កំពង់ស្ពឺៈ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក ថោ ជេដ្ឋា បានឱ្យដឹងថា គម្រោងកែលម្អ និងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ សម្រេចបានការសាងសង់ប្រមាណ ១០% ខណៈដែលគម្រោងនេះ គ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៦។
លោក ថោ ជេដ្ឋា បានថ្លែងកាលពីថ្ងៃទី២៨ ខែមករាថា គម្រោងកែលម្អ និងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកនេះ ត្រូវបានបែងចែកអនុវត្តន៍ជា ២អនុគម្រោង គឺអនុគម្រោងរលាំងជ្រៃ និងអនុគម្រោងកណ្តាលស្ទឹងបាទីដោយគម្រោងទាំង២នេះ ស្ថិតក្រោមជំនួយអភិវឌ្ឍន៍របស់ប្រទេសជប៉ុន ដែលបានចាប់ផ្តើមដំណើរការសាងសង់កាលពីខែមិថុនា ឆ្នាំ២០២៣ ហើយនិងគ្រោងបញ្ចប់ការសាងសង់ក្នុងខែមិថុនា ឆ្នាំ២០២៦។ នេះបើយោងតាមហ្វេសប៊ុកក្រសួងធនធានទឹក។
លោកបានបន្តថា ដោយសារគម្រោងទាំងនេះកំពុងអនុវត្ត ដូច្នេះតម្រូវឱ្យមានការបិទទ្វារទឹករលាំងជ្រៃ បានបណ្តាលឱ្យផ្នែកខ្លះនៃក្រុងច្បារមន ស្រុកសំរោងទង និងស្រុកគងពិសី នៃខេត្តកំពង់ស្ពឺ មានស្ថានភាពខ្វះខាតទឹកប្រើប្រាស់ និងប៉ះពាល់ដល់ការងារស្រោចស្រពផលដំណាំរបស់ប្រជាកសិករនៅផ្នែកខាងក្រោម។
លោករដ្ឋមន្ត្រីលើកឡើងទៀតថា ក្រៅពីប៉ះពាល់ដល់ការងារស្រោចស្រពផលដំណាំរបស់ប្រជាកសិករហើយ ក្នុងដំណើរការសាងសង់គម្រោងនេះ ក៏បានប៉ះពាល់ដល់ការផ្គត់ផ្គង់ទឹកប្រចាំថ្ងៃរបស់ស្ថានីយផ្គត់ផ្គង់ទឹកស្អាតចំនួន៥ក្នុងខេត្តកំពង់ស្ពឺ ដែលយកទឹកពីប្រឡាយមេរលាំងជ្រៃខាងត្បូង ជូនដល់ប្រជាពលរដ្ឋរស់នៅផ្នែកខាងក្រោមនៃទ្វារទឹកមេរលាំងជ្រៃផងដែរ។
លោកថោ ជេដ្ឋា បញ្ជាក់ថា៖ «ឆ្លើយតបចំពោះបញ្ហានេះ ទាំងក្រសួង ក៏ដូចជាមន្ទីរធនធានទឹកខេត្ត រួមជាមួយអាជ្ញាធរពាក់ព័ន្ធ និងអង្គការ JICA កំពុងដុតដៃដុតជើងដោះស្រាយបញ្ហាខ្វះខាតទឹកនេះ ដោយធ្វើយ៉ាងណាអាចឱ្យបងប្អូនប្រជាពលរដ្ឋយើងមានទឹកប្រើប្រាស់ដូចដើមឡើងវិញ»។
ពាក់ព័ន្ធនឹងកង្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃនេះ ក្រសួង ក៏ដូចជាមន្ទីរធនធានទឹក តែងតែបានជូនដំណឹងជាមុនទៅកាន់ប្រជាពលរដ្ឋ ពីការបិទទ្វារទឹកដើម្បីពិនិត្យគុណភាពសំណង់នៃគម្រោងនេះផងដែរ។
លោកក៏បានណែនាំដល់មន្ទីរធនធានទឹកខេត្តកំពង់ស្ពឺ ឱ្យខិតខំធ្វើយ៉ាងណាសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីបញ្ជូនទឹកឱ្យដល់ប្រជាពលរដ្ឋដែលនៅផ្នែកខាងក្រោមក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តកណ្តាល បានប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងផ្គត់ផ្គង់ដល់ការស្រោចស្រពដំណាំកសិកម្មដែលកំពុងប្រឈមការខ្វះទឹក។
សូមបញ្ជាក់ថា គម្រោងកែលម្អ និងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញបានបែងចែកការអនុវត្តជា ២អនុគម្រោង គឺទី១.អនុគម្រោងរលាំងជ្រៃ ដែលស្ថិតនៅក្រុងច្បារមន និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានប្រភពទឹកពីស្ទឹងព្រែកត្នោត ដោយជួសជុលប្រឡាយមេខាងជើងចំនួន ១ខ្សែ មានប្រវែង ១១,៧០គីឡូម៉ែត្រ ជួសជុលប្រឡាយមេខាងត្បូងចំនួន ១ខ្សែ មានប្រវែង ១២,៦០គីឡូម៉ែត្រ និងសាងសង់សំណង់ពាក់ព័ន្ធសរុបចំនួន ២០៧កន្លែង។
ចំណែកអនុគម្រោងទី២ គឺអនុគម្រោងកណ្តាលស្ទឹងបាទី ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ ដែលមានប្រភពទឹកពីស្ទឹងព្រែកត្នោត និងស្ទឹងតូច ដោយត្រូវសាងសង់ទំនប់សណ្តស្ទឹងតូចចំនួន ១ខ្សែ មានប្រវែង ៩,៤០គីឡូម៉ែត្រ សាងសង់ប្រឡាយមេបេតុងនាំទឹកទៅទន្លេបាទីចំនួន ១ខ្សែ មានប្រវែង ៤គីឡូម៉ែត្រ និងសាងសង់សំណង់ពាក់ព័ន្ធសរុប ៣៣កន្លែង៕