ភ្នំពេញៈ លោកស្រី​ ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ ម៉ា​ណែ​ត អនុប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​​ «​គ្រូ​​ពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ ​(TYDA)»​ បាន​ដឹកនាំ​ក្រុមការងារ និង​កម្លាំង​ស្ម័គ្រចិត្ត​ចុះ​ពិនិត្យ​ និង​ព្យាបាល​ជំងឺ​ទូទៅ​ជូន​ពលរដ្ឋ​រស់នៅ​ក្នុង​ខេត្តកំពត​ដោយ​ឥតគិតថ្លៃ ជាង ៣ ៥០០ ​នាក់​។​

​ពិធី​ចុះ​ពិនិត្យ​ព្យាបាល​នេះ​ត្រូវបាន​ធ្វើឡើង កាលពី​ថ្ងៃទី​ ២៨ ខែមករា ឆ្នាំ​ ២០២៤ ដោយបាន​ពិនិត្យ និង​ព្យាបាល​ជំងឺ​ទូទៅ​, ជំងឺ​មាត់​ធ្មេញ​, សន្លាក់​, ភ្នែក​, បេះដូង និង​សួត​ជូន​ដល់​ប្រជា​ពលរដ្ឋ​ប្រមាណ ៣ ៥១២ នាក់ ដែល​រស់នៅក្នុង​ស្រុក​ជុំ​គិរី ខេត្តកំពត​។ នេះ​បើ​យោងតាម​របាយ​​ការណ៍​របស់ TYDA​។​

​លោកស្រី ពេ​ជ ចន្ទ​មុន្នី មានប្រសាសន៍ថា​៖ «​សម្ដេច​តេ​ជោ​ហ៊ុន សែន​,​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ (​ប៊ុន រ៉ានី​) និង​សម្តេច​ធិបតី ​(​ហ៊ុន ម៉ា​ណែ​ត​) លោក​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ពី​សុខទុក្ខ និង​សុខភាព​របស់​បងប្អូន​ប្រជា​ពលរដ្ឋ តាមរយៈ​ការ​បង្ខិត​សេវា​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​»​។ 

​លោកស្រី​បន្ថែមថា ជាក់ស្ដែង​ TYDA បាន​ចុះ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​នៅតាម​បណ្ដា​ខេត្ត សហគមន៍ អង្គការ មជ្ឈមណ្ឌល​កុមារកំព្រា និង​សាលារៀន​«​ដោយ​បេះដូង ដោយ​ទឹកចិត្ត និង​ស្នាមញញឹម ហើយ​សកម្មភាព​នេះ​បាន​បង្កើតឡើង​ជាង ១០​ ឆ្នាំ​មកហើយ​»​។​

លោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតសួរ​សុខ​ទុក្ខ​ពលរដ្ឋ​។ រូបថត TYDA

​បើ​យោងតាម TYDA ពលរដ្ឋ​ដែល​បាន​ទៅ​ទទួល​សេវា​ពិនិត្យ និង​ព្យាបាល​សុខភាព ទាំងអស់​បាន​សម្តែង​ក្តីសប្បាយ​រីករាយ និង​ថ្លែងអំណរគុណ ចំពោះ​ក្រុម​គ្រូពេទ្យ​ជំនាញ​ដែល​បាន​ចុះមក​ព្យាបាល​សុខភាព​របស់​ពួកគាត់​ស្ទើរតែ​ដល់​ខ្នង​ផ្ទះ ដោយ​មិនមាន​ការបង់ថ្លៃ​អ្វី​ឡើយ​។​

​លោក​ សុខ រដ្ឋា ដែលមាន​ជំងឺ​​ក្រពះ និង​ពោះវៀន​បានមក​ពិគ្រោះ និង​ពិនិត្យ​ជំងឺ​ជាមួយនឹង​ក្រុម​​គ្រូពេទ្យ TYDA ថ្លែងថា លោក​ពិតជា​សប្បាយចិត្ត​ខ្លាំង​មែនទែន ដែលមាន​ក្រុមគ្រូពេទ្យ​ចុះមក​ពិនិត្យ​ព្យាបាល​ដោយ​ឥតគិតថ្លៃ​ដូចនេះ​។

លោក​ថា​៖« ​ខ្ញុំ​ត្រេកអរ​ខ្លាំងណាស់​ដែល​បានឃើញ​ជាក់​ស្តែង​ចំពោះ​សម្តេច ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ ដែល​បាន​ស្វែង​យល់​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ ហើយ​នាំ​គ្រូពេទ្យ​មក​ពិនិត្យ និង​ព្យាបាល​ជំងឺ​ឱ្យ​ពួកយើងខ្ញុំ​ដោយ​មិន​គិតលុយ​»​។​

​លោក​ថា លោក​ខ្វះខាត​ថវិកា​ពុំមាន​លទ្ធភាព​ទៅ​មន្ទីរពេទ្យ​ទេ ពេល​ឃើញ​ក្រុម​គ្រូពេទ្យ​ចុះមក​ពិនិត្យ និង​ព្យា​បាល លោក​សប្បាយ​ចិត្តខ្លាំង​ណាស់​ហើយក៏​សូម​អរគុណ​ដល់​ក្រុមគ្រូពេទ្យ​ផងដែរ​ដែល​បាន​យក​ចិត្ត​ទុកដាក់​ដល់​ប្រជាពលរដ្ឋ​។​

​លោកស្រី ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ ​ម៉ា​ណែ​ត ធ្លាប់បាន​លើកឡើងថា គោលបំណង​សំខាន់​របស់ TYDA គឺ​ការរួមចំណែក​ជាមួយ​ស្ថាប័ន​ជាតិ ជាពិសេស​ក្រសួង​សុខា​ភិ​បាល​ដើម្បី​ផ្ដល់​សេវា​សុខភាព​ជូន​ពលរដ្ឋ​ដោយ​ឥតគិតថ្លៃ និង​មិន​ប្រកាន់​ជាតិ​សាសន៍ ពណ៌​​សម្បុរ ឬ​និន្នាការ​នយោបាយ​ឡើយ​ដែលជា​ការចូលរួមចំណែក​ជាមួយ​រដ្ឋាភិបាល​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ តាមរយៈ​សកម្មភាព​ផ្ដល់​សេវា​សុខភាព​ជូន​ពលរដ្ឋ​ក្រីក្រ​ដល់​តាម​ទីជនបទ ដាច់ស្រយាល​៕