ភ្នំពេញៈមន្ត្រីជាន់ខ្ពស់នៃក្រសួងយុត្តិធម៌បានឱ្យដឹងថា ក្រសួងនឹងពិនិត្យមើលរបាយការណ៍របស់សមាគមអាដហុកដែលថាបានរកឃើញពីភាពយឺតយ៉ាវរបស់តុលាការក្នុងការជំនុំជម្រះ ប៉ុន្តែប្រសិនបើមានភ័ស្តុតាងមូលដ្ឋានត្រឹមត្រូវ គឺក្រសួងនឹងពិចារណាដើម្បីដោះស្រាយករណីនេះ។
លោក ជិន ម៉ាលីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌បានឱ្យដឹងនៅថ្ងៃទី៣ ខែមករាថា លោកបានទទួលនិងបានមើលរបាយការណ៍របស់សមាគមអាដហុកហើយ ដោយសង្កេតឃើញនៅក្នុងរបាយការណ៍ឃ្លាំមើលសវនាការនេះមានបញ្ហាចំនួន៣ ពាក់ព័ន្ធនឹងគុណភាពនៃការវាយតម្លៃ និងពាក់ព័ន្ធសមត្ថភាពអ្នកសង្កេតការយល់ដឹងពីច្បាប់ និងនីតិវិធីរបស់តុលាការ។
លោកបានបន្តថាមួយទៀតពាក់ព័ន្ធនឹងការផ្ទៀងផ្ទាត់ចំពោះបញ្ហាដែលរកឃើញថា ខុសនីតិវិធីតើសមាគមអាដហុកមានបានជជែកពិភាក្សាជាមួយអ្នកជំនាញឬមន្ត្រីអនុវត្តច្បាប់ដែរទេ?បើតាមច្បាប់ចំពោះករណីបទឧក្រិដ្ឋ ជនជាប់ចោទត្រូវបានតុលាការឃុំខ្លួនបណ្តោះអាសន្នលើសពី៦ខែគឺមានច្បាប់ដែលអនុញ្ញាតឱ្យមានការពន្យារ។
លោក ជិន ម៉ាលីន បានថ្លែងថា៖ «អ៊ីចឹង! មិនមែនទាល់តែឃុំខ្លួនបណ្ដោះអាសន្នលើសពី៦ខែ គឺសុទ្ធតែខុសច្បាប់និងខុសនីតិវិធីនោះទេ។ ដូច្នេះវាពាក់ព័ន្ធការយល់ដឹងពីច្បាប់ នីតិវិធី ហើយនិងការមិនពិគ្រោះយោបល់ជាមួយមន្ត្រីអនុវត្តច្បាប់ ក៏ដូចជាអ្នកពាក់ព័ន្ធចេញរបាយការណ៍ហ្នឹងមិនមានភាពច្បាស់លាស់»។
លោកបានបន្តថា៖ «ក៏ប៉ុន្តែក្រសួងនឹងធ្វើការពិនិត្យមើលរបាយការណ៍របស់គាត់ ប្រសិនបើមានមូលដ្ឋានត្រឹមត្រូវ យើងនឹងពិចារណា ដើម្បីធ្វើការដោះស្រាយ»។
លោក ជិន ម៉ាលីន ក៏បានលើកឡើងដែរថា ប្រសិនបើក្នុងរបាយការណ៍នេះបានរកឃើញថា មានតុលាការ និងចៅក្រមរូបណាបានប្រព្រឹត្តខុសនីតិវិធីនិងក្រមសីលធម៌វិជ្ជាជីវៈ សូមរាយការណ៍មកកាន់ក្រសួងដោយមានបញ្ជាក់ពីភ័ស្តុតាងមូលដ្ឋានច្បាស់លាស់ ត្រឹមត្រូវ ដើម្បីឱ្យក្រសួងពិនិត្យនិងមានវិធានការ។
ជាមួយគ្នានេះ លោកក៏ស្នើឱ្យអង្គការសង្គមស៊ីវិលទាំងអស់ដែលធ្វើការលើវិស័យសិទ្ធិមនុស្ស និងវិស័យផ្សេងៗទៀតសហការគ្នាជាមួយអាជ្ញាធរ ប្រសិនបើមានភ័ស្តុតាងនិងមូលដ្ឋានត្រឹមត្រូវច្បាស់លាស់អាចយកជាការបាន។
សូមរំឭកថា យោងតាមរបាយការណ៍របស់សមាគមការពារសិទ្ធិមនុស្ស អាដហុក ដែលចេញផ្សាយនៅថ្ងៃទី២ ខែមករា ថា សមាគមអាដហុកបានចូលរួមឃ្លាំមើលសវនