​កែប​/​កំ​ពតៈ ទីក្រុង​ឆ្នេរសមុទ្រ​របស់​កម្ពុជា​ចំនួន ​២ រួមមាន ក្រុងកែប និង​ក្រុង​កំពត បានទទួល​ពានរង្វាន់​ទីក្រុង​ទេស​ចរណ៍​ស្អាត​អាស៊ាន​លើក​ទី​៤ ដែលមាន​សុពលភាព​ពី​ឆ្នាំ ​២០២៤ ​ដល់​ឆ្នាំ​ ២០២៦ ក្នុង​វេទិកា​ទេសចរណ៍​អាស៊ាន​ឆ្នាំ​ ២០២៤​ នេះ ដែល​ត្រូវបាន​ធ្វើឡើង​នៅ​ប្រទេស​ឡាវ​។​

​វេទិកា​ឆ្នាំនេះ​បានរៀបចំ​ឡើង​ក្រោម​ប្រធានបទ «​អាស៊ាន​ប្រកប​ដោយ​គុណភាព និង​ការទទួលខុសត្រូវ​៖​ ធានា​និរន្តរភាព​នៃ​អនាគត​អាស៊ាន​» នៅ​ទីក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ​ដោយមាន​ការចូល​​រួម​ពី​ថ្នាក់ដឹកនាំ​ក្រសួងទេសចរណ៍ មកពី​ប្រទេស​សមាជិក​អាស៊ាន ចិន ជប៉ុន សាធារណរដ្ឋ​កូរ៉េ ឥណ្ឌា ក៏ដូចជា​បណ្ដា​ប្រទេស​ផ្សេងទៀត និង​អង្គការ​ដៃគូ​មួយចំនួន កាល​​ពីថ្ងៃ​ទី ​២៦ ខែមករា ឆ្នាំ ​២០២៤​។​

​លោក សោម ពិសិដ្ឋ អភិបាលខេត្ត​កែប បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​ ២៨ ខែមករា ថា លទ្ធផល​នេះ កើតចេញពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​ថ្នាក់ដឹកនាំ​ខេត្ត​គ្រប់រូប អាជ្ញាធរ​មូល​ដ្ឋា​ន​គ្រប់លំដាប់​ថ្នាក់ ពិសេស​ការចូលរួមរ​បស់​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​។

លោក​បាន​បន្តថា ការទទួល​ពានរង្វាន់​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​នេះដែរ​កើតចេញពី​ការវាយតម្លៃ​ទៅលើ​ភាព​ស្អាត​ដោយ​ផ្អែកលើ​ផ្នែក​ជាច្រើន​រួមមាន​៖ បរិស្ថាន សន្តិសុខ សម្បទា​ទេសចរណ៍ បន្ទប់ទឹក​សាធារណៈ ក៏ដូចជា​មាន​កន្លែង​សម្រាប់​ចម្រោះ​ទឹក​កង្វក់ ហើយ​និង​មាន​កន្លែង​សម្រាប់​ទុកដាក់​សំណល់​រឹង​រាវ​ឱ្យបាន​ត្រឹមត្រូវ​ផងដែរ​។

​លោក សោម ពិសិដ្ឋ បានឱ្យដឹង​ទៀតថា​៖ «​ពានរង្វាន់​នេះ​គឺមាន​សារៈសំខាន់​ណាស់ សម្រាប់​ជា​ប្រយោជន៍​ដាស់​ស្មារតី សតិអារម្មណ៍​របស់​ប្រជាពលរដ្ឋ យុវជន ឱ្យចូល​រួម​ក្នុងការ​ថែរក្សា​អនាម័យ​បរិស្ថាន ដោយ​ផ្ដើមចេញពី​ការចូលរួម​ទាំងអស់គ្នា​»​។​

​លោក​បាន​ថ្លែងបន្តថា​៖ «​ក្នុងនាម​ជា​ថ្នាក់​ដឹកនាំ​ខេត្ត​ការទទួលបាន​ពានរង្វាន់​នេះ វា​ជា​កិត្តិយស​មួយ​របស់​ប្រទេសជាតិ សម្រាប់​បង្ហាញ​ឱ្យ​អន្តរជាតិ ជាពិសេស​ថ្នាក់​តំបន់ ក៏ដូចជា​អាស៊ាន បានដឹង​ពី​កម្ពុជា​យើង គឺមាន​កន្លែង​ស្អាត ទីក្រុង​ស្អាត​ជាច្រើន​»​។​

ទិដ្ឋភាពពី​ជ្រុង​​ ១ នៃក្រុង​កំពត​ នៅប្រប​សងខាងមាត់ស្ទឹងកំពត​​។ រូបថត រដ្ឋបាល​ខេត្ត​កំពត​

​ពានរង្វាន់​នេះដែរ នឹងធ្វើ​ឱ្យ​ខេត្ត​កែប​កាន់​​តែមាន​ការទទួលខុសត្រូវ ដើម្បី​ធានាឱ្យមាន​និរន្តរភាព​នៃ​អនាគត​អាស៊ាន ដែលមាន​ការ​ចូលរួម​ពី​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ក្នុង​តំបន់​អាស៊ាន និង​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​នៅក្នុង​តំបន់​អាស៊ី​បូព៌ា ក៏ដូចជា​ប្រទេស​ប៉ែក​ខាង​អឺរ៉ុប​មួយចំនួនទៀត​ផងដែរ​។ នេះ​បើតាម​លោក សោម ពិសិដ្ឋ​។​

​ជាមួយគ្នានេះ​យោងតាម​ហ្វេ​ស​ប៊ុ​ក​របស់​រដ្ឋបាល​ខេត្តកំពត ក៏បាន​ឱ្យដឹង​ដែរ​ថា ក្នុង​វេទិកា​ទេសចរណ៍​អាស៊ាន​ឆ្នាំ​ ២០២៤​ នេះ ក្រុង​កំពត ខេត្តកំពត​របស់​កម្ពុ​ជា​ក៏​ទទួលបាន​ពានរង្វាន់​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​លើក​ទី​ ៤ ​ដែលមាន​សុពលភាព​ឆ្នាំ​ ២០២៤-២០២៦​ ផងដែរ​។​

​សូមបញ្ជាក់ថា វេទិកា​ទេសចរណ៍​ស្អាត​អា​ស៊ាន​លើក​ទី​ ៣ ឆ្នាំ ​២០២២-២០២៤ កម្ពុ​ជាមាន​ទីក្រុង​ចំនួន ​៣ បាន​ជាប់​ពានរង្វាន់​ជាទី​ក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន រួមមាន​៖ ​ទីក្រុង​បាត់ដំបង ទីក្រុង​សៀមរាប និង​ទីក្រុង​ព្រះសីហនុ​។ 

​ពានរង្វាន់​ទេសចរណ៍​អាស៊ាន​នេះដែរ ត្រូវបាន​ប្រារព្ធ​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ ដោយ​ផ្តល់​កិត្តិយស​ដល់​តំបន់ និង​អង្គភាព​នានា​ជាមួយនឹង​ផលិតផល និង​សេវាកម្ម​ទេសចរណ៍​ដែលមាន​គុណភាព​ខ្ពស់​នៅក្នុង​វេទិកា​ទេសចរណ៍​អាស៊ាន​ជាមួយនឹង​ពានរង្វាន់​ស្តង់ដា​ទេសចរណ៍​អាស៊ាន រួមមាន​ពានរង្វាន់​ស​ណ្ឋា​គារ​បៃតង​អាស៊ាន ពានរង្វាន់​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន ពានរង្វាន់​ទីតាំង MICE អាស៊ាន និង​ពានរង្វាន់​និរន្តរភាព​ទេសចរណ៍​អាស៊ាន ​(Gastronomy)៕