​ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​នៃ​អាជ្ញា​ធរ​មីន​នៃ​កម្ពុជា បាន​ដឹកនាំ​គណៈ​ប្រតិភូ​ចូលរួម​ប្រជុំ​ដើម្បី​ត្រៀម​រៀបចំ​កិច្ចប្រជុំ​កំពូល​សៀមរាបអង្គរ​ស្តីពី​ពិភពលោក​មួយ​ដែល​គ្មាន​មីន​នៃ​អនុសញ្ញា​អូ​តា​វ៉ា និង​ការរៀបចំ​សេចក្តីថ្លែងការណ៍ និង​ផែនការ​សកម្មភាព​សៀមរាប​​អង្គរ​ផងដែរ​។​

​ជាមួយគ្នា​នោះ គណៈប្រតិភូ​នៃ​អាជ្ញាធរ​មីន​ដែល​ដឹកនាំ​ដោយ​លោក​ទេសរដ្ឋមន្ត្រី លី ធុជ អនុ​ប្រធាន​ទី​​១​​ អាជ្ញាធរ​មីន ក៏បាន​ជួប​ជាមួយនឹង​មន្ត្រីជាន់ខ្ពស់​នៃ​បណ្តា​ប្រទេស​ពាក់ព័ន្ធ​មួយចំនួន​ផងដែរ​កៀរគរ​ការគាំទ្រ និង​ចូល​​រួមជាមួយ​កម្ពុជា​ដើម្បីឱ្យ​កម្ពុជា​ទទួលបាន​ជោគជ័យ​ក្នុង​ភាពជា​ប្រធាន និង​ម្ចាស់ផ្ទះ​រៀបចំ​កិច្ច​​ប្រជុំ​ត្រួត​ពិនិត្យឡើងវិញ​លើក​ទី​៥ នៃ​អនុសញ្ញា​អូ​តា​វ៉ា​។​

​លោក លី ធុជ ក្នុងនាម​កម្ពុជា​ជា​ប្រធាន​នៃ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ឡើងវិញ​លើក​ទី​៥ នៃ​អនុសញ្ញា​​អូ​តា​វ៉ា បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈ​កម្ម​ការ​នានា​នៃ​អនុសញ្ញា​អូ​តា​វ៉ា នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វ៊ី​ស ចាប់ពី​ថ្ងៃទី​ ២២-២៧ ខែមករា ឆ្នាំ​ ២០២៤​។​

​លោក លី ធុជ បាន​ដឹកនាំ​កិច្ច​ប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​តំណាង​ប្រទេស​ដែលជា​សមាជិក​គណៈ​កម្ម​ការ​ទាំង ​៥ នៃ​អនុសញ្ញា​អូ​តា​វ៉ា ដៃគូ​សំខាន់ៗ តំណាង​អង្គការ​អន្តរ​​ជាតិ និង​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន​ផងដែរ ក្នុងនោះ​មាន​៖ តួ​ក​គី អង់​គ្លេ​ស អ៊ី​តា​លី ហូ​ឡង់ ម៉ិ​ក​ស៊ិ​ក អូទ្រីស នូ​វែ​ល​សេ​ឡង់ បារាំង កាណាដា ស្វ៊ី​ស ជប៉ុន អាល្លឺម៉ង់ ថៃ ស៊ុយអែត អូស្ត្រាលី សហភាព​អឺរ៉ុប រួម​នឹង​បណ្តា​អង្គការ​មួយចំនួន ដែល​គាំទ្រ​ការអនុវត្ត​អនុសញ្ញា​អូ​តា​វ៉ា ​(ISU)​។​

​ក្នុង​ដំណើរ​បំពេញការងារ​នោះដែរ លោក លី ធុជ ក៏បាន​ជួបប្រជុំ​ទ្វេភាគី​ជាមួយ លោក ​JullienThoni ឯកអគ្គរដ្ឋទូត និង​តំណាង​អចិ​ន្រៃ្ត​យ៍​ប្រទេស​ស្វ៊ី​ស​ប្រចាំ​នៅ​អង្គការសហ ប្រជាជាតិ នៅ​ទីក្រុង​ហ្សឺ​ណែវ​ផងដែរ​។​

​យោងតាម​អាជ្ញាធរ​មីន លោក JullienThoni បាន​អបអរសាទរ និង​កោតសរសើរ​ចំពោះ​ភាពជា​ប្រធាន ការប្តេជ្ញាចិត្ត និង​ការ​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​ក្នុងនាម​ជា​ប្រធាន​អនុសញ្ញា​អូ​តា​វ៉ា​ឆ្នាំ ​២០២៤ ព្រមទាំង​បាន​សន្យា​ផ្តល់​កិច្ចសហការ គាំទ្រ និង​ចូលរួម​ជាមួយ​កម្ពុជា​ឱ្យទទួល​បាន​ជោគជ័យ​ទៅតាម​គោលដៅ​ដែល​រំពឹងទុក​។​

