ភ្នំពេញៈ បញ្ជាការដ្ឋានការពារអាកាសនៃកងទ័ពជើងគោក បានបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសប្រចាំឆ្នាំ២០២៣ ដល់កងទ័ពចំនួន ៨៩ នាក់ ក្នុងវគ្គសិក្សាចំនួន ៣ ខែ បញ្ចប់ដោយការវាយតម្លៃខ្ពស់ ដែលអាចពង្រឹងសមត្ថភាពកងទ័ពលើការប្រើប្រាស់សម្ភារការពារដែនអាកាស ស្របទៅតាមការរីកច្រើននៃបច្ចេកវិទ្យា ដើម្បីការពារជាតិមាតុភូមិ។
ការបិទវគ្គហ្វឹកហ្វឺននេះធ្វើឡើងក្រោមអធិបតីភាពលោកហេង ហុង មេបញ្ជាការរងកងទ័ពជើងគោក នាបញ្ជាការដ្ឋាន ការពារអាកាស កងទ័ពជើងគោករាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤។
សូមរំឭកដែរថា វគ្គបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៣ នេះ មានរយៈពេល ៣ខែ ដោយផ្តល់វគ្គបណ្តុះបណ្តាលដល់កម្មសិក្សាការីចំនួន ៨៩ រូប ក្នុងនោះមាន សិក្ខាកាមចំនួន ៧២ រូប, គណៈគ្រប់គ្រងនិងយោធាចារ្យចំនួន ១៧ រូប ដែលជាលទ្ធផលសិក្សាទទួលបាននិទ្ទេសល្អចំនួន ២៧រូប ឬប្រមាណ ៣៧,៥០% និទ្ទេសល្អបង្គួរចំនួន ៣៩ រូប ឬប្រមាណ ៥៤,១៧% និងនិទ្ទេសមធ្យម ៦ រូប ស្មើនឹង ៨,៣៣%។នេះបើយោងតាមហ្វេសប៊ុកនៃបញ្ជាការដ្ឋានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ។
ក្នុងអង្គពិធី លោក ហេង ហុង បានលើកឡើងថា វគ្គហ្វឹកហ្វឹននេះជាការចូលរួមចំណែកយ៉ាងពិតប្រាកដក្នុងការបង្កើនចំណេះដឹង ចំណេះធ្វើ និងពង្រឹងសមត្ថភាពកងទ័ពលើការប្រើប្រាស់សម្ភារការពារអាកាស ដែលជាការពង្រឹងសមត្ថភាពធនធានមនុស្សក្នុងជួរកងយោធពលខេមរភូមិន្ទឱ្យសមស្របតាមការវិវត្តនៃបច្ចេកវិទ្យាទំនើបដើម្បីយកមកការពារមាតុភូមិ។
លោកបានសង្កត់ធ្ងន់ថា៖ «ភាពជោគជ័យជាលទ្ធផលល្អនេះកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តមមេបញ្ជាការ បញ្ជាការដ្ឋាន ការពារអាកាស និងការចូលរួមផងដែរពីគ្រូយោធាចារ្យ សិក្ខាកាម និងបណ្តាតួអង្គពាក់ព័ន្ធទាំងអស់ ធ្វើឱ្យវគ្គហ្វឹកហ្វឺនដំណើរការ និងបញ្ចប់តាមផែនការកំណត់»។
លោកក៏ផ្តាំផ្ញើ និងអំពាវនាវដល់សិក្ខាកាមត្រូវលើកកម្ពស់ស្មារតីស្នេហាជាតិ គោរពឱ្យបាននូវបទបញ្ជារបស់ក្រសួងការពារជាតិ អគ្គបញ្ជាការ និងមេបញ្ជាការកងទ័ពជើងគោក ជាពិសេសត្រូវបន្តហ្វឹកហ្វឺនយុទ្ធវិធី និងបន្តសិក្សារៀនសូត្រ សិក្សាស្រាវជ្រាវបន្ថែម លើបច្ចេកទេសពាក់ព័ន្ធគ្រប់ប្រភេទ ដើម្បីអាចតាមទាន់សម័យបច្ចេកវិទ្យាទំនើបរបស់សកលលោក។
លោកយង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងឱ្យដឹងថា លោកគាំទ្រទៅលើការពង្រឹងសមត្ថភាពកងទ័ព និងកម្រិតសព្វាវុធ ជាពិសេសធនធានកងទ័ពមិនថា ទាំងកងទ័ពជើងគោក ជើងទឹក និងជើងអាកាសឡើយ។
លោកបានបន្តថា ការពង្រឹងសមត្ថភាពនេះ ដើម្បីសម្របខ្លួនតាមការវិវត្តរបស់សកលលោក ហើយអាចត្រៀមខ្លួនបង្ការទប់សា្កត់ការឈ្លានពានរដ្ឋក្នុងពេលអនាគត ជាក់ស្តែងការបង្កើនសមត្ថភាពការពារដែនអាកាសកម្ពុជា។
លោកបានសង្កត់ធ្ងន់ថា៖ «ខ្ញុំយល់ថា កម្ពុជាយើងគួរតែបង្កើនថែមទៀតនូវក្បួនច្បាប់ និងវិន័យកងទ័ព ហើយសម្រាប់ខ្ញុំ ខ្ញុំចង់ឃើញការពង្រឹងកាតព្វកិច្ចកងទ័ពសម្រាប់ប្រទេសតទៅទៀត ដែលជារឿងត្រូវអនុវត្តនៅពេលអនាគត។ សព្វាវុធ សម្ភារសឹក ត្រូវតែអភិវឌ្ឍ ហើយធនធានមនុស្សក្នុងវិស័យកងទ័ពត្រូវតែអភិវឌ្ឍព្រមគ្នាដែរ»។
លោកបន្ថែមថា នៅលើសកលលោក គ្មានប្រទេសណាមួយដែលបញ្ឈប់ការបង្កើនសមត្ថភាពយោធានោះទេ ខណៈសង្គមប្រទេសគេ កាន់តែសន្តិភាព និងមានស្ថិរភាព គេកាន់តែពង្រឹងសមត្ថភាពយោធារបស់គេ គ្រប់ផ្នែក គ្រប់ជំនាញ៕