ភ្នំពេញៈឆ្លើយតបនឹងគណបក្សនយោបាយមួយដែលបានស្នើឱ្យរាជរដ្ឋាភិបាលមានវិធានការជាក់លាក់ជាបន្ទាន់ ដើម្បីទប់ស្កាត់ការធ្លាក់ចុះយ៉ាងគំហុកតម្លៃសត្វចិញ្ចឹមក្នុងស្រុកនៅលើទីផ្សារ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា រាជរដ្ឋាភិបាលក៏ដូចជាក្រសួងកសិកម្មនិងស្ថាប័នពាក់ព័ន្ធ កំពុងធ្វើការលើរឿងនេះដោយមិនព្រងើយកន្តើយឡើយ។
លោកបានថ្លែងប្រាប់ដូចនេះនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ ដោយលោកបានបញ្ជាក់ថា៖«រឿងនេះមានភាពស្មុគស្មាញនិងទាមទារឱ្យមានការគិតគូរឱ្យបានគ្រប់ជ្រុងជ្រោយទាំងកត្តាបច្ចេកទេស ច្បាប់ និងផលប៉ះពាល់ផ្សេងៗទៀត ហើយរហូតមកដល់ពេលនេះគ្រប់ភាគីពាក់ព័ន្ធទាំងអស់បានជួបប្រជុំពិភាក្សាជាច្រើនសារួចមកហើយ និងនៅតែបន្តជួបគ្នាបន្ថែមទៀតដើម្បីពន្លឿនការងារនេះឱ្យបានឆាប់»។
អ្នកនាំពាក្យក្រសួងកសិកម្មបានបន្ថែមថា លោកសង្ឃឹមថានឹងទទួលបានលទ្ធផលនាពេលខាងមុខ។
យោងតាមសេចក្តីថ្លែងការណ៍របស់គណបក្សកម្លាំងជាតិស្តីពីរាជរដ្ឋាភិបាលកម្ពុជាត្រូវមានវិធានការជាក់លាក់ជាបន្ទាន់ដើម្បីទប់ស្កាត់ការធ្លាក់ចុះយ៉ាងគំហុកតម្លៃសត្វចិញ្ចឹមក្នុងស្រុកនៅលើទីផ្សារចុះថ្ងៃទី៣ ខែមករា បានលើកឡើងថា គណបក្សកម្លាំងជាតិទទួលបាននូវការត្អូញត្អែរពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានដែលជាអ្នកចិញ្ចឹមសត្វក្នុងស្រុកពាក់ព័ន្ធនឹងការធ្លាក់ចុះយ៉ាងគំហុកតម្លៃសត្វចិញ្ចឹមក្នុងស្រុកនៅលើទីផ្សារ ដូចជា សត្វក្របី គោ និងសត្វជ្រូករស់ជាដើម។
សេចក្តីថ្លែងការណ៍បន្តថា ការធ្លាក់ចុះតម្លៃសត្វចញ្ចឹមក្នុងស្រុកនៅលើទីផ្សារគឺបានបណ្តាលឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានដែលជាអ្នកចិញ្ចឹមសត្វរួមទាំងកសិដ្ឋានចិញ្ចឹមសត្វគ្រប់ប្រភេទនៅក្នុងស្រុកប្រមាណ៩០ភាគរយរងគ្រោះខាតបង់ប្រាក់យ៉ាងធ្ងន់ធ្ងរប្រឈមមុខនឹងការបោះបង់មុខរបរចិញ្ចឹមសត្វរស់ក្នុងស្រុកតែម្តងពីព្រោះមិនអាចទប់ទល់ការខាតបង់ប្រាក់ដ៏ធ្ងន់ធ្ងរបែបនេះជាបន្តបន្ទាប់ទៅមុខទៀតបានឡើយ។
ប្រភពដដែលបញ្ជាក់ថា៖«គណបក្សកម្លាំងជាតិរួមជាមួយមជ្ឈដ្ឋានទូទៅមើលឃើញថា កត្តាចម្បងដែលបណ្តាលឱ្យសត្វចិញ្ចឹមក្នុងស្រុកធ្លាក់ថ្លៃយ៉ាងគំហុកនៅលើទីផ្សារដោយសារការនាំចូលពីក្រៅប្រទេសយ៉ាងធូររលុងនូវសាច់បង្កកគ្មានគុណភាព និងគ្មានការត្រួតពិនិត្យគុណភាពឱ្យបានត្រឹមត្រូវតាមបទដ្ឋានស្តង់ដាបច្ចេកទេសឬសមស្របតាមបទដ្ឋានអនុវត្តកសិកម្មល្អដែលបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អ្នកផលិតសត្វចិញ្ចឹមក្នុងស្រុកនិងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពប្រជាពលរដ្ឋ»។
ជាមួយគ្នានេះគណបក្សនេះក៏បានស្នើដល់រាជរដ្ឋាភិបាលកម្ពុជាត្រូវមានវិធានការជាក់លាក់ជាបន្ទាន់ដើម្បីទប់ស្កាត់ការធ្លាក់ចុះយ៉ាងគំហុកនូវតម្លៃសត្វចិញ្ចឹមក្នុងស្រុកនៅលើទីផ្សារដោយត្រូវរឹតបន្តឹងការអនុវត្តច្បាប់ ពិសេសបង្កើនវិធានការត្រួតពិនិត្យគុណភាពសាច់បង្កកនាំចូលពីក្រៅប្រទេសតាមបទដ្ឋានស្តង់ដាបច្ចេកទេស(GAP Standard)។
លោកស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមជ្រូកកម្ពុជាក៏បានទទួលស្គាល់ដែរថា ពិតជាមានការធ្លាក់ថ្លៃគំហុកតម្លៃសត្វចិញ្ចឹមក្នុងស្រុកនៅលើទីផ្សារពិតប្រាកដមែនដោយសារតែមានការអនុញ្ញាតឱ្យនាំសាច់បង្កកចូលក្នុងប្រទេសកម្ពុជា។
លោកបានឱ្យដឹងដែរថា ភាគីពាក់ព័ន្ធរួមមាន ក្រសួងកសិកម្ម អ្នកនាំចូលសាច់បង្កក អគ្គនាយកដ្ឋានគយ និងរដ្ឋាករ និងសមាគមអ្នកចិញ្ចឹមសត្វ នឹងប្រជុំពិភាក្សារកដំណោះស្រាយលើបញ្ហានេះផងដែរ៕