កម្ពុជា-អង់គ្លេស បានរួមគ្នាបន្តកិច្ចសហប្រតិបត្តិការ ក្នុងការជំរុញលើការអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធបៃតង និងគម្រោងតំបន់សេដ្ឋកិច្ចបៃតងតាមរយៈការផ្សព្វផ្សាយ និងបណ្តុះបណ្តាល ក៏ដូចជាលើកកម្ពស់ការយល់ដឹងពីវដ្តនៃគម្រោង PPP (Public-Private Partnership)ដែលផ្ដោតសំខាន់លើការអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធបៃតង និងគម្រោងតំបន់សេដ្ឋកិច្ចបៃតង (Green SEZ)។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសហការជាមួយអាជ្ញាធរហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងរបស់ចក្រភពអង់គ្លេស (UK Infrastructure and Project Authority - IPA) បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តី «ភាពជាដៃគូរវាងចក្រភពអង់គ្លេស-កម្ពុជា សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធបៃតង៖ ការបណ្តុះបណ្តាលរបស់អាជ្ញាធរហេដ្ឋារចនាសម្ព័ន្ធនិងគម្រោង (IPA) ស្តីពីការអភិវឌ្ឍ ការកៀរគរហិរញ្ញវត្ថុ និងហិរញ្ញប្បទានគម្រោងប្រកបដោយប្រសិទ្ធភាព» រយៈពេល ៥ ថ្ងៃ ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៤។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរួម ចុះថ្ងៃទី ២៦ ខែមករា។
លោក មាស សុខសេនសាន រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា សិក្ខាសាលានេះ ក្នុងគោលបំណងបន្តកសាងនូវមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់គាំទ្រទៅដល់ការអភិវឌ្ឍ និងអនុវត្តគម្រោង PPP នៅកម្ពុជា ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។
ជាមួយគ្នានេះ លោកបានបញ្ជាក់ថា៖ « វគ្គបណ្តុះបណ្តាលនេះ គឺជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍន៍គម្រោងហេដ្ឋារចនាសម្ព័ន្ធបៃតង និងបទពិសោធន៍នៃគម្រោងសាកល្បង នៃ Green SEZ ដែលរៀបចំឡើងក្រោមជំនួយបច្ចេកទេសរបស់ស្ថានទូតអង់គ្លេសប្រចាំប្រទេសកម្ពុជា ក្រោមក្របខ័ណ្ឌកម្មវិធី IPA ពាក់ព័ន្ធនឹងជំនាញ និងចំណេះដឹងលើយន្តការ PPP»។
លោកបានបន្ថែមថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនឹងបន្តសហការជាមួយក្រុមការងារ IPA និងស្ថានទូតអង់គ្លេសប្រចាំប្រទេសកម្ពុជា លើកិច្ចសហប្រតិបត្តិការសម្រាប់គាំទ្រដល់ការអភិវឌ្ឍសមត្ថភាពស្ថាប័ន និងធនធានមនុស្សសម្រាប់យន្តការ PPP នៅកម្ពុជា។
លោកបន្តថា៖ «ការងារបណ្តុះបណ្តាលនេះក៏បានធ្វើឡើងស្របតាមអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលបានចុះហត្ថលេខារវាង MEF កម្ពុជា និងការិយាល័យបរទេស Commonwealth and Development Office (FCDO) នៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើងផងដែរ»។
លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ឱ្យដឹងនៅថ្ងៃទី ២៨ ខែមករាថា ការជំរុញឱ្យមានការអនុវត្តយន្តការ ភាពជាដៃគូរវាងរដ្ឋ និងឯកជន( PPP) គឺជាភាពចាំបាច់ ក្នុងការបំពេញតម្រូវការធនធានហិរញ្ញវត្ថុ ក្នុងការផ្តល់សេវាសាធារណៈគ្រប់ប្រភេទជូនប្រជាជន និងការវិនិយោគសាធារណៈលើវិស័យហេដ្ឋារចនាសម្ព័ន្ធ។
លោកបានបន្តថាយន្តការនេះជាគោលដៅទ្រទ្រង់កំណើន និងផលិតភាពសេដ្ឋកិច្ច សម្រាប់ឈានទៅសម្រេចបាននូវចក្ខុវិស័យជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ ២០៥០ នឹងមានទំហំធំធេងណាស់ ហើយរដ្ឋមិនអាចរ៉ាប់រងការចំណាយនេះដោយថវិកាជាតិទាំងស្រុងបានឡើយ។
លោកបានបញ្ជាក់ថា៖ «កម្ពុជាត្រូវការការកៀរគរធនធានបន្ថែមពីវិស័យឯកជន ដើម្បីសម្រាលបន្ទុកចំណាយថវិកាជាតិ។ ទន្ទឹមនឹងនេះ វិស័យឯកជនក៏អាចនឹងនាំមកនូវប្រសិទ្ធភាព, នវានុវត្តន៍, ចំណេះដឹង និងចំណេះធ្វើដែលនឹងធ្វើឱ្យសេដ្ឋកិច្ចកាន់តែមានប្រសិទ្ធភាព និងផលិតភាព ហើយមានតម្លៃបន្ថែមកាន់តែខ្ពស់ថែមទៀត»៕