ភ្នំពេញៈ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា តាមរយៈដំណើរវិវឌ្ឍន៍ឥតឈប់ឈរនៃការអភិវឌ្ឍធនធានមនុស្ស រាជរដ្ឋាភិបាលរំពឹងថានាឆ្នាំ២០៥០ កម្ពុជានឹងប្រែក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់។
លោកបានលើកឡើងដូចនេះ ក្នុងជំនួបសំណេះសំណាល ជាមួយនិស្សិតជយលាភីអាហារូបករណ៍ ដែលនឹងត្រូវទៅបន្តការសិក្សានៅនូវែលសេឡង់ អូស្ត្រាលី និងបារាំង កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ នៅឯទីស្តីការក្រសួង។
តាមរយៈហ្វេសប៊ុកក្រសួង លោកបានឱ្យដឹងថា រាជរដ្ឋាភិបាលតាំងពីអាណត្តិមុន រហូតមកដល់អាណត្តិថ្មី ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅតែខិតខំអភិវឌ្ឍធនធានមនុស្ស និងត្រូវបានដាក់ចូលក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ (ធនធានមនុស្ស ភ្លើង ទឹក ផ្លូវ និងបច្ចេកវិទ្យា)។
លោក សាយ សំអាល់ បានថ្លែងថា៖ «តាមរយៈដំណើរវិវឌ្ឍន៍ឥតឈប់ឈរនៃការអភិវឌ្ឍធនធានមនុស្ស រាជរដ្ឋាភិបាលរំពឹងថានាឆ្នាំ២០៥០ កម្ពុជានឹងមានកំណើនធនធានមនុស្សដែលពោរពេញដោយសក្តានុពលទាំងចំណេះដឹង និងសមត្ថភាព សម្រាប់ចូលរួមប្រែក្លាយកម្ពុជាជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់»។
នាឱកាសនោះដែរ លោកក៏បានលើកពីសភាពការណ៍នយោបាយ និងការវិវឌ្ឍផ្នែកសេដ្ឋកិច្ចសកលលោក ដើម្បីទុកជាបទពិសោធន៍សម្រាប់និស្សិតជយលាភីអាហារូបករណ៍ទាំងអស់ ឈ្វេងយល់អំពីអ្វីដែលត្រូវយកមកអនុវត្ត និងអ្វីដែលត្រូវចៀសវាង ដើម្បីអភិវឌ្ឍខ្លួនឯងឱ្យកាន់តែល្អប្រសើរនិងចូលរួមអភិវឌ្ឍសង្គមជាតិឱ្យកាន់តែឈានឆ្ពោះទៅមុខ។
ប្រភពដដែលបានបន្តថា ក្នុងជំនួបនោះ និស្សិតជយលាភីអាហារូបករណ៍ទាំងអស់បានប្ដេជ្ញាថា នៅពេលបញ្ចប់ការសិក្សាហើយវិលត្រឡប់មកមាតុភូមិវិញ នឹងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងដំណាក់កាលបន្តបន្ទាប់ទៀតតាមសក្តានុពល និងជំនាញរៀងៗខ្លួន។
លោក គង់ សំនៀង ប្រធានសហព័ន្ធសេវាអប់រំកម្ពុជា បានប្រាប់ឱ្យដឹងនៅថ្ងៃទី៣ ខែមករា ថា វាជាផ្លូវមួយនៅវែងឆ្ងាយ ដែលតម្រូវឱ្យមានកសាងដោយចូលរួមគ្រប់ផ្នែកទាំងអស់ ដើម្បីសម្រេចបានគោលដៅថ្នាក់ជាតិនេះ ដែលការចូលរួមនេះ មិនសំដៅតែយុវជននោះទេ តែយុវចាស់ ឬក្មេងក៏ត្រូវតែគិតគូរដល់ពួកគាត់ផងដែរ។
លោកបានបន្តថា ៖ «សួរថាតើយុវជនគួរចូលរួមយ៉ាងម៉េចដើម្បីឱ្យប្រទេសកម្ពុជា ក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០? គឺមានតែការអប់រំ ហើយនិងការអភិវឌ្ឍជំនាញ។ ជាការល្អហើយដែលប្រទេសកម្ពុជា ក៏ដូចជាកូនខ្មែរយើងក្រោយៗនេះ ដែលមានឱកាសក្នុងការទទួលបានអាហារូបករណ៍ទៅរៀននៅស្រុកគេ ប៉ុន្តែបើអាចសុំកុំចាប់អារម្មណ៍តែលើការបណ្តុះបណ្តាលបរិញ្ញាបត្រ តែត្រូវផ្តោតលើជំនាញវិជ្ជាជីវៈផង»។
លោក គង់ សំនៀង ថ្លែងថា នៅពេលដែលនិស្សិតខ្មែរដែលបានទៅសិក្សានៅក្រៅប្រទេស បានបញ្ចប់ការសិក្សា ហើយវិលមកបង្កើតជាមុខរបរ ឬជំនួញខ្លីៗ វាក៏ជាផ្នែកមួយក្នុងការជួយជំរុញសេដ្ឋកិច្ចផងដែរ។
សូមជម្រាបថា និស្សិតជយលាភីអាហារូបករណ៍ ដែលនឹងត្រូវទៅបន្តការសិក្សានៅនូវែលសេឡង់ អូស្ត្រាលី និងបារាំង នាពេលខាងមុខឆាប់ៗនេះ មានចំនួន ៦៨ នាក់ ដែលក្នុងនោះ និស្សិតទៅសិក្សានៅប្រទេសនូវែលសេឡង់មានចំនួន ៣៥ នាក់ ប្រទេសអូស្ត្រាលីចំនួន ៣០ នាក់ និងទៅប្រទេសបារាំងចំនួន ៥ នាក់។ និស្សិតទាំងនេះ នឹងសិក្សាលើមុខវិជ្ជាវិទ្យាសាស្ត្រវិស្វកម្ម វិទ្យាសាស្ត្រនយោបាយ អប់រំ ការរចនាទីក្រុង វិជ្ជាជីវៈឆ្មប សុខភាពសាធារណៈ សហគ្រិនភាព និងនវានុវត្តន៍ គោលនយោបាយសាធារណៈ និងបច្ចេកវិទ្យាជីវសាស្ត្រ និងមុខវីជ្ជាផ្សេងៗទៀត៕