ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងនាយិកាគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា មីយ៉ាន់ម៉ា និងឡាវ លោកស្រី ម៉ារីយ៉ាម ចេ សឺរមែន (Mariam J. Sherman) បានប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍មូលធនមនុស្ស និងវិស័យអាទិភាពចំនួន ៦ ក្នុងប្រទេសកម្ពុជា។
វិស័យជាអាទិភាពទាំងនោះ រួមមាន៖ វិស័យអប់រំ វិស័យសុខាភិបាល វិស័យកសិកម្ម វិស័យឌីជីថល វិស័យបរិស្ថាន និងការប្រែប្រួលអាកាសធាតុ ខណៈភាគីទាំង ២ សាទរចំពោះភាពប្រទាក់ក្រឡាគ្នារវាងគោលនយោបាយយុទ្ធសាស្ត្ររវាងរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោក។
ការប្តេជ្ញាចិត្តរវាងលោក ហ៊ុន ម៉ាណែត និងលោកស្រី ម៉ារីយ៉ាម ចេ សឺរមែន ធ្វើឡើងនៅអំឡុងភាគីទាំង ២ ជួបពិភាក្សាការងារគ្នានាវិមានសន្តិភាព នាថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៤ ក្នុងឱកាសលោកស្រីមកបំពេញទស្សនកិច្ចនៅកម្ពុជា។
លោកស្រី ម៉ារីយ៉ាម បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃចំណងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងធនាគារពិភពលោកដែលមានរយៈកាលយូរអង្វែងមកហើយ ហើយលោកស្រីបង្ហាញជំនឿថា ជំនួបរវាងលោកស្រី និងប្រមុខរដ្ឋាភិបាលកម្ពុជានឹងជំរុញកិច្ចសហប្រតិបត្តិការរវាងភាគីទាំង ២ បន្ថែមទៀត។ បើយោងតាមខ្លឹមសារនៃជំនួប ដែលបានផ្សព្វផ្សាយតាមតេឡេក្រាមលោក ហ៊ុន ម៉ាណែត។
លោកស្រីនាយិការធនាគារពិភពលោកប្រចាំ ៣ ប្រទេសនេះ បានលើកឡើងដែរថា៖ «ឯកសារគោលនយោបាយអភិវឌ្ឍន៍យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ របស់រដ្ឋាភិបាលកម្ពុជាមានភាពប្រទាក់ក្រឡា និងស្របគ្នានឹងទិសដៅគោលនយោបាយ និងការងារអាទិភាពរបស់ធនាគារពិភពលោក ទាំងកម្រិតថ្នាក់ជាតិ និងកម្រិតសកល»។
ជាមួយគ្នានេះដែរ លោក ហ៊ុន ម៉ាណែត ក៏បានលើកឡើងពីការចូលរួមចំណែករបស់ ធនាគារពិភពលោកក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា នាពេលកន្លងទៅ ហើយលោកក៏បានអរគុណចំពោះការប្តេជ្ញាចិត្តដល់ភាគីធនាគារពិភពលោកផងដែរលើការបន្តកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលកម្ពុជា លើការបន្តកម្មវិធីភាពជាដៃគូរវាងគ្នាពីឆ្នាំ ២០២៥ ដល់ឆ្នាំ ២០២៩។
ទន្ទឹមនឹងនេះលោក ហ៊ុន ម៉ាណែត ក៏បានប្រាប់ភាគីធនាគារពិភពលោកពីការដាក់ចេញកម្មវិធីគោលនយោបាយអាទិភាព ៦ ចំណុច សម្រាប់ការអនុវត្តភ្លាមៗនៅឆ្នាំ ២០២៣ និងវិធានការ ៥ លើការដោះស្រាយក្នុងអាណត្តិរដ្ឋាភិបាលខ្លួន សំដៅលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ សម្រាប់កសាងភាពធន់ ធានាកំណើន ចីរភាព ដើម្បីសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ប្រែក្លាយជាប្រទេសចំណូលខ្ពស់។
