​សៀមរាបៈ ក្រសួង​សុខា​ភិ​បាលបាន​រកឃើញ​ករណី​ជំងឺផ្តាសាយបក្សី​ប្រភេទ H5N1 លើ​បុរស​អាយុ​ ៦៩​​ ឆាំ្ន ១ ​រូប​ទៀត​ក្នុង​ខេត្តសៀមរាប ដែល​នេះ​ជា​ករណី​ទី២ ​សម្រាប់​ដើម​​ឆ្នាំ ២០២៤​ នេះ បន្ទាប់ពី​ក្រសួង​បាន​រកឃើញ​ករណី​ដូចគ្នានេះ កើត​លើ​ក្មេងប្រុស​អាយុ​ ៣ ​ឆ្នាំ​ ម្នា​ក់នៅ​ខេត្តព្រៃវែង​ កាលពី​ថ្ងៃទី ​២៥ ខែមករា​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខា​ភិ​​បាល នៅ​ថ្ងៃទី​ ២៨ ខែមករា បានឱ្យដឹងថា ក្រសួង​បាន​រកឃើញ​ជំងឺផ្តាសាយបក្សី ចំនួន​ ១​ ករណី​ទៀត កើត​លើ​បុរស​​អាយុ ​៦៩​ ឆ្នាំ​ម្នាក់ និង​ត្រូវបាន​បញ្ជាក់ថា វិជ្ជមាន​វីរុស​ផ្តាសាយ​បក្សី ប្រភេទ H5N1 ពី​វិទ្យាស្ថានជាតិ​សុខភាព​សាធារណៈ នៅ​ថ្ងៃទី​ ២៧ ខែមករា ក្នុងភូមិ​តា​​ប្រុយ ឃុំ​ព្រៃ​ជ្រូក ស្រុក​ពួក​ខេត្តសៀមរាប​។

​ក្រសួងសុខាភិបាល​បញ្ជា​ក់ថា បច្ចុប្បន្ន​អ្នកជំងឺ​ទទួលបាន​ការថែទាំ​យ៉ាង​យកចិត្តទុកដាក់​ពី​សំណាក់​ក្រុមគ្រូពេទ្យ​។ តាម​ការសាកសួរ​បង្ហា​ញ​ថា នៅផ្ទះ​អ្នកជំងឺ មាន​ចិញ្ចឹម​មាន់​ប្រហែល​ពី​ ៥០ ទៅ ​៦០ ​ក្បាល និង​មាន​មាន់​ងាប់​ជា​បន្តបន្ទាប់​ប្រហែល ២ ​សប្តាហ៍​មកហើយ​។​

​ក្រុម​ឆ្លើយតប​បន្ទាន់​របស់​ក្រសួងសុខាភិបាល​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ បាន​និង​កំពុង​សហការ ជាមួយ​ក្រុម​ការងារ​នៃ​ក្រសួងកសិកម្ម និង​ក្រសួងបរិស្ថាន អាជ្ញាធរ​មូល​ដ្ឋា​ន​គ្រប់លំដាប់​ថ្នាក់ កំពុង​ធ្វើ​ការអង្កេត​ស្រាវជ្រាវ​យ៉ាងសកម្ម​លើ​ការកើតឡើង​នៃ​ជំងឺ​ផ្ដាសាយ​បក្សី និង​ធ្វើការ​ឆ្លើយតប​ទៅតាម​វិធីសាស្ត្រ និង​ពិធីសារ​បច្ចេក​ទេស​។ 

​ក្រសួង​បាន​បញ្ជាក់ថា​៖ «​ក្រុមការងារ​កំពុង​បន្ត​ការ​​ស្វែងរក​ប្រភព​ចម្លង ទាំង​លើស​ត្វ និង​មនុស្ស និង​បន្ត​ស្វែងរក​ករណី​សង្ស័យ និង​អ្នក​ប៉ះពាល់​ដើម្បី​ទប់ស្កាត់​ការឆ្លង​បន្តទៅ​អ្នក​ដទៃទៀត ក្នុង​សហគមន៍​ព្រមទាំង​ចែកជូន​ឱសថ​តា​មី​ស្លូ ​(Tamiflu)​ ដល់​អ្នក​ប៉ះពាល់​ជិតស្និទ្ធ និង​ធ្វើ​យុទ្ធនា​ការអប់រំ​សុខភាព​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ដែល​កើត​ហេតុនេះ​»​។​

