ភ្នំពេញៈ សមាគម Korean Senior Citizens Association of Cambodia (KSCAC) រួមនឹងក្រុមហ៊ុនដៃគូសហការកូរ៉េ ចង់វិនិយោគផលិតផលកសិកម្ម ដែលមានសក្តានុពលចំនួន ៧ មុខរបស់កម្ពុជាសម្រាប់នាំចេញទៅកូរ៉េនិងចិន ខណៈដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ណែនាំឱ្យសមាគមបន្តការសិក្សានិងវិភាគសេដ្ឋកិច្ចលើដំណាំកសិកម្មទាំងនេះឱ្យបានច្បាស់លាស់ ដើម្បីឱ្យការវិនិយោគប្រកបដោយភាពជោគជ័យ។
ដំណាំទាំង ៧ មុខ ដែលខាងសមាគម KSCAC រួមនឹងក្រុមហ៊ុនដៃគូសហការកូរ៉េចង់បោះទុនវិនិយោគនោះរួមមាន ម្រេច ស្វាយសម្ងួត ចេកឆាប ប្រេងល្ង ផលិតផលវារីវប្បកម្ម ដើមគសម្រាប់កែច្នៃ និងដើមកៅស៊ូកែច្នៃជាដើម។
នៅឯកិច្ចពិភាក្សាការងាររវាងលោកប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្មនិងលោក Kim Moon Baik អនុប្រធានសមាគម Korean Senior Citizens Association of Cambodia(KSCAC) និងក្រុមហ៊ុនកូរ៉េមួយចំនួនទៀត ភាគីទាំង ២ បានពិភាក្សាគ្នាយ៉ាស៊ីជម្រៅលើវិនិយោគលើដំណាំសក្តានុពលទាំង ៧ មុខនេះ ជាពិសេសលើប្រភេទដំណាំងល្ង។ នេះបើយោងតាមការផ្សព្វផ្សាយរបស់ក្រសួងកសិកម្មនៅថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៤។
ប្រភពដដែលបានឱ្យដឹងថា ក្នុងជំនួបនោះ លោក Kim Moon Baik បានលើកឡើងថា ខាងភាគីក្រុមហ៊ុនបានចាប់អារម្មណ៍លើផលិតផលសក្តានុពលរបស់កម្ពុជា មានដូចជា ម្រេច ស្វាយសម្ងួត ចេកឆាប ល្ង (ប្រេងល្ង) វារីវប្បកម្ម ដើមគកែច្នៃ និងដើមកៅស៊ូកែច្នៃជាដើម។
ជាមួយគ្នានេះលោកក៏បានកោតសរសើរពីផលិតផលកសិកម្មកម្ពុជាផងដែរថា៖«ផលិតផលកសិកម្មកម្ពុជា ជាផលិតផលដែលមានគុណភាពខ្ពស់រសជាតិឆ្ងាញ់ ធ្វើឱ្យប្រជាជនកូរ៉េចូលចិត្តបរិភោគ។ដោយមើលឃើញពីសក្តានុពលវិនិយោគទាំងនេះហើយទើបក្រុមហ៊ុនមានបំណងមិនត្រឹមតែចង់នាំចូលទៅកាន់ទីផ្សារកូរ៉េប៉ុណ្ណោះទេថែមទាំងចង់ពង្រីកការនាំចូលផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារជប៉ុន និងទីផ្សារចិនផងដែរ»។
ចំណែកលោក ប្រាក់ ដាវីដ ក៏បានស្វាគមន៍និងរីករាយដែលក្រុមហ៊ុនកូរ៉េចង់ស្វែងយល់ពីសក្តានុពលផលិតផលកសិកម្មកម្ពុជាដោយទទួលនូវអនុសាសន៍ណែនាំពីក្រសួងកសិកម្មធ្វើយ៉ាងណាឱ្យការវិនិយោគនេះស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនិងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លោកបានបន្ថែមថា៖ «ខាងក្រសួងកសិកម្មពិតជាអរគុណដល់ក្រុមហ៊ុនកូរ៉េដែលបានមើលឃើញពីសក្តានុពលនៃដំណាំកសិកម្ម របស់កម្ពុជាសម្រាប់កែច្នៃនិងនាំចេញដែលអាចទទួលបាននូវអត្ថប្រយោជន៍ជាច្រើនក្រោមក្របខ័ណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ កម្ពុជា-ចិន និងពិសេសកិច្ចព្រមព្រៀង RCEP»។
ទោះជាយ៉ាងណា លោករដ្ឋលេខាធិការក៏បានណែនាំឱ្យក្រុមហ៊ុនបន្តការសិក្សា និងវិភាគសេដ្ឋកិច្ចលើដំណាំកសិកម្មមួយចំនួន ជាពិសេសដំណាំល្ង។ លោកប្រាក់ ដាវីដ បានបញ្ជាក់ថា៖«បន្ទាប់ពីធ្វើការសាកល្បង ប្រសិនបើជោគជ័យនិងមានផលចំណេញសេដ្ឋកិច្ចខ្ពស់ជាងដំណាំផ្សេងៗនោះក្រសួងកសិកម្ម នឹងបន្តធ្វើការសម្របសម្រួលបន្ថែមឱ្យគម្រោងនេះអាចផ្សារភ្ជាប់ជាមួយសហគមន៍កសិកម្មបែបថ្មីនៅកម្ពុជា។ក្រសួងក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុនក្នុងការស្វែងរកដៃគូដែលមានដីសមស្របដើម្បីអភិវឌ្ឍគម្រោងកសិកម្មរបស់ខ្លួននៅកម្ពុជា»។
លោកហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុនឡុងម៉េតនិងត្រូពិកខេម ដែលដាំដុះ និងនាំចេញផលិតផលកសិកម្មកម្ពុជាបានប្រាប់នៅថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៤ ដោយលោកបានបង្ហាញពីការយល់ឃើញថា កម្ពុជា ពិតជាត្រូវការការវិនិយោគច្រើនពីសំណាក់វិស័យឯកជន ទាំងក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនបរទេសលើវិស័យកសិកម្មដែលជាវិស័យស្នូលមួយរបស់កម្ពុជា។
លោកបានបន្តថា បញ្ហាប្រែប្រួលអាកាសធាតុនឹងធ្វើឱ្យមានបញ្ហាសន្តិសុខស្បៀងជាហេតុធ្វើឱ្យផលិតផលកសិកម្មកាន់តែមានតម្លៃនៅលើទីផ្សារ ដូច្នេះការវិនិយោគវិស័យកសិកម្មពិតជាមានសក្តានុពលនាពេលអនាគត។ ប៉ុន្តែវិស័យកសិកម្មនេះក៏ប្រឈមណាស់ដែរ ចំពោះការប្រែប្រួលអាកាសធាតុដែលធ្វើឱ្យការចំណាយលើវត្ថុធាតុដើមកសិកម្មកាន់តែច្រើន។
លោកហ៊ុន ឡាក់ បានបញ្ជាក់ថា៖ «វារឿងវិជ្ជមានហើយ ប្រសិនបើមានក្រុមហ៊ុនកូរ៉េ គេចាប់អារម្មណ៍ក្នុងការវិនិយោគមែននោះ។តែយើងក៏ចង់ឱ្យអ្នកវិនិយោគគិតគូរឱ្យបានហ្មត់ចត់លើការបន្ថែមបច្ចេកវិទ្យាទំនើបក្នុងវិស័យកសិកម្ម ជាពិសេសផលិតផលដែលគ្រោងនឹងវិនិយោគ ដើម្បីធ្វើយ៉ាងណាកាត់បន្ថយសមាសភាពចង្រៃ ដែលប៉ះពាល់ដល់ដំណាំ»។
យោងតាមរបាយការណ៍ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបង្ហាញថា នៅក្នុងឆ្នាំ ២០២៣ ការដាំដុះដំណាំសាកវប្បកម្មអនុវត្តបានចំនួន ១៩ ០៨៨ ហិកតា ស្មើនឹង៥៣,៤០ ភាគរយនៃផែនការចំនួន ៣៥ ៧៤៤ ហិកតា លើសឆ្នាំ ២០២២ ចំនួន ៣ ៥៧០ ហិកតា និងដំណាំឧស្សាហកម្មអនុវត្តបានចំនួន ៦២ ៤៧៤ ហិកតាស្មើនឹង ៥៦,៥១ ភាគរយនៃផែនការចំនួន ១១០ ៥៥៧ ហិកតា លើសឆ្នាំ ២០២២ ចំនួន ៤ ២៧៥ ហិកតា។
របាយការណ៍ដដែលបន្តថា នៅក្នុងឆ្នាំ ២០២៣ ការប៉ាន់ស្មានតម្លៃគិតជាទឹកប្រាក់ដែលទទួលបានពីការនាំចេញកសិផល (ឯកតាតម្លៃផ្អែកតាមវិក្កយបត្ររបស់អ្នកនាំចេញ) មានចំនួន ៤ ៣០៦ លានដុល្លារ។ក្នុងនោះតម្លៃនៃការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន ២៧៩៩ លានដុល្លារ៕