​ប្រភព​ដដែល​បាន​បន្តថា ប្រទេស​ស្វ៊ី​ស​ក៏បាន​សន្យា​បង្កើន​កញ្ចប់​ថវិកា​បន្ថែ​ម​សម្រាប់​សកម្មភាព និង​បេសកកម្ម​របស់​កម្ពុជា ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​ត្រួត​ពិនិត្យឡើងវិញ​លើក​ទី​៥ នៃ​អនុ​សញ្ញា​នៅ​កម្ពុជា និង​គាំទ្រ​ដល់​កិច្ចប្រជុំ​នានា​នៅ​ទីក្រុង​ហ្សឺ​ណែវ ក្នុង​ខែមិថុនា ឆ្នាំ​ ២០២៤​។​

​ចំ​ណែ​ក្នុងជំនួប​ជាមួយនឹង​លោក Marc Pecsteen de Buytswerve ឯកអគ្គរដ្ឋទូត និង​តំណាង​អចិ​ន្រៃ្ត​យ៍​ប្រទេស​បែ​ល​​ហ្ស៊ិ​ក​ប្រចាំ​នៅ​អង្គការ​សហ​ប្រជា​ជាតិ​លោក លី ធុជ ក៏បាន​យាង​អញ្ជើញ​អ្នកអង្គម្ចាស់​នៃ​ប្រទេស​​បែលហ្ស៊ិក ដែលជា​ប្រេសិត​ពិសេស នៃ​អនុសញ្ញា​អូ​តា​វ៉ា ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​សៀមរាប​អង្គរ ស្តីពី​ពិភពលោក​មួយ​ដែល​គ្មាន​មីន ក្នុង​ខែវិច្ឆិកា ឆ្នាំ ២០២៤ ខាងមុខ​ផងដែរ​។​

​នាឱកាស​នោះដែរ លោក Marc Pecsteen បាន​សន្យា​ផ្តល់​កិច្ចសហការ និង​គាំទ្រ កម្ពុជា​ឱ្យទទួល​បាន​ជោគជ័យ​ទៅតាម​គោលដៅ​ដែល​រំពឹងទុក ហើយ​លោក​ក៏បាន​សន្យា​នឹង​ជួយ​សិក្សា​ប្រមូល​ព័ត៌មាន​ពី​ជំហរ លក្ខខណ្ឌ​នានា និង​ស្ថាប័ន​សម្រេចចិត្ត​នៃ​ប្រទេស​មិនទាន់​ក្លាយជា​រដ្ឋ​ភាគី​នៃ​អនុសញ្ញា អូ​តា​វ៉ា ឱ្យបាន​ចូលរួម​ជា​រដ្ឋ​ភាគី​នៃ​អនុសញ្ញា ក្នុងខណៈពេល​កម្ពុជា​ជា​ប្រធាន និង​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​។​​

ក្នុងឱកាស​បាន​ជួបពិភាក្សា​ការងារ​ជាមួយនឹង​លោក ​Latsamy Keomany​ ឯកអគ្គរដ្ឋទូត និង​តំណាង​អចិ​ន្រៃ្ត​យ៍​ប្រទេស​ឡាវ​ប្រចាំ​នៅ​អង្គការ​សហ​ប្រជា​​ជាតិ​ដែរនោះ លោក លី ធុជ ក៏បាន​ស្នើ​ដល់​ភាគី​ឡាវ​ពិចារណា​ចូលរួម​គាំទ្រ និង​ចូលរួម​ជា​រដ្ឋ​ភាគី​អនុសញ្ញា​អូ​តា​វ៉ា​។​

​លោក លី ធុជ បាន​ថ្លែងថា៖ «​កម្ពុជា​ក្នុងនាម​ជា​ប្រធាន​អនុ​សញ្ញា​អូ​តា​វ៉ា​ឆ្នាំ​ ២០២៤ បាន​ខិតខំ​ស្វែងរក​កិច្ច​សហប្រតិបត្តិ​​ការ និង​ជំនួយ​ពី​ដៃគូ​អភិវឌ្ឍន៍ និង​ម្ចាស់ជំនួយ​នានា ដើម្បី​គាំទ្រ​ដល់​សកម្មភាព​បោសសម្អាត​មីន​របស់​ប្រទេស​ឡាវ​»​។​

​លោក​បាន​បន្តថា​៖ «​យើង​សូម​ស្នើឱ្យ​ភាគី​ឡាវ​ពិចារណា​ចូលរួម​ជា​រដ្ឋ​ភាគី​អនុសញ្ញា​អូ​តា​វ៉ា ហើយ​កម្ពុជា​នឹង​ប្តេជ្ញា​គាំទ្រ​ដល់​ភាគី​ឡាវ​ឱ្យ​អស់ពី​លទ្ធភាព ក្នុងការ​បោសសម្អាត​មីន និង​អនុវត្តតាម​បទដ្ឋាន​របស់​អនុសញ្ញា​អូ​តា​វ៉ា​»​។

