតចម្ងាយ និងរត់ល្បឿន។
យោងតាមសេចក្តីប្រកាសព័ត៌មានរួមកាលពីថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៤ បានឱ្យដឹងថា បេក្ខជនដែលបានដាក់ពាក្យសរុបមានចំនួន ១ ៨៩២ នាក់ (ស្រី៥៧៩នាក់) ដោយក្នុងនោះ បេក្ខជនសម្រាប់ការបណ្តុះបណ្តាលជាគ្រូបង្រៀនកម្រិតមូលដ្ឋាន ១២+២ ជំនាន់ទី៣១ មានចំនួន ១ ៤៤៥ នាក់ (ស្រី ៤៥០ នាក់) និងបេក្ខជនសម្រាប់ការបណ្តុះបណ្តាលជាគ្រូបង្រៀនកម្រិតមូលដ្ឋាន ១២+៤ ជំនាន់ទី៤ ចំនួន ៤៤៧ នាក់ (ស្រី ១៣៥ នាក់)។
បេក្ខជនដែលចូលរួមប្រឡងប្រជែងត្រូវគោរពវិន័យ និងបទប្បញ្ញត្តិនៃការប្រឡងឱ្យបានខ្ជាប់ខ្ជួន ក្នុងករណីបេក្ខជនប្រព្រឹត្តខុសពីបទប្បញ្ញត្តិប្រឡង ដូចជាបន្លំឯកសារ បន្លំបេក្ខភាព និងយកទូរស័ព្ទចូលបន្ទប់ប្រឡង នឹងធ្លាក់ជាស្វ័យប្រវត្តិ ព្រមទាំងត្រូវទទួលខុសត្រូវតាមច្បាប់ជាធរមានផងដែរ។
ជុំវិញការប្រឡងជ្រើសរើសគ្រូឯកទេសអប់រំកាយ និងកីឡានេះលោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ យល់ឃើញថា ការជ្រើសរើសគ្រូនេះមានចំនួនច្រើនពេក ដោយសារមុខវិជ្ជាអប់រំកាយ និងកីឡា មិនទាន់បានដាក់បញ្ចូលទៅក្នុងវិញ្ញាសាប្រឡងនៅឡើយទេ។
លោកស្រីបានប្រាប់ថា៖ «យើងគួរតែជ្រើសរើសគ្រូមុខវិជ្ជាដែលត្រូវប្រឡង ព្រោះសព្វថ្ងៃនេះ យកគ្រូមុខវិជ្ជាអប់រំកាយ និងកីឡាទៅបង្រៀនថ្នាក់ទី១២ មុខវិជ្ជាភូមិ ប្រវត្តិ ហាក់បីដូចជាប្រើបាស់ខុសឯកទេស។ សម្រាប់ខ្ញុំយល់ថា ដើម្បីឱ្យវិស័យអប់រំកាន់តែប្រសើរ កុំយកគ្រូឯកទេសផ្សេងទៅបង្រៀនឯកទេសផ្សេង ដែលមិនមែនជាជំនាញវិជ្ជាជីវៈរបស់គាត់ សូមឱ្យគ្រូឯកទេសបង្រៀនទៅតាមចំណេះជំនាញរបស់គាត់»។
សម្រាប់បេក្ខជនជយលាភីដែលបានប្រឡងជាប់ជាស្ថាពរ ក្រសួងមុខងារសាធារណៈ នឹងចេញសេចក្ដីសម្រេចបញ្ចូលក្របខ័ណ្ឌជាមន្ដ្រីរាជការស៊ីវិលជូនដល់បេក្ខជនក្នុងប្រព័ន្ធគ្រប់គ្រងមន្ត្រីរាជការតាមព័ត៌មានវិទ្យា និងបញ្ជូនឈ្មោះទៅក្រសួងអប់រំ ដើម្បីបន្តនីតិវិធីសម្រាប់ការបណ្តុះបណ្តាលតាមកម្រិត ប្រភេទក្របខ័ណ្ឌដែលខ្លួនបានជ្រើសរើស។
ក្នុងអំឡុងពេលបណ្តុះបណ្តាល គរុសិស្ស នឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ៧០% នៃបៀវត្សរ៍សរុបតាមប្រភេទក្របខ័ណ្ឌនីមួយៗ។ បេក្ខជនដែលបានជាប់ជាស្ថាពរ ក្រោយទទួលបានការបណ្តុះបណ្តាល ត្រូវទៅបំពេញការងារតាមគោលដៅដែលខ្លួនបានជ្រើសរើសដោយមិនត្រូវបានអនុញ្ញាតឱ្យផ្លាស់ប្ដូរទីកន្លែងបំពេញការងារឡើយ៕