ជុំវិញកិច្ចសហប្រតិបត្តិការនេះដែរលោក ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច បានលើកឡើងឱ្យដឹងដែរថា ធនាគារពិភពលោកជាដៃគូយុទ្ធសាស្ត្រសំខាន់របស់រដ្ឋាភិបាលកម្ពុជាជាយូរលង់លើការអភិវឌ្ឍសង្គមសេដ្ឋកិច្ច។
លោកបានបញ្ជាក់ថា តួយ៉ាងការផ្តល់ការគាំទ្រលើហិរញ្ញប្បទាន ជំនួយឥតសំណង កម្ចីសម្បទាន ដល់កម្ពុជាលើវិស័យកសិកម្ម បរិស្ថាន អប់រំ សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ រដ្ឋបាលសាធារណៈ បញ្ហាបម្រែបម្រួលអាកាសធាតុជាដើម ហើយលោកជឿជាក់ថាកិច្ចសហការបន្តលើវិស័យអាទិភាពចំនួន ៦ នោះនឹងទទួលបានផ្លែផ្កាបន្ថែមដោយមានកិច្ចសហប្រតិបត្តិការល្អស្រាប់ គ្រាន់តែបន្ថែមផ្នែកឌីជីថល។
លោកបានសង្កត់ធ្ងន់ថា៖ «កិច្ចសហការរបស់ធនាគារពិភពលោកនេះ បាននិងបន្តជួយរដ្ឋាភិបាលកម្ពុជាឱ្យក្លាយទៅជាប្រទេសអភិវឌ្ឍន៍ដែលមានចំណូលមធ្យមនៅឆ្នាំ ២០៣០ និងប្រទេសអ្នកមាននៅឆ្នាំ ២០៥០។ ធនាគារពិភពលោក និងដៃគូសំខាន់ៗដទៃទៀតបានគាំទ្រកម្ពុជាលើជំនួយហិញ្ញវត្ថុ បច្ចេកទេស ដើម្បីអនុវត្តផែនការយុទ្ធសាស្ត្ររដ្ឋាភិបាល»។
លោកបានបន្តថា ធនាគារពិភពលោកបានជួយគូសវាសកម្ពុជាលើផ្នែកយុទ្ធសាស្ត្រ និងក្របខ័ណ្ឌគោលនយោបាយជាច្រើន តែលោកចង់ឃើញជំនួយឥតសំណងបន្ថែមទៀតពីធនាគារពិភពលោក ដើម្បីគាំទ្រលើការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជានៅគ្រប់កម្រិតសិក្សា ជាពិសេសផ្នែកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងផ្នែកឌីជីថល ដើម្បីរុញច្រានយុទ្ធសាស្ត្របញ្ចកោណរបស់រដ្ឋាភិបាលកម្ពុជាប្រកបដោយដំណើរការរលូន។
លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល បានអះអាងថា យុទ្ធសាស្ត្របញ្ចកោណរបស់រដ្ឋាភិបាលអាណត្តិទី៧ មានភាពសមស្របជាមួយយុទ្ធសាស្ត្ររបស់បណ្តាប្រទេសជាច្រើន ជាពិសេសដៃគូអភិវឌ្ឍន៍ ក៏ដូចជាស្ថាប័នធំៗនានា តួយ៉ាងទទួលការសាទរពីប្រមុខអង្គការសហប្រជាជាតិ ប្រធានាធិបតីចិន និងបណ្តាមេដឹកនាំប្រទេសផ្សេងៗទៀត រួមទាំងភាគីធនាគារពិភពលោកនេះផង ដែលសបញ្ជាក់ថា យុទ្ធសាស្ត្របញ្ចកោណជាគោលនយោបាយល្អ និងសមស្របដើម្បីអភិវឌ្ឍជាតិ។
លោកបានសង្កត់ធ្ងន់ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងធនាគារពិភពលោកដូច្នេះថា៖ «ការអភិវឌ្ឍវិស័យមូលធនមនុស្សជារឿងសំខាន់ មានផលិតការងារខ្ពស់ មានសីលធម៌ខ្ពស់ និងមានសុខភាពល្អ ទើបជាមូលធនមនុស្ស ដែលភាគីធនាគារពិភពលោក និងដៃគូផ្សេងៗទៀតគាំទ្រ»។
លោក ប៉ែន បូណា បានបង្ហាញក្តីសង្ឃឹមថា ចំណងកិច្ចសហប្រតិបត្តិការរវាងធនាគារពិភពលោកជាស្ថាប័នហិរញ្ញវត្ថុ និងរដ្ឋាភិបាលកម្ពុជា នឹងអាចជំរុញការអភិវឌ្ឍកម្ពុជា ជាពិសេសការអនុវត្តផែនការយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលកម្ពុជាដើម្បីសម្រេចគោលដៅប្រែក្លាយកម្ពុជាជាប្រទេសចំណូលកម្រិតខ្ពស់នៅឆ្នាំ ២០៥០ ខាងមុខ៕