​ជាមួយគ្នានេះដែរ ក្រសួង​សុខាភិបាល ក៏បាន​ក្រើនរំឭក​សាជាថ្មី​ម្តងទៀត ដល់​ប្រជា​​ពលរដ្ឋ​ទាំងអស់​ត្រូវយក​ចិត្ត​ទុក​​ដាក់​ប្រុងប្រយ័ត្ន​លើ​ជំងឺ​ផ្តាសាយ​​បក្សី​ជានិច្ច ពីព្រោះ​ជំងឺ​ផ្តាសាយ​បក្សី H5N1 នៅតែ​បន្ត​គំរាម​​កំហែង​ដល់​សុខភាព​ប្រជាពលរដ្ឋ​។ ក្រសួងសុខាភិបាល​ក៏បាន​អំពាវនាវ​ផងដែរ​ដល់​ប្រជា​ពល​​រដ្ឋ​ត្រូវ​ស្វែងរក​ការពិគ្រោះ​យោ​ប​ល់ និង​ការពិនិត្យ​ព្យាបាល​នៅតាម​មូលដ្ឋាន​សុខាភិបាល​ដែល​នៅ​ជិត​បំផុត ឱ្យបាន​ឆាប់​ទាន់​ពេលវេលា ប្រសិនបើ​មាន​អាការ​ក្តៅខ្លួន ក្អក ហៀរ​សំបោរ ឬ​ពិបាក​ដកដង្ហើម និង​មាន​ប្រវត្តិ​ធ្លាប់បាន​ប៉ះពាល់​ជាមួយ​មាន់​ទា​ឈឺ ឬ​ស្លាប់​ក្នុងអំឡុង​ ១៤ ​ថ្ងៃ មុន​ថ្ងៃ​ចាប់ផ្តើម​មាន​រោគសញ្ញា​។​

​សូម​រំឭក​ដែរ​ថា កាលពី​ថ្ងៃទី​ ២៥ ខែមករា ក្មេងប្រុស​អាយុ​ ៣ ​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​តា​ប្រុយ ឃុំ​ព្រែក​ពោន ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង មាន​វិជ្ជមាន​វីរុស​ផ្តាសាយ​បក្សី ប្រភេទ H5N1 បន្ទាប់ពី​ប្រហែល​ ១០ ​ថ្ងៃមុន មាន​មាន់​​ទា​ងាប់​នៅក្នុង​ភូមិ និង​នៅ​ជុំវិញ​ផ្ទះ​អ្នកជំងឺ​រូបនេះ​។​

​កាលពីដើម​ខែតុលា ឆ្នាំ ​២០២៣ ជំងឺផ្តាសាយបក្សី បានសម្លាប់​ក្មេងស្រី​ម្នាក់​អាយុ​ ២ ឆ្នាំ នៅ​ខេត្ត​​ព្រៃវែង និង​រកឃើញ​មាន​អ្នកជំងឺ​អាយុ ​៥០​ ឆ្នាំ​ម្នា​ក់មាន​វិជ្ជមាន​វីរុស​ផ្តាសាយ​បក្សី ប្រភេទ H5-N1 នៅក្នុង​ភូមិ ម្រាក់​ទាប ឃុំ​ត្រស់ ស្រុក​រមាសហែក ខេត្តស្វាយរៀង​។

​នៅ​ថ្ងៃទី​ ២៣ ខែវិច្ឆិកា ឆ្នាំ​ ២០២៣ ក្រសួង​ក៏បាន​ប្រកាស​រកឃើញ​ជំងឺ​ផ្តាសាយ​បក្ស​នេះ​កើត​លើ​ស្ត្រី​អាយុ​ ២១​ ឆ្នាំ ដែលមាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​ឫស្សី ឃុំ​ដំណាក់​សុ​ក្រំ ស្រុក​ដងទង់ ខេត្តកំពត​។ យោងតាម​នាយក​ដ្ឋា​ន​ជំងឺឆ្លង​បានឱ្យដឹងថា ចាប់​​តាំងពី​ឆ្នាំ​ ២០០៤ រហូតដល់​ដើម​​ឆ្នាំ​ ២០២៤ កម្ពុជា​រកឃើញ​អ្នក​​ឆ្លង​ជំងឺផ្តាសាយបក្សី H5N1 ជិត​ ៦០​ ករណី និង​បានធ្វើ​ឱ្យមាន​មនុស្ស​ស្លាប់​សរុប ៣៨​ នាក់​។​

​ជំងឺផ្តាសាយបក្សី H5N1 គឺជា​ប្រភេទ​ជំងឺ​ដែល​ឆ្លង​ពីស​ត្វ​បក្សី​ឈឺ​ទៅ​សត្វ​បក្សី​ផ្សេងទៀត និង​អាច​ឆ្លង​ពី​បក្សី​ឈឺ​ទៅ​មនុស្ស​តាមរយៈ​ការប៉ះពាល់​សត្វ​ដែល​ឈឺ ឬ​ងាប់​នោះ​៕