អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានលើកឡើងថា តាមរយៈការតាមដានគុណភាពខ្យល់របស់ក្រសួងបរិស្ថានបានបង្ហាញថា អំឡុងពេល ១ ខែ កន្លងមកនេះ ប្រទេសកម្ពុជាមិនទាន់មានការកត់សម្គាល់ការធ្លាក់ចុះគុណភាពខ្យល់គួរឱ្យព្រួយបារម្ភនៅឡើយ។
លោកបានប្រាប់ឱ្យដឹងនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ថា កំហាប់ភាគល្អិតនិចល ដែលមានវិជ្ឈមាត្រតូចជាង ឬស្មើ ២,៥ មីក្រូម៉ែត្រ ឬហៅថា PM2.5 មានកំហាប់ចន្លោះពី ១៨,០៣ µg/m3 ទៅ ២១,៤៣ µg/m3 ទាបជាងស្តង់ដា ដែលក្រសួងបរិស្ថាន បានកំណត់គឺ ៥០ µg/m3 ជាមធ្យមក្នុងរយៈពេល ២៤ ម៉ោង។
លោកបានបញ្ជាក់ថា ៖ «គុណភាពខ្យល់នៅក្នុងប្រទេសកម្ពុជា នៅតាមបណ្ដារាជធានីខេត្ត គឺមានភាពល្អប្រសើរ ដោយការវាយតម្លៃគុណភាពខ្យល់របស់ក្រសួងបរិស្ថាន បានធ្វើឡើងដោយមានការពិនិត្យតាមដានដោយយកចិត្តទុកដាក់ ពីមន្ត្រីជំនាញ និងឧបករណ៍តាមដានត្រួតពិនិត្យគុណភាពខ្យល់សាធារណៈ ចំនួន ១៤ ទីតាំង នៅរាជធានីភ្នំពេញ និង៣៧ទីតាំង នៅតាមបណ្ដាខេត្ត»។
លោក ខ្វៃ អាទិត្យា បានបន្តថា ជាលទ្ធផលការរក្សាបាននូវសន្ទស្សន៍គុណភាពខ្យល់ (AQI) ល្អនិងល្អប្រសើរ នៅគ្រប់ទីតាំងទាំងអស់នេះ ដោយសារមានកិច្ចសហការពីអ្នកពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយនឹងវិធានការមួយចំនួន ដែលក្រសួងបានដាក់ចេញ។
លោកថា ៖ «ដើម្បីការពារ និងទប់ស្កាត់បញ្ហាការបំពុលខ្យល់នៅរាជធានីខេត្ត ខ្ញុំសូមស្នើឱ្យរដ្ឋបាលរាជធានីខេត្តទាំងអស់ បន្តជំរុញផ្សព្វផ្សាយការអនុវត្តសារាចរលេខ ០១ សរ របស់រាជរដ្ឋាភិបាល ស្តីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ ដល់រដ្ឋបាលក្រុង ស្រុកខណ្ឌឃុំសង្កាត់ និងប្រជាពលរដ្ឋ»។
មន្ត្រីនាំពាក្យក្រសួងបរិស្ថានដដែលនេះ បានបញ្ជាក់ទៀតថា អាជ្ញាធរត្រូវចាត់វិធានការមួយចំនួនផងដែរ ដោយអប់រំណែនាំប្រជាពលរដ្ឋកុំឱ្យដុតរានព្រៃ វាលស្មៅ ដុតប្លាស្ទិក សំណល់កសិកម្ម គល់ជញ្ជាំង សំរាម សំណល់រឹង ប្លាស្ទិក នៅលើទីវាល ឬទីចំហ។
លោកបានបន្តថា ត្រូវរួមគ្នាទប់ស្កាត់ការដុតរានព្រៃ ការដុតវាលស្មៅ ការដុតគល់ជញ្ជ្រាំង ការដុតសំណល់កសិកម្ម សំរាម ដុតសំណល់ប្លាស្ទិក និងការឆេះទីលានចាក់សំរាម និងទប់ស្កាត់ការហុយធូលីនៅការដ្ឋានសំណង់ និងការដឹកជញ្ជូនសម្ភារសំណង់។
លោក ខ្វៃ អាទិត្យា បានបន្ថែមថា ត្រូវនាំគ្នាធ្វើការសម្អាតធូលី និងធ្វើអនាម័យនៅតាមដងផ្លូវ និងទីសាធារណៈឱ្យបានជាប់ជាប្រចាំ។
កាលពីដើមខែមករា ឆ្នាំ២០២៤ កន្លងទៅនេះ ក្រសួងបរិស្ថានបានស្នើដល់អភិបាលរាជធានីខេត្តទាំង២៥ ឱ្យជំរុញការផ្សព្វផ្សាយការអនុវត្តសារាចររបស់រាជរដ្ឋាភិបាលដល់រដ្ឋបាលក្រុងស្រុកខណ្ឌ និងប្រជាពលរដ្ឋ ដើម្បីទប់ស្កាត់និងកាត់បន្ថយបញ្ហាបំពុលខ្យល់សាធារណៈ បន្ទាប់រកឃើញគុណភាពខ្យល់មានការធ្លាក់ចុះ។
ក្រសួងបរិស្ថានបានលើកឡើងថា ៖ «ជារៀងរាល់ឆ្នាំ នៅរដូវប្រាំងចាប់ពីខែធ្នូ ដល់ខែមេសា លទ្ធផលគុណភាពខ្យល់ដែលក្រសួងបរិស្ថានបានតាមដាននៅរាជធានីភ្នំពេញ និងបណ្តាខេត្តទូទាំងប្រទេស បានបង្ហាញថា ស្ថានភាពគុណភាពខ្យល់មានការធ្លាក់ចុះគួរឱ្យព្រួយបារម្ភ»។
សកម្មភាពសំខាន់ៗដែលបង្កឱ្យមានកំណើនកំហាប់ភាគល្អិតនិចលនេះ រួមមាន៖ ការបញ្ចេញផ្សែងពីរោងចក្រឧស្សាហ កម្ម យានយន្ត ភ្លើងឆេះព្រៃ ការដុតវាលស្មៅ ការដុតសំណល់កសិកម្ម ការដុតរានព្រៃ ការដុតគល់ជញ្ជ្រាំង ការដុតសំរាមសំណល់រឹង និងការឆេះនៅទីលានចាក់សំរាម ការបោះចោល និងដុតសំណល់ប្លាស្ទិក ព្រមទាំងការហុយធូលីពីការដ្ឋានសំណង់ជាដើម៕