មណ្ឌលគិរីៈ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងសមត្ថកិច្ចពាក់ព័ន្ធ កំពុងតាមស៊ើបរកជនល្មើស និងធ្វើកោសល្យវិច័យលើសាកសពសត្វដំរីដែលបានស្លាប់ ដោយសារគ្រាប់កាំភ្លើង។
លោក ឆៅ ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឱ្យដឹងនៅថ្ងៃទី ២៨ ខែមករាថា មកដល់ពេលនេះ ការងារធ្វើកោសល្យវិច័យលើសាកសពកូនដំរីដែលបានស្លាប់នេះ នៅមិនទាន់បានសរុបលទ្ធផលផ្លូវការអ្វីនោះទេ ក៏ប៉ុន្តែតាមការស្រាវជ្រាវអាវុធដែលបានមុតធ្លាយកូនដំរីនេះ គឺជាគ្រាប់កាំភ្លើង ដែលជនល្មើសបានប្រព្រឹត្ត។
លោកបានប្រាប់ឱ្យដឹងថា៖ «យើងកំពុងអង្កេតបឋម ដូច្នេះមិនទាន់អាចសន្និដ្ឋានអ្វីបាននោះទេ ក៏ប៉ុន្តែយើងរកឃើញថា កូនដំរីដែលស្លាប់ហ្នឹង គឺត្រូវគ្រាប់ជនល្មើសបាញ់»។
ចំណែកលោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តមណ្ឌលគិរី ក៏បានប្រាប់ឱ្យដឹងដែរថា អាជ្ញាធរខេត្តមិនបាននៅស្ងៀមនោះទេ ក្រោយពីទទួលបានព័ត៌មានថា កូនដំរីព្រៃ ១ ក្បាលបានស្លាប់ ហើយការស្លាប់នេះ បើដោយសារតែមានជំងឺ វាមិនមានបញ្ហាទេ ពីព្រោះជាកត្តាធម្មជាតិ ប៉ុន្តែបើស្លាប់ដោយសារការបរបាញ់ដោយក្រុមជនល្មើស វាជារឿងដែលគួរឱ្យបារម្ភ និងសោកស្ដាយខ្លាំងណាស់។
លោកបានថ្លែងប្រាប់ថា៖ «យើងបានបញ្ជាឱ្យកងកម្លាំងទាំងអស់ស្រាវជ្រាវរកមុខជនប្រព្រឹត្តបទល្មើសហ្នឹង និងតាមស្វែងរកចាប់ខ្លួនអ្នកដែលប្រព្រឹត្តនោះ យកមកដាក់ទោស»។
មកដល់ពេលនេះ នៅមិនទាន់មានមុខសញ្ញាអ្វីនៅឡើយទេ ព្រោះកម្លាំងកងរាជអាវុធហត្ថ និងប៉ូលិស កំពុងតាមស៊ើបរកជនល្មើស និងស្វែងរកវត្ថុតាង ដើម្បីចាប់ជនល្មើសមកដាក់ទោសទៅតាមនីតិវិធីនៃច្បាប់។ នេះបើតាម លោក ជាក់ ម៉េងហ៊ាង។
ដោយឡែក យោងតាមសេចក្ដីប្រកាសរបស់ក្រសួងបរិស្ថាន កាលពីថ្ងៃទី ២៧ ខែមករា ក៏បានឱ្យដឹងដែរថា កូនដំរីដែលស្លាប់១ក្បាល មានអាយុ ៧ ខែ ទម្ងន់ ២០០ គីឡូក្រាម ស្ថិតក្នុងភូមិជីក្លប់ ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
ក្រសួងបរិស្ថាន បញ្ជាក់ក្នុងសេចក្ដីប្រកាសថា៖ «សូមសម្ដែងការសោកស្តាយជាខ្លាំង ក្នុងការបាត់បង់សត្វព្រៃដ៏កម្រ ១ ប្រភេទនេះក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា និងសូមថ្កោលទោសចំពោះជនប្រព្រឹត្តល្មើសច្បាប់ស្តីពីតំបន់ការពារធម្មជាតិ»។
ជាមួយគ្នានេះ ក្រសួងបរិស្ថាន ក៏បានអំពាវនាវដល់សមត្ថកិច្ច ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋមេត្តាចូលរួមស្វែងរកវត្ថុតាង និងចាប់ជនល្មើសមកកាត់ទោសតាមនីតិវិធីនៃច្បាប់ផងដែរ។
ក្រសួងបរិស្ថានបានឱ្យដឹងទៀតថា ក្រសួងបរិស្ថានបានដាក់ចេញនូវការអនុវត្តច្បាប់ឱ្យបានដាច់ខាត ដោយមិនលើកលែងចំពោះអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិ ដើម្បីធានាប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានធម្មជាតិ តាមរយៈវិធានការចម្បងមួយចំនួន។
ក្នុងនោះរួមមាន៖ ទី១. ក្រសួងបរិស្ថានជំរុញការអនុវត្តច្បាប់ ១០០% និងបញ្ចប់នូវវប្បធម៌អប់រំ ណែនាំ និងចុះកិច្ចសន្យា ហើយដោះលែងចំពោះអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិ,ទី២. ក្រសួងបរិស្ថានសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ជាពិសេសជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិនៅតាមតំបន់ការពារធម្មជាតិ។
វិធានការទី៣. សហការជាមួយអង្គភាពប្រឆាំងនឹងអំពើពុករលួយ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការបង្ក្រាបនិងទប់ស្កាត់បទល្មើសធនធានធម្មជាតិ បន្ថែមលើកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ដែលបានអនុវត្តកន្លងមក។
សម្រាប់វិធានការទី៤. ជំរុញការដាំដើមឈើឱ្យច្រើនជាងការកាប់ ដើម្បីរក្សានូវកំណើន ជាពិសេសការជំរុញការដាំ ស្តារព្រៃឈើ ដែលជាទិសដៅអាទិភាព បង្កើនគម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ ២០៥០ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ នៅតាមសហគមន៍ រួមទាំងការអភិរក្សជីវៈចម្រុះដោយចីរភាព។
លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាអតីតប្រធានយុទ្ធនាការអន្ទាក់សូន្យ ក៏បានសម្តែងការសោកស្តាយចំពោះការបាត់បង់កូនដំរីព្រៃ ១ ក្បាលនេះផងដែរ។
លោកលើកឡើងថា៖ «ក្នុងនាមអតីតប្រធានយុទ្ធនាការអន្ទាក់សូន្យ ខ្ញុំសូមចូលរួមអំពាវនាវសាជាថ្មីដល់បងប្អូន បញ្ឈប់ការបរបាញ់សត្វព្រៃដោយខុសច្បាប់។ បច្ចុប្បន្ននេះ កម្ពុជាមានសត្វដំរីព្រៃចន្លោះពី ៤០០ ទៅ ៦០០ ក្បាល ដែលកំពុងរស់នៅក្នុងព្រៃធម្មជាតិកម្ពុជា។ សូមចូលរួមថែរក្សាអភិរក្សសត្វព្រៃ»។
ចំណែក លោក សេង ទៀក នាយកអង្គការមូលនិធិសត្វព្រៃ (WWF) ក៏បានសម្តែងការសោកស្តាយចំពោះការបាត់បង់សត្វព្រៃកម្រនេះផងដែរ និងបានថ្កោលទោសដល់ជនសម្លាប់សត្វព្រៃនេះ។
លោកញ្ជាក់ថា៖ «សូមអំពាវនាវដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន មេត្តារាយការណ៍ពីបទល្មើសសត្វព្រៃ និងព្រៃឈើជូនមន្ត្រីមានសមត្ថកិច្ចនិងមេត្តាចូលរួមការពារបិតិកភណ្ឌជាតិមានជីវិតរបស់យើងឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ»។
សូមបញ្ជាក់ថា ដំរីអាស៊ី ត្រូវបានចាត់បញ្ចូលជាប្រភេទសត្វជិតផុតពូជនៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិ ដើម្បីការអភិរក្សធម្មជាតិ (IUCN)។
នៅក្នុងប្រទេសកម្ពុជា បច្ចុប្បន្ននេះ ដំរីអាស៊ីមានចំនួនចន្លោះពី ៤០០ ក្បាល ទៅ ៦០០ ក្បាល ដែលភាគច្រើនរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ តំបន់ខ្ពង់រាបខាងជើងបឹងទន្លេសាប និងតំបន់ខ្ពង់រាបភាគខាងកើតក្នុងខេត្តមណ្ឌលគិរី រតនគិរី និងស្ទឹងត្រែង ដែលជាតំបន់ជីវៈចម្រុះដ៏សម្បូរបែប ប្រព័ន្ធអេកូឡូស៊ី ដែលមានសក្តានុពលខ្ពស់ និងមានទីជម្រាលអំណោយផលដល់ការរស់នៅរបស់សត្វដំរី និងសត្វព្រៃផ្សេងៗទៀត៕