​លោក​ Latsamy Keomany​ បាន​មានប្រសាសន៍​ដែរ​ថា​៖ «​ទោះបី​ឡាវ​មិនមែនជា​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​អូ​តា​វ៉ា ឡាវ​បាន​ចូលរួម​គាំទ្រ​ការអនុវត្តន៍​បទដ្ឋាន និង​សកម្មភាព​នានា​របស់​អនុសញ្ញា ហើយ​ឡាវ​ក៏បាន​ត្រៀមខ្លួន​ជា​ស្រេច​ក្នុង​ការចូលរួម​កិច្ចប្រជុំ​ត្រួតពិនិត្យ​ឡើងវិញ​លើក​ទី​ ៥ នៃ​អនុសញ្ញា​អូ​តា​វ៉ា ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​កម្ពុជា នៅពេល​ដ៏​ខ្លី​ខាងមុខ​នេះដែរ​»​។​

​លោក​បាន​បន្តទៀតថា ឡាវ​នឹង​ពិចារណា​លើ​សំណើ​របស់​កម្ពុជា ពាក់ព័ន្ធ​នឹង​ការចូលរួម​ជា​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​អូ​តា​វ៉ា​របស់​ឡាវ​។​ទាក់ទង​នឹង​ការ​បោសសម្អាត​មីន​នេះដែរ ថ្នាក់ដឹកនាំ​នៃ​អាជ្ញា​ធរ​មីន​កម្ពុជា ក៏បាន​សន្យា​ផ្តល់​ការគាំទ្រ​បច្ចេកទេស ចំណេះដឹង និង​ជំនាញ​ដល់​ប្រទេស​ម៉ុង​ហ្គោ​លី លើ​ការងារ​បោសសម្អាត​មីន និង​គាំទ្រ​ដល់​ម៉ុង​ហ្គោ​លី​អនុវត្ត​
​បទដ្ឋាន​របស់​អនុសញ្ញា​អូ​តា​វ៉ា​ផងដែរ​។​

​ក្នុង​ដំណើរ​បំពេញការងារ​ដ៏​សំខាន់​មួយ​នេះដែរ លោក លី ធុជ បាន​ជួបប្រជុំ​ទ្វេភាគី ជាមួយ​លោកស្រី ​Davaasuren Gerelmaa ឯកអគ្គរដ្ឋទូត និង​តំណាង​អចិ​ន្រៃ្ត​យ៍​ប្រទេស​ម៉ុង​ហ្គោ​លី ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វ៊ី​ស ក្នុង​គោលបំណង​ស្នើ​ដល់​ភាគី​ម៉ុង​ហ្គោ​លី ចូលរួម​ជា​រដ្ឋ​ភាគី​អនុសញ្ញា​អូ​តា​វ៉ា​។​

​ប្រទេស​ម៉ុង​ហ្គោ​លី ធ្លាប់បាន​ប្តេជ្ញាចិត្ត​ចូលរួម​ជា​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​អូ​តា​វ៉ា ក៏ប៉ុន្តែ​ដោយសារ​កត្តា​មួយចំនួន ដែល​ក្នុងនោះ​រួម​បញ្ចូល​ទាំង​កង្វះ​ថវិកា​ផងដែរ បានធ្វើឱ្យ​ម៉ុង​ហ្គោ​លី​មិនទាន់មាន​លទ្ធភាព​ចូលរួម​ជា​រដ្ឋ​ភាគី​បាន​។​

​លោក លី ធុជ បានបង្ហាញ​ពី​ឆន្ទៈ​របស់​កម្ពុជា​ក្នុងការ​កៀរគរ​ជំនួយ និង​ផ្តល់​ជា​ជំនួយ​បច្ចេក​ទេស ចំណេះដឹង និង​ជំនាញ ដើម្បី​គាំទ្រ​ដល់​ម៉ុង​ហ្គោ​លី​បោស​​សម្អាត​មីន​ប្រឆាំង​មនុស្ស និង​គាំទ្រ​ដល់​ម៉ុង​ហ្គោ​លី​អនុ​វត្តបទ​ដ្ឋា​ន​របស់​អនុសញ្ញា​អូ​តា​វ៉ា​។

​លោកស្រី DavaasurenGerelmaa បាន​ថ្លែង​ដោយ​កោតសរសើរ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា​ក្នុងនាម​ជា​ប្រធាន ហើយ​លោកស្រី​ក៏បាន​សន្យា​លើកសំណើ​របស់​ប្រទេស​កម្ពុជា​បន្តទៅ​កាន់​រដ្ឋា​ភិ​បាល​ម៉ុង​ហ្គោ​លី​ដើម្បី​ពិចារណា និង​ស្នើ​ឱ្យមាន​កិច្ចពិភាក្សា​បន្ត​រវាង​ក​ម្ពុ​ជា និង​ស្ថាប័ន​សំខាន់ៗ​មួយចំនួន​របស់​ប្រទេស​ម៉ុង​ហ្គោ​លី​៕