លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រាប់ឱ្យដឹងនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ នេះ ថា លោកបានស្នើដល់ភាគីវៀតណាម បើករោងចក្រផលិតជីកសិកម្ម នៅក្នុងខេត្តកំពង់ស្ពឺ ដើម្បីបង្កលក្ខណៈងាយស្រួលដល់កសិករទិញជីបានក្នុងតម្លៃសមរម្យ និងដើម្បីបង្កើនឱកាសការងារបន្ថែមដល់ពលរដ្ឋកម្ពុជាផងដែរ។
ការស្នើរបស់លោកអភិបាលខេត្តកំពង់ស្ពឺ ធ្វើឡើងអំឡុងពេលលោក រួមនឹងប្រធានក្រុមប្រឹក្សាខេត្ត និងគណៈប្រតិភូខេត្តកំពង់ស្ពឺ បានទៅបំពេញទស្សនកិច្ចខ្សែច្រវាក់ផលិតកម្មជីធម្មជាតិ នៅរោងចក្រ NhàMáyPhânBónTrườngXuânក្នុងខេត្តវិញឡុង សាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤។
លោក វ៉ី សំណាង បានប្រាប់ឱ្យដឹងទៀតថា ដំណើរទស្សនកិច្ចទៅកាន់ខេត្តវិញឡុងនេះ តែងតែធ្វើឡើងជារៀងរាល់ឆ្នាំនៅពេលជិតចូលឆ្នាំប្រពៃណីចិន-វៀតណាម មកដល់ ខណៈនៅពេលជិតបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ខាងភាគីវៀតណាមក៏អញ្ជើញមកសួរសុខទុក្ខអាជ្ញាធរខេត្តកំពង់ស្ពឺដូចគ្នា។ លោក និងប្រតិភូខេត្តកំពង់ស្ពឺ ក៏បានស្នើដល់ខាងវៀតណាម ឱ្យជួយសម្រួលដល់ការរស់នៅ និងរកទទួលទានរបស់ប្រជាពលរដ្ឋខ្មែរនៅទីនោះ ជាង ២២ ម៉ឺននាក់ផងដែរ។
លោកបានបន្ថែមថា នៅអំឡុងពេលទៅទស្សនកិច្ចខ្សែសង្វាក់ផលិតកម្មជីធម្មជាតិ នៅរោងចក្រជីក្នុងខេត្តវិញឡុង លោកក៏បានស្នើឱ្យ ខាងវៀតណាមបើករោងចក្រផលិតនិងកែច្នៃជីកសិកម្មនៅខេត្តកំពង់ស្ពឺផងដែរ។
លោកបានបញ្ជាក់ដូច្នេះថា៖«តាមរបាយការណ៍របស់រោងចក្រផលិតជីនៅខេត្តវិញឡុងនេះ រោងចក្របាននាំចេញជីទៅលក់នៅខេត្តកំពង់ស្ពឺ យើងប្រមាណ ៣០០ តោន ក្នុងឆ្នាំកន្លងទៅនេះ។ ដូច្នេះ ខ្ញុំក៏បានស្នើឱ្យខាងគាត់សិក្សាឡើងវិញទាក់ទងនឹងជីនេះ ដោយប្តូរពីការដឹកយកទៅលក់ មកជាបើករោងចក្រផលិតជីនៅខេត្តយើងវិញព្រោះថា ខាងយើងមានវត្ថុធាតុដើមកសិកម្មច្រើន ដែលអាចឱ្យគាត់កែច្នៃធ្វើជាជីកសិកម្មបាន ដូចជា លាមកសត្វ ចំបើង និងសំណល់រុក្ខជាតិផ្សេងៗជាដើម សម្រាប់បង្កើតជាជីសរីរាង្គ»។
បើតាមការបញ្ជាក់ពីលោក វ៉ី សំណាំង រោងចក្រ NhàMáyPhânBónTrườngXuân ប្រចាំខេត្តវីញឡុង បានយល់ព្រមទទួលយកសំណើរបស់លោក ដោយសន្យាថានឹងមកសិក្សាលម្អិតបន្ថែមលើការបើករោងចក្រផលិតជីនេះ ក្រោយពីពិធីបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាមចប់។
លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ឱ្យដឹងថា កម្ពុជាបាននាំចូលជីកសិកម្មពីក្រៅប្រទេសច្រើន ដើម្បីបំពេញតម្រូវការក្នុងស្រុក ខណៈការផលិតជីកសិកម្មក្នុងស្រុកនៅមានតិចតួចនៅឡើយ ដែលបញ្ហានេះនឹងផ្តល់ផលប៉ះពាល់ដល់ថ្លៃដើមផលិតរបស់កសិករ។
ដើម្បីដោះស្រាយបញ្ហានេះ លោក យ៉ង សាំងកុមារ បានប្រាប់ឱ្យដឹងដែរថា ក្រសួងកសិកម្ម ធ្លាប់ជំរុញនិងលើកទឹកចិត្តដល់វិស័យឯកជន ឱ្យមានការផលិតជីកសិកម្មនៅក្នុងស្រុក ដើម្បីផ្គត់ផ្គង់ដល់កសិករ និងបានណែនាំដល់ប្រជាកសិករឱ្យរៀនពីវិធីផលិតជីតាមបែបធម្មជាតិដោយខ្លួនឯង ដើម្បីកាត់បន្ថយការចំណាយនិងធ្វើឱ្យដំណាំមានសុវត្ថិភាពក្នុងការបរិភោគផងដែរ។
លោកបញ្ជាក់ថា៖ «មន្ត្រីកសិកម្មរបស់យើង ដែលចុះទៅតាមឃុំផ្ទាល់នាពេលខាងមុខនេះ នឹងជួយដល់កសិករដោះស្រាយពីបញ្ហាជាច្រើន ក្នុងការក៏មានការរៀនផលិតជីសរីរាង្គដោយខ្លួនឯងផងដែរ។ដើម្បីកាត់បន្ថយការចំណាយរបស់កសិករទៅលើជីកសិកម្ម និងថ្នាំសម្លាប់សត្វល្អិត»។
យោងតាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្មបានបង្ហាញថា នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២៣ កន្លងទៅ កម្ពុជាបាននាំចូលជីកសិកម្ម ពីក្រៅប្រទេសក្នុងទំហំទឹកប្រាក់ជិត ២៣៥ លានដុល្លារ កើនឡើងជាង ១៨ ភាគរយ,ថ្នាំសម្លាប់សត្វល្អិត ឬសម្លាប់ស្មៅ មានតម្លៃទឹកប្រាក់ជាង ១២០ លានដុល្លារ ថយចុះជិត៣០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២៕