ភ្នំពេញៈ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានប្រកាសថា ស្ពានអាកាសទី៦ ដែលជាចំណុចប្រសព្វរវាងមហាវិថី «សម្តេចតេជោ ហ៊ុន សែន» មហាវិថីព្រះមុនីវង្ស និងផ្លូវ ២៧១ គ្រោងបើកឱ្យដំណើរការបណ្តោះអាសន្នក្នុងដំណាក់កាលទី១ នៅរយៈពេល ៧៤ ថ្ងៃទៀត ខណៈដែលលោកក៏មាន គម្រោងនឹងស្នើទៅនាយករដ្ឋមន្ត្រី ដើម្បីប្រសិទ្ធនាមស្ពានអាកាសថ្មីនេះថា «ស្ពានអាកាសមរតកតេជោ» ផងដែរ។
លោកបានប្រកាសបែបនេះ នៅថ្ងៃទី ២៩ ខែមករា ក្នុងពិធីភ្ជាប់ស្ពានអាកាស (ខ្សែមេ) ភ្ជាប់ពីមហាវិថី «សម្តេចហ៊ុន សែន» ទៅមហាវិថីព្រះមុនីវង្ស ស្ថិតនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្នុងពិធីនោះលោក ឃួង ស្រេង និងតំណាងក្រុមហ៊ុនសាងសង់បានចាក់បេតុងចំកណ្តាលស្ពាន ជានិមិត្តរូបនៃការតភ្ជាប់ស្ពានខ្សែមេជាផ្លូវការ។
លោក ឃួង ស្រេង ថ្លែងថា៖ «នេះជាស្ពានអាកាសទី៦ ហើយស្ពាននេះមាន៣ជាន់ ដោយយើងគ្រោងនឹងដាក់ឈ្មោះថា ស្ពានអាកាសមរតកតេជោ តែខ្ញុំនឹងស្នើទៅសម្តេចធិបតីសិន។ ស្ពាននេះ សម្រេចបានលើការសាងសង់ ក្នុងដំណាក់កាលទី១ ហើយ ៧៤ ថ្ងៃទៀត អាជ្ញាធរនឹងស្នើសុំគោលការណ៍ទៅសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្នសម្រួលការកកស្ទះចរាចរណ៍»។
ក្នុងដំណាក់កាលទី១ ការសាងសង់ស្ពានអាកាសព្រះមុនីវង្សថ្មីនេះបច្ចុប្បន្នសាងសង់បានសម្រេចប្រមាណ ៨០ ភាគរយហើយ ហើយតាមផែនការគ្រោងនឹងត្រូវបញ្ចប់នៅចុងខែមីនា ឆ្នាំ ២០២៤ ខាងមុខ។ ចំណែកដំណាក់កាលទី២ គ្រោងនឹងបញ្ចប់មុនចូលឆ្នាំប្រពៃណីជាតិ ឆ្នាំ ២០២៥។
លោក ឃួង ស្រេង បញ្ជាក់ថា៖ «យើងបញ្ចប់ការសាងសង់ទៅតាមពេលកំណត់ ហើយខ្ញុំសូមជម្រាបដែរថា ស្ពានអាកាសនេះ គឺជាការសាងសង់ដោយវិស្វករខ្មែរយើងជានិស្សិតដែលបញ្ចប់ការសិក្សានៅសាលាតិចណូ។ មិនមែនឱ្យតែឃើញធ្វើស្ពាន សុទ្ធតែជំនាញការចិននោះទេ។ មានដែរអ្នកជំនាញការចិន តែមានតិចតួចប៉ុណ្ណោះ។ ដូច្នេះ នេះជាមោទនភាពរបស់យើងដែរដែលយើងមាននិស្សិតជំនាញអាចសាងសង់ស្ពានអាកាសរបស់ខ្លួនឯងបាន»។
ទន្ទឹមគ្នានេះ លោកក៏បានលើកឡើងឱ្យដឹងដែរថា ក្រៅពីស្ពានអាកាសមរតកតេជោនេះ ជាការគិតគូររបស់រាជរដ្ឋាភិបាល អាជ្ញាធររាជធានីភ្នំពេញ នឹងកសាងស្ពានបេតុងឆ្លងទន្លេបាសាក់ថ្មីមួយកន្លែងទៀតគឺស្ពានព្រែកប្រា ដែលស្ពាននេះនឹងប្រើប្រាស់ថវិកាជាតិសម្រាប់សាងសង់ផងដែរ។
លោកថ្លែងថា «ស្ពានព្រែកប្រានេះនឹងផ្តល់អត្ថប្រយោជន៍ក្នុងការរំដោះចរាចរណ៍ ពីតំបន់ព្រែកប្រា មកផ្លូវ ២១៧ បន្តមកផ្លូវក្រវាត់ក្រុងទី៣ បន្តទៅផ្លូវល្បឿនលឿនឆ្ពោះទៅខេត្តព្រះសីហនុ»។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានសាទរចំពោះដំណឹងនេះ ដោយលោករំពឹងថា ស្ពានអាកាសថ្មីនេះថ្វីដ្បិតមិនទាន់បញ្ចប់ការសាងសង់ចប់ ១០០ ភាគរយ តែអាជ្ញាធរគ្រោងអនុញ្ញាតឱ្យដំណើរការបណ្តោះអាសន្ន អាចជួយសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋខណៈកន្លងទៅនៅចំណុចនេះមានការកកស្ទះជាប្រចាំ ទោះបីជាមានស្ពានអាកាសក្បាលថ្នល់ ១ និងស្ពានកោះនរាហើយក៏ដោយ។
ទោះជាយ៉ាងណា លោកបានលើកឡើងថា បើទោះបីជាមានហេដ្ឋារនាសម្ព័ន្ធផ្លូវច្រើនយ៉ាងណាក្តីបើសិនជាការបើកបររបស់ពលរដ្ឋមិនគោរពច្បាប់ចរាចរណ៍ ជិះបញ្ច្រាស ឬប្រជ្រៀតវ៉ាជែង ដោយមិនគោរពច្បាប់ នោះការកកស្ទះ និងគ្រោះថ្នាក់នៅតែមានដដែល។
លោក សុខនីម ស្នើថា៖ «យើងបានមើលឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលជាពិសេសអាជ្ញាធររាជធានី ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធបានច្រើន។ ប៉ុន្តែយើងក៏មើលឃើញពីការបើកបរមិនគោរពច្បាប់របស់ពលរដ្ឋច្រើនដែរ។ ខ្ញុំសូមស្នើឱ្យពលរដ្ឋយើងបើកបរដោយមានទំនួលខុសត្រូវ កុំជិះបញ្ច្រាស កុំវ៉ាជែងដោយគ្មានរបៀបនាំកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់»។
ក្នុងនាមជាអ្នកជំនាញអចលនទ្រព្យ លោក សុខនីម បានមើលឃើញថា ស្ពានអាកាសថ្មីនេះ ក៏នឹងរួមចំណែកជំរុញសកម្មភាពមមាញឹក ផ្នែកពាណិជ្ជកម្ម និងធុរកិច្ចនៅតំបន់ខណ្ឌចំការមននិងខណ្ឌមានជ័យនេះផងដែរ។
សូមបញ្ជាក់ថា ស្ពានអាកាសទី ៦ នេះ ស្ថិតនៅចំណុចប្រសព្វមហាវិថី «សម្តេចតេជោ ហ៊ុន សែន», មហាវិថីព្រះមុនីវង្ស និងផ្លូវលេខ ២៧១ ក្នុងមូលដ្ឋានខណ្ឌចំការមន និងខណ្ឌមានជ័យ។ តាមគម្រោងស្ពានអាកាសទី ៦ នេះត្រូវចំណាយថវិកាសាងសង់ប្រមាណ ៣៦ លានដុល្លារអាមេរិក ដោយប្រើរយៈពេលសាងសង់ ៣៦ ខែ៕