រដ្ឋបាលខេត្តត្បូងឃ្មុំ បានព្រមានជាថ្មីចំពោះបុគ្គលណាដែលបន្តឈូសឆាយទន្ទ្រានយកដីព្រៃលិចទឹកនៅក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ នឹងត្រូវប្រឈមច្បាប់ទោសទណ្ឌជាធរមាន និងស្នើឱ្យភាគីពាក់ព័ន្ធបញ្ឈប់សកម្មភាពនេះ ដើម្បីចូលរួមអភិរក្សធនធានធម្មជាតិក្នុងព្រៃលិចទឹក។
ការព្រមាននេះ បន្ទាប់ពីរដ្ឋបាលខេត្តត្បូងឃ្មុំ សង្កេតឃើញថា មានជនខិលខូចមួយចំនួនបានប្រើគ្រប់មធ្យោបាយបន្តឈូសឆាយដីព្រៃលិចទឹក ក្នុងចេតនាផ្គើននឹងចំណាត់ការរបស់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់។
សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា កន្លងមករដ្ឋបាលខេត្ត តែងតែប្រជុំណែនាំដល់កម្លាំងមានសមត្ថកិច្ច មន្ទីរជំនាញ អង្គភាពពាក់ព័ន្ធ និងរដ្ឋបាលស្រុក ឱ្យយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងទប់ស្កាត់ និងបង្ក្រាបបទល្មើសឈូសឆាយទន្ទ្រានយកដីព្រៃលិចទឹកនៅក្នុងភូមិសាស្ត្រ ស្រុកក្រូចឆ្មារ ជាបន្តបន្ទាប់។ ប៉ុន្តែនៅមានជនខិលខូចមួយចំនួនបន្តឈូសឆាយទន្ទ្រានដីព្រៃលិចទឹកដដែល។
សេចក្តីជូនដំណឹង បានបន្តថា ដើម្បីអភិរក្សធនធានធម្មជាតិនៅតំបន់ព្រៃលិចទឹកឱ្យបានគង់វង្ស ទប់ស្កាត់អំពើល្មើស ឬបទល្មើស ទន្ទ្រានកាន់កាប់ដីសាធារណៈរបស់រដ្ឋ រដ្ឋបាលខេត្តត្បូងឃ្មុំ បានណែនាំនូវវិធានការមួយចំនួនផងដែរ ដោយមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋ ឬបុគ្គលណាមួយយកគ្រឿងចក្រ ចូលទៅក្នុងតំបន់ដីព្រៃលិចទឹក ល្គឹកណាមានការអនុញ្ញាតពីរដ្ឋបាលស្រុកក្រូចឆ្មារ។
ប្រភពដដែលបានបញ្ជាក់ថា៖ «វិធាននេះ បានអនុញ្ញាតជូនបងប្អូនប្រជាពលរដ្ឋ ដែលបាននិងកំពុងកាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលលើដីក្នុងទសវត្សរ៍ឆ្នាំ៨០ និងមុនឆ្នាំ២០១៨ ដោយមានភ្ជាប់និងឯកសារបញ្ជាក់ពីអាជ្ញាធរឃុំត្រឹមត្រូវប៉ុន្តែមិនអនុញ្ញាតឱ្យមានការបន្តរុករានទន្ទ្រានយកដីព្រៃលិចទឹកដោយខុសច្បាប់នោះឡើយ»។
ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏បានស្នើដល់អ្នកពាក់ព័ន្ធទាំងឡាយ ត្រូវបញ្ឈប់រាល់សកម្មភាពឈូសឆាយទន្ទ្រានយកដីព្រៃលិចទឹកជាបន្ទាន់ ហើយក្នុងករណី ដែលអាជ្ញាធរមានសមត្ថកិច្ច រកឃើញបុគ្គល និងអ្នកពាក់ព័ន្ធល្មើសច្បាប់ ឬលិខិតបទដ្ឋាននានា បុគ្គលនោះត្រូវប្រឈមនឹងដាក់ទោសទណ្ឌតាមនីតិវិធីច្បាប់ ជាធរមានដោយគ្មានការលើកលែង។
បន្ថែមពីនេះ រដ្ឋបាលខេត្ត ក៏បានហាមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ធ្វើការបញ្ជាក់នីត្យានុកូលភាពគ្រប់ទម្រង់ជូនប្រជាពលរដ្ឋ នៅចំណុចដីក្នុងតំបន់ព្រៃលិចទឹក។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ បានប្រាប់ឱ្យដឹងថា ចំពោះវិធានការទប់ស្កាត់គឺជារឿងល្អ១ផ្នែក ប៉ុន្តែលោកជំរុញឱ្យអាជ្ញាធរមានសមត្ថកិច្ចអនុវត្តច្បាប់ដោយស្មើភាពគ្នារវាងពលរដ្ឋធម្មតា និងអ្នកមានអំណាច ចៀសវាងការរិះគន់។
លោកបានថ្លែងថា៖«ព្រៃលិចទឹកជាធនធានរបស់រដ្ឋដែលយើងទាំងអស់គ្នាត្រូវរួមគ្នាធ្វើការថែរក្សា ក៏ប៉ុន្តែយើងជាអង្គការសង្គមស៊ីវិលចង់ឃើញតម្លាភាព មានន័យថាបើពលរដ្ឋមិនអាចអាស្រ័យផលបាន អ្នកដទៃក៏អត់អាចធ្វើបានដូចគ្នា កុំឱ្យមានចោទប្រកាន់ថា អ្នកមានបក្ខពួកធ្វើបាន អ្នកអត់បក្ខពួកធ្វើអត់បាន»។
លោកយល់ថា អាជ្ញាធរគួរកំណត់ព្រំដែនកម្រិតណាមួយឱ្យបានច្បាស់លាស់ដែលពលរដ្ឋមិនអាចអាស្រ័យផលធ្វើបាន និងមានការផ្សព្វផ្សាយជាសាធារណៈឱ្យពលរដ្ឋបានដឹងកាន់តែទូលំទូលាយ។
ជុំវិញការកាន់កាប់ដីសាធារណៈខុសច្បាប់នេះដែរ អាជ្ញាធរខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ បានរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធជុំវិញករណីពលរដ្ឋបានសាងសង់រំលោភដីប្រឡាយសាធារណៈ នៅទីតាំងស្រុកអូររាំងឪ។
ក្នុងរឿងនេះ អាជ្ញាធរសម្រេច ដាក់ឱសានវាទចំនួន ១៥ ថ្ងៃ ដោយគិតចាប់ពីថ្ងៃចុះណែនាំនេះ ឱ្យម្ចាស់ដីដែលបានសាងសង់រំលោភដីប្រឡាយដោយខុសច្បាប់ ត្រូវរុះរើរបងដែលបានសាងសង់នេះចេញ ដោយឥតលក្ខខណ្ឌ និងគ្មានសំណងខូចខាតអ្វីឡើយ ព្រោះការសាងសង់របងរំលោភដីប្រឡាយនេះ ជាអំពីខុសច្បាប់ ដែលអាជ្ញាធរគ្រប់ជាន់ថ្នាក់ ធ្លាប់បានចុះហាមឃាត់ជាច្រើនដងរួចមកហើយ។
លោក ហុក ពេជ្រហោះ អភិបាលរងខេត្តត្បូងឃ្មុំ ដែលដឹកនាំកិច្ចប្រជុំនេះ បានឱ្យដឹងថា ក្នុងករណីម្ចាស់សំណង់មិនព្រមរុះរើ តាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ចនោះ ក្រុមការងារថ្នាក់ខេត្តនឹងស្នើសុំការសហការពីព្រះរាជអាជ្ញានៃសាលាដំបូងខេត្ត រួមជាមួយកម្លាំងមានសមត្ថកិច្ចចុះអនុវត្តវិធានការច្បាប់ ដោយឥតលើកលែង។
លោកបានបញ្ជាក់ថា៖ «រាល់ការសាងសង់សំណង់នានា ដែលគ្មានច្បាប់អនុញ្ញាត ហើយរំលោភដីសាធារណៈ (សម្បត្តិសា ធារណៈ) ឬរំលោភលើកម្មសិទ្ធិអ្នកដទៃផ្សេងទៀត អាជ្ញាធរនឹងចុះពិនិត្យអនុវត្តច្បាប់ ដោយឥតលើកលែងឡើយ»៕