ស្វាយរៀងៈ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានពិភាក្សាជាមួយអាជ្ញាធរខេត្តស្វាយរៀងក្នុងការរៀបចំគម្រោងបង្កើតមជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាចំនួន ១ នៅក្នុងខេត្តជាប់ព្រំដែននេះ សម្រាប់ជួយដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស។
លោក តូច ចាន់នី អ្នកនាំពាក្យក្រសួងសង្គមកិច្ច បានឱ្យដឹងនៅថ្ងៃទី ២៩ ខែមករាថា ក្រសួងកំពុងពិភាក្សាជាមួយខាងអាជ្ញាធរខេត្តស្វាយរៀង និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត ដើម្បីរៀបចំគម្រោងបង្កើតមជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទា ខេត្តស្វាយរៀង។ បច្ចុប្បន្ននេះ ក្រសួងមានមជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះដោយសារអំពើជួញដូរមនុស្ស មានតែ ១ មណ្ឌលប៉ុណ្ណោះ ដែលស្ថិតនៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក តូច ចាន់នី បន្តថា៖ «ការជ្រើសរើសខេត្តស្វាយរៀង ដើម្បីសាងសង់មជ្ឈមណ្ឌលសំចតបន្ថែមទៀតនេះ ដោយសារខេត្តនេះជាខេត្តព្រំដែន ជាប់នឹងប្រទេសវៀតណាម ហេតុនេះរាល់ពេលដែលមានករណីជងរងគ្រោះដោយអំពើជួញដូរមនុស្សម្ដងៗ គឺមិនមានកន្លែងត្រឹមត្រូវសម្រាប់ផ្ដល់សេវាជូនជនរងគ្រោះទាំងនោះឡើយ»។
លោកបន្តថា៖ «ខ្ញុំមិនអាចប្រាប់លម្អិតបានទេ ពីគម្រោងបង្កើតមណ្ឌលសំចតហ្នឹង ពីព្រោះវាស្ថិតក្នុងដំណាក់កាលមួយកំពុងពិភាក្សាគ្នា និងពិគ្រោះយោបល់ជាមួយអ្នកពាក់ព័ន្ធ ប៉ុន្តែគ្រាន់តែដឹងថា មណ្ឌលសំចត និងស្តារនីតិសម្បទា ខេត្តស្វាយរៀងហ្នឹង គឺយើងនឹងគ្រោងសាងសង់ឡើងដើម្បីជួយដល់ជនចំណាកស្រុក និងជនរងគ្រោះដោយអំពើជួញដូរមនុស្ស»។
សូមរំឭកដែរថា មណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះ ប៉ោយប៉ែត បានដាក់ឱ្យប្រើប្រាស់សម្រាប់ទទួលពលករចំណាកស្រុក មកពីប្រទេសថៃដោយកំណត់អត្តសញ្ញាណកម្ម និងផ្តល់សេវាសង្រ្គោះបឋម ក្នុងនោះមានទាំងផ្តល់សេវាស្នាក់នៅបណ្តោះអាសន្ន ការហូបចុក ថែទាំសុខភាព និងការអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈជាដើម។
លោក តូច ចាន់នី បានបញ្ជាក់ប្រាប់ដែរថា ក្រៅពីបង្កើតមណ្ឌលសំចតជួយជនរងគ្រោះដោយអំពើជួញដូរមនុស្សហើយ ក្រសួងក៏មានមណ្ឌលសំចតបណ្ដោះអាសន្នសម្រាប់ជនអនាថាស្ថិតនៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង និងខេត្តសៀមរាបផងដែរ។
ជុំវិញការបង្កើតមណ្ឌលសំចតបន្ថែមនេះ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ ក៏បានថ្លែងថា កន្លងមកមជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាសម្រាប់ជួយជនរងគ្រោះដោយអំពើជួញដូរមនុស្ស គឺនៅមានភាពខ្វះខាតក្នុងផ្ដល់សេវាថែទាំ កិច្ចការការពារ និងផ្ដល់កន្លែងសុវត្ថិភាពសម្រាប់ជនរងគ្រោះទាំងនោះ។
លោកថា ខេត្តស្វាយរៀង គឺជាចំណុចផ្ដើមមួយល្អដែរ ក្នុងការសាងសង់មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជួយជនរងគ្រោះ ព្រោះដោយសារខេត្តនេះមានច្រកព្រំដែនស្ថិតនៅជាប់ប្រទេសវៀតណាម ដូច្នេះជនរងគ្រោះដោយអំពើជួញដូរមនុស្ស នឹងទទួលបានសេវាការពារ និងការថែទាំសម្រាប់ពួកគាត់បានទាន់ពេលវេលា។
លោកបានថ្លែងថា៖ « ការបង្កើតមណ្ឌលសំចតហ្នឹង វាជាការចាប់ផ្ដើមមួយល្អ ក៏ប៉ុន្តែសូមធ្វើយ៉ាងម៉េចឱ្យមណ្ឌលដែលបានបង្កើតមកនេះ វានឹងក្លាយជាមណ្ឌលសម្រាប់ការពារ និងគាំទ្រ ក៏ដូចជាលើកទឹកចិត្តទៅជនរងគ្រោះដោយអំពើជួញដូរមនុស្ស ហើយក៏សង្ឃឹមដែរថា មណ្ឌលហ្នឹង វាក៏មិនក្លាយទៅជាមណ្ឌលមួយដែលប៉ះពាល់ទៅដល់សិទ្ធិរបស់ជនរងគ្រោះផងដែរ»។
លោក អំ សំអាត បានបន្ថែមថា ការបង្កើតមណ្ឌលសំចតនេះដែរ វាក៏ជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល មិនថា ចំពោះជនរងគ្រោះដោយសារអំពើជួញដូរមនុស្សនោះទេ ប្រជាពលរដ្ឋទូទៅផ្សេងទៀតដែលមានបញ្ហា គឺសុទ្ធតែអាចមកទទួលសេវាបណ្ដោះអាសន្នពីមណ្ឌលសំចតទាំងនោះបានផងដែរ៕