ក្រុមហ៊ុន Mizuda Group ដែល​បច្ចុប្បន្ន​កំពុងផ្តល់​សេវា​ប្រមូល សម្អាត និង​ដឹកជញ្ជូន​សំរាម កាកសំណល់​នៅ​រាជធានី​ភ្នំពេញ បានបង្ហាញ​បំណង​ចង់​ពង្រីក​ការវិនិយោគ​របស់ខ្លួន​ដើម្បី​ផលិត​ថាមពល​អគ្គិសនី​ពី​កាកសំណល់ នៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ជាមួយ​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ ជា​ប្រយោជន៍​ដើម្បី​ការពារ​បរិស្ថាន​កម្រិត​ខ្ពស់​ផង​។​

លោក​សាន ជាន​មីង (Shan Jianming) ប្រធាន​ក្រុមហ៊ុន Mizuda Group បានលើកឡើង​ពី​គោលបំណង​ចង់​ពង្រីក​ការវិនិយោគ​របស់​ក្រុមហ៊ុន​លោក​ដូចនេះ ក្នុង​ឱកាសលោក​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយនឹង​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន ម៉ា​ណែ​ត នា​វិមាន​សន្តិភាព កាលពី​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២៤​។ នេះ​បើ​យោងតាម​ខ្លឹមសារ​ជំនួប ដែល​បាន​ផ្សាយ​លើ​បណ្តាញ​សង្គម​ផ្លូវការ​របស់លោក​ហ៊ុន ម៉ា​ណែ​ត​។​

​ក្នុងជំនួប​នោះ លោក​សាន ជាន​មីង បាន​ថ្លែងប្រាប់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ពី​កិច្ចការងារ​របស់​ក្រុមហ៊ុន Mizuda Sanitation (Cambodia) Co., Ltd.​ ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​នៃ​ក្រុមហ៊ុន​ធំ ​Mizuda Group ដែល​កំពុងផ្តល់​សេវា​សម្អាត ប្រមូល និង​ដឹកជញ្ជូន​សំរាម និង​កាកសំណល់ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ក្នុងអំឡុងពេល​ប្រមាណ ៣​ឆ្នាំ​ដែលមាន​ការទទួលស្គាល់​ពី​អាជ្ញាធរ​និង​ប្រជាពលរដ្ឋ ហើយ​បាន​បង្កើត​ការងារ​ដល់​ពលរដ្ឋ​កម្ពុជា​ចំនួន ៧១០​កន្លែង ព្រមទាំង​បានផ្តល់​សេវា​ផ្សព្វផ្សាយ​កម្មវិធី​យល់ដឹង​ពី​គ្រប់គ្រង​សំរាម និង​សំណល់​រឹង​ផងដែរ​។​

​ប្រភព​ដដែល​បាន​បញ្ជាក់ថា​៖ «​លោក​ប្រធាន​ក្រុមហ៊ុន ក៏បាន​គោរព​ជម្រាបជូន​សម្ដេច​ធិបតី ពី​គោលបំណង​របស់​ក្រុមហ៊ុន Mizuda Group ក្នុងការ​ពង្រីក​ការវិនិយោគ​របស់ខ្លួន​នៅក្នុង​ការផលិត​ថាមពល​អគ្គិសនី​ពី​សំណល់ ជាមួយនឹង​បច្ចេកវិទ្យា​ចុងក្រោយ បច្ចេកទេស​ទំនើប និង​ការការពារ​បរិស្ថាន​ក​ម្រិ​ត​ខ្ពស់ នៅក្នុង​រាជធានី​ភ្នំពេញ​ផងដែរ​»​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​សាទរ​ចំពោះ​កិច្ចការងារ​អាជីវកម្ម​របស់​ក្រុមហ៊ុន Mizuda Sanitation (Cambodia) Co., Ltd. ដែល​សហការ​ល្អជា​មួយ​សាលា​រាជធានី​ភ្នំពេញ លើ​ការប្រមូល សម្អាត ដឹកជញ្ជូន​សំរាម​នេះ ដែល​រួមចំណែក​ដល់​ការលើកកម្ពស់​សុខុមាល​ភាព​របស់​ប្រជាពលរដ្ឋ និង​ការថែរក្សា​បរិស្ថាន​នៅ​ក្រុងភ្នំពេញ​។​

​លោក ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​តាមរយៈ​ខ្លឹមសារ​នៃ​ជំនួប​នេះ​ថា៖ «​ចំពោះ​គោលបំណង​ក្នុងការ​ពង្រីក​ការវិនិយោគ​របស់​ក្រុមហ៊ុន ក្នុង​ការផលិត​ថាមពល​អគ្គិសនី​ពី​សំណល់ សម្តេច​ធិបតី បាន​ណែនាំ​ឱ្យ​ក្រុមហ៊ុន​ពិភាក្សា​បន្ថែម ជាមួយ នឹង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ នៃ​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស ក្រសួង​រ៉ែ និង​ថាមពល និង​ក្រសួងបរិស្ថាន ក្រោម​កិច្ចសម្របសម្រួល​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC)»​។​

លោក​ ហេង គឹមហុង ប្រធាន​សមាគម​បណ្តាញ​យុវជន​កម្ពុជា​ (CYN) និង​ជា​សកម្មជន​បរិស្ថាន បង្ហាញ​ការ​សាទរ​ចំពោះ​បំណង​នៃ​ការវិនិយោគ​របស់​ក្រុមហ៊ុន​Mizuda Group លើ​ការ​បំប្លែង​កាកសំណល់​ទៅជា​ថាមពល​អគ្គិសនី ដែល​លោក​ចង់ឱ្យ​រដ្ឋាភិបាល​កៀរគរ​ការវិនិយោគរ​បៀ​ប​នេះ​ឱ្យបាន​ច្រើន​។​

​ទោះជា​យ៉ាងណាលោក​បាន​ប្រាប់ថា​៖«​ទន្ទឹមនឹង​បំណង​វិនិយោគ​នេះ គួរតែមាន​ការពិភាក្សា​គ្នា​ឱ្យបាន​ច្រើន​ទៅលើ​យន្តការ​ច្បាស់លាស់​នៅក្នុង​ការគ្រប់គ្រង​សំរាម​បន្ថែមទៀត យើង​សិក្សា​ទៅ​មើលថា គម្រោង​ទាំង​ហ្នឹង​អាច​បង្ក​ផលប៉ះពាល់​អ្វីខ្លះ​ទេ ដែល​យើង​បារម្ភ​ខ្លាច​ការប្រើប្រាស់​សារ​ធាតុគីមី​មួយចំនួន​ ដែល​អាច​ផ្តល់​ផលប៉ះពាល់​ដល់​បរិស្ថាន​វិញ​»​។

 ជារួមលោក ហេង គឹមហុង បង្ហាញ​ការ​សាទរ​ទៅលើ​គម្រោង​ចម្រាញ់​សំរាម ឬ​បំប្លែង​សំរាម​ទៅជា​ថាមពល​អគ្គិសនី​ដែល​បាន​អនុវត្ត​នៅតាម​បណ្តា​ប្រទេស​មួយចំនួន​ទៅក្នុង​សកលលោក​រួចទៅហើយ ដែលជា​ចំណែក​ពង្រឹង​ការគ្រប់គ្រង​សំរាម និង​លើកកម្ពស់​កម្រិត​បរិស្ថាន​ក្នុងប្រទេស ក៏ដូចជា​ពិភពលោក​ផងដែរ​៕