ភ្នំពេញៈ អន្តរក្រសួង និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាបានរៀបចំវេទិកាសាធារណៈ ដើម្បីស្តាប់កង្វល់ សំណូមពរ និងដំណោះស្រាយ ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ខណៈក្រុមការងារជំនាញនឹងបើកប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងស្រង់នាវាលិចនៅបាតទន្លេ នៅ ២ ទីតាំងបន្ថែមទៀត នៅក្នុងភូមិសាស្ត្រ ឃុំព្រែកសំបួរ និងឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង។
វេទិកាសាធារណៈស្ដីពីកិច្ចប្រតិបត្តិការ បោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងស្រង់នាវាលិចក្នុងបាតទន្លេបាន រៀបចំឡើង កាលពីថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៤ ក្នុងស្រុកលើកដែក ខេត្តកណ្តាលដោយមានការចូលរួមពីមន្ត្រីនៃក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងការពារជាតិ ក្រសួងរ៉ែ និងថាមពល រួមនឹងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់)។
លោក ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានថ្លែងនាពិធីនោះថា ការបោសសម្អាតសំណល់យុទ្ធភណ្ឌសង្គ្រាម និងនាវាលិចបាតទន្លេ មានសារៈសំខាន់ក្នុងការពង្រឹងសន្តិសុខជាតិ សុខសុវត្ថិភាព ការដឹកជញ្ជូនផ្លូវទឹក និងសុខសុវត្ថិភាពប្រជាពលរដ្ឋតាមដងទន្លេ ដែលជាកត្តាចូលរួមដល់ការអភិវឌ្ឍប្រទេសជាតិផងដែរ។
លោកបានថ្លែងបញ្ជាក់ថា៖ «ប្រសិនបើតាមផ្លូវទឹក តាមដងទន្លេមិនមានគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក បាតទន្លេ និងមានសុវត្ថិភាពនោះ ប្រទេសយើងនឹងមាននាវាទេសចរណ៍អន្តរជាតិធំៗនឹងនាំមកនូវទេសចរចូលមកប្រទេសកម្ពុជាយើងតាមដងទន្លេ និងការដឹកជញ្ជូនផងដែរ»។
លោក ហេង រតនា បានបន្តថា ទន្ទឹមនឹងនេះសំណល់យុទ្ធភណ្ឌ និងបំណែកនាវាលិចនៅបាតទន្លេ អាចប្រើប្រាស់សម្រាប់ដាក់តាំងបង្ហាញពីសំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជាផងដែរ។
បើតាមលោក ហេង រតនា បញ្ជាក់ថា៖ «នេះគឺកិច្ចសហប្រតិបត្តិការ ស្រង់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោយពីរបបសង្គ្រាមនេះ អ៊ីចឹងហើយ! ត្រង់ចំណុចនេះដាច់ខាតយើងទាំងអស់គ្នាត្រូវតែចូលរួមយកគ្រាប់ឱ្យអស់ ព្រោះយើងនៅមានកន្លែងជាច្រើនទៀត ដែលត្រូវយកយុទ្ធភណ្ឌចេញ»។
លោក ម៉ុង សុគន្ធារ័ត្ន ប្រធាននាយកដ្ឋានកណ្ដាល ទទួលបន្ទុកកងឯកភាពបោសសម្អាតមីនដើម្បីអភិវឌ្ឍន៍ និងអង្គភាពពិសេសប្រតិបត្តិការក្រោមទឹក បានលើកឡើងដែរថា បញ្ហាទូទៅនៃនាវាទូកលិចក្នុងទឹក និងគ្រាប់មិនទាន់ផ្ទុះនៅកម្ពុជា បានរងការវាយប្រហារចំនួន ៣៨៤ លើក និងការទម្លាក់គ្រាប់បែកធំៗជាច្រើនប្រភេទ។ នេះបើយោងតាមហ្វេសប៊ុកក្រសួងមហាផ្ទៃ។
លោកថា ក្នុងនោះមាន ប្រភេទ KM ៨៤ ទម្ងន់ ៩២៥ គីឡូក្រាម, KM៨៣ ទម្ងន់ ៤៥០ គីឡូក្រាម, KM៨២ ទម្ងន់ ២៣០ គីឡូក្រាម ពីយន្តហោះជាង ១០ ០០០ គ្រាប់ នៅតាមដងទន្លេ ក្នុងឆ្នាំ ១៩៦៩ ដល់ឆ្នាំ ១៩៧៣។ ក្នុងអំឡុងសង្គ្រាមឆ្នាំ ១៩៧០ ដល់ឆ្នាំ ១៩៧៥ សង្គ្រាមមានការបាញ់ប្រហារនាវាដឹកគ្រាប់ជាច្រើននៅតាមដងទន្លេមេគង្គ។
លោក ម៉ុង សុគន្ធារ័ត្ន បានឱ្យដឹងទៀតថា ជាក់ស្ដែងនៅភូមិកោះពាមរាំង ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង អង្គភាពស៊ីម៉ាក់បានរកឃើញ និងស្រង់គ្រាប់មិនទាន់ផ្ទុះ និងមីន ចេញពីនាវាដែលបានបាញ់លិច បានចំនួនសរុប ២១ ៥៥៦ គ្រាប់ និងបំណែកនាវាទម្ងន់ ២២១,៨០៤ គីឡូក្រាម។
យោងតាមរបាយការណ៍របស់នាយកដ្ឋានកណ្ដាល ទទួលបន្ទុកកងឯកភាពបោសសម្អាតមីនដើម្បីអភិវឌ្ឍន៍ និងអង្គភាពពិសេសប្រតិបត្តិការក្រោមទឹក បានបង្ហាញថា ដោយសារទំហំកិច្ចប្រតិបត្តិការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងស្រង់នាវាលិចបាតទន្លេ មានវិសាលភាពធំធេង ក្រុមការងារបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះរបស់អន្តរក្រសួងមានផែនការពង្រីកកម្លាំងប្រតិបត្តិការរបស់ខ្លួនចូលទីតាំងចំនួន ២ បន្ថែមទៀតស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល។
ទីតាំងទី១ ស្ថិតនៅក្នុងភូមិខ្ពប ឃុំព្រែកសំបួរ ស្រុកពាមជរ ខេត្តព្រៃវែង ដែលមានផ្ទៃដី ១ ៦៩០ ០០០ ម៉ែត្រការ៉េ និងទីតាំងទី២ គឺស្ថិតនៅក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ដែលមានផ្ទៃដី ៩៧ ៣៥០ ម៉ែត្រការ៉េ។ ទីតាំងទាំង ២ នេះ ក្រុមការងារបានចាប់ផ្ដើមធ្វើការសិក្សាស្រាវជ្រាវចាប់តាំងពីពាក់កណ្តាលឆ្នាំ ២០២៣។
ចំពោះការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទះទាំង ២ ទីតាំងនេះ អង្គភាពស៊ីម៉ាក់ មានផែនការពង្រាយកម្លាំងរបស់ខ្លួនប្រមាណ ១០០ នាក់ និងកម្លាំងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចំនួន ១២ នាក់ទៀត ដោយប្រើប្រាស់សម្ភារបច្ចេកទេសសំខាន់ៗ សម្រាប់គាំទ្រដល់កិច្ចប្រតិបត្តិការនេះ៕