ភ្នំពេញៈ អន្តរក្រសួង បានឯកភាពឱ្យបង្កើតជាសេចក្តីណែនាំរួមស្តីពីវិធានការអប់រំ បង្ការ និងទប់ស្កាត់ឱ្យបានជាអតិបរមានូវគ្រោះអគ្គិភ័យនៅតាមរោងចក្រសហគ្រាស គ្រឹះស្ថានក្នុងវិស័យកម្មន្តសាល និងឧស្សាហកម្មទេសចរណ៍ ដើម្បីចាត់វិធានការជួយសង្គ្រោះឱ្យបានទាន់ពេលវេលា សំដៅរក្សាបាននូវសុខសុវត្ថិភាព និងទ្រព្យសម្បត្តិ។
ការឯកភាពនេះធ្វើឡើងបន្ទាប់ពីលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងក្នុងគោលបំណងពិភាក្សា និងដាក់ចេញនូវវិធានការ និងយុទ្ធនាការរួមគ្នាដើម្បីទប់ស្កាត់អគ្គិភ័យនៅតាមរោងចក្រសហគ្រាស និងគ្រឹះស្ថានក្នុងវិស័យកម្មន្តសាល និងវិស័យឧស្សាហកម្មទេសចរណ៍ កាលពីថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៤ កន្លងទៅ។
លោក ហេង សួរ បានលើកឡើងនៅក្នុងកិច្ចប្រជុំពីភាពចាំបាច់នៃកិច្ចសហការអន្តរស្ថាប័នរបស់ក្រសួង ពាក់ព័ន្ធទាំងអស់ ដើម្បីគិតគូរបន្ថែមទៀតក្នុងការផ្តល់សុវត្ថិភាព និងការបង្ការគ្រោះអគ្គិភ័យដល់រោងចក្រសហគ្រាស និងគ្រឹះស្ថានអាជីវកម្មទាំងអស់ ដែលជាទីតាំងប្រតិបត្តិការអាជីវកម្មបែបប្រមូលផ្តុំ។
យោងតាមនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា បន្ទាប់ពីបានពិភាក្សា និងលើកជាយោបល់ពីតំណាងក្រសួងពាក់ព័ន្ធនីមួយៗយ៉ាងផុលផុស កិច្ចប្រជុំបានឯកភាពឱ្យបង្កើតជាសេចក្តីណែនាំរួមស្តីពីវិធានការអប់រំ បង្ការ និងទប់ស្កាត់ឱ្យបានជាអតិបរមានូវគ្រោះអគ្គិភ័យនៅតាមរោងចក្រសហគ្រាស គ្រឹះស្ថានក្នុងវិស័យកម្មន្តសាល និងឧស្សាហកម្មទេសចរណ៍។
សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ មានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ នៃក្រសួងមហាផ្ទៃ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងទេសចរណ៍ និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ផងដែរ។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជាបានប្រាប់ឱ្យដឹងថ្ងៃទី ២៨ ខែមករាថា ជាទូទៅយន្តការចាស់មានស្រាប់ហើយ ប៉ុន្តែការបន្ថែមយន្តការថ្មីនេះ នឹងកាន់តែល្អ។ យ៉ាងណាក្តីលោកយល់ថា អ្វីដែលសំខាន់នោះ គឺការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព។
លោកបានថ្លែងថា៖ «រោងចក្រខ្លះ តាំងពីបង្កើតមកមិនដែលមានប្រព័ន្ធសុវត្ថិភាពផង ហើយជួនកាលមានប្រព័ន្ធសុវត្ថិភាពដែរ ប៉ុន្តែមិនដែលតេស្តសាកល្បង ដូច្នេះរោងចក្រសហគ្រាសត្រូវតែសាងសង់ឬធ្វើតាមស្តង់ដាសុវត្ថិភាព ហើយត្រូវតេស្តសាកល្បងប្រព័ន្ធសុវត្ថិភាពជាញឹកញាប់ដើម្បីត្រៀមលក្ខណៈទុកជាមុន»។
បន្ថែមពីនេះលោក អាត់ ធន់ ក៏បានជំរុញឱ្យគ្រប់ភាគីទាំងអស់ បង្កើតច្បាប់សុខភាពសុវត្ថិភាពនៅកន្លែងការងារមានលក្ខណៈរឹងមាំ ហើយមន្រ្តីត្រូវអនុវត្តច្បាប់ឱ្យតឹងរ៉ឹងនៅតាមរោងចក្រ សហគ្រាស។
ចំណែកលោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករក៏បានលើកឡើងដែរថា ការចេញសេចក្តីណែនាំរបស់អន្តរក្រសួង គឺជារឿងល្អនិងចាំបាច់ណាស់ ព្រោះមិនត្រឹមតែជាការក្រើនរំឭកនោះទេ តែវាជួយទៅដល់ការការពារទ្រព្យសម្បត្តិ និងដំណើរការអាជីវកម្ម ជាពិសេសសអាយុជីវិត របស់បុគ្គលិក និងកម្មករនិយោជិតទាំងអស់ផងដែរ។
លោកបានបញ្ជាក់ថា៖ «តាមការសង្កេតរបស់ខ្ញុំ គ្រប់រោងចក្រសហគ្រាស សុទ្ធតែមានគ្រូបណ្តុះបណ្តាលជនបង្គោល ពីសំណាក់មន្រ្តីជំនាញផ្នែកពន្លត់អគ្គិភ័យ ហើយករណីមានអគ្គិភ័យឆេះរោងចក្រ គឺបណ្តាលមកពីការធ្វេសប្រហែសរបស់អ្នកគ្រប់គ្រងរោងចក្រ»។
លោក ប៉ាវ ស៊ីណា បន្ថែមថា ដើម្បីឱ្យសេចក្តីណែនាំនេះដាក់ចេញទៅមានប្រសិទ្ធភាព គណៈកម្មការទប់ស្កាត់និងបង្ការគ្រោះអគ្គិភ័យ ត្រូវចុះត្រួតពិនិត្យនិងតាមដានឱ្យបានដិតដល់ចំពោះភាគីរោងចក្រសហគ្រាស។
សូមរំឭកដែរថា ក្រសួងការងារ កាលពីថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៤ បានចេញសេចក្តីណែនាំ ក្រើនរំឭកដល់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានទាំងអស់ ត្រូវចូលរួមពង្រឹងការអនុវត្តនូវវិធានការ បង្ការអគ្គិភ័យ និងវិធានការសុវត្ថិភាពនិងសុខភាពការងាររបស់កម្មករនិយោជិត សំដៅធានាឱ្យបាននូវបរិយាកាស នៅកន្លែងធ្វើការប្រកបដោយសុវត្ថិភាព ទប់ស្កាត់បាននូវគ្រោះអគ្គិភ័យ និងករណីដួលសន្លប់នៅតាមសហគ្រាស។
សេចក្តីណែនាំបានព្រមានថា៖ «ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន ដែលមានការធ្វេសប្រហែស និងមិនបានអនុវត្តតាមសេចក្ដីណែនាំនេះ បណ្តាលឱ្យប៉ះពាល់ដល់អាយុជីវិត ទ្រព្យសម្បត្តិ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ត្រូវទទួលរងពិន័យតាមច្បាប់ស្តីពីការងារ និងការផ្តន្ទាទោសព្រហ្មទណ្ឌផ្សេងទៀតស្របតាមមាត្រា៣០ នៃច្បាប់ស្តីពីការបង្ការ និងពន្លត់អគ្គិភ័យ និងច្បាប់ពាក់ព័ន្ធដទៃទៀត»។
របាយការណ៍របស់នាយកដ្ឋានបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ហាញថា ក្នុងឆ្នាំ ២០២៣ មានគ្រោះអគ្គភ័យកើតឡើងសរុបចំនួន ៧៦១ លើក កើនឡើងលើសឆ្នាំ ២០២២ ចំនួន ១៤៣ លើក។ ក្នុងនោះបណ្តាលឱ្យជនរងគ្រោះចំនួន ៥៤ នាក់បានស្លាប់ និង៩៧ នាក់ផ្សេងទៀតរងរបួស ខណៈខ្នងផ្ទះចំនួន ៥៧៩ និងតូបចំនួន ៥៧ ត្រូវបានបំផ្លាញដោយសារអគ្គិភ័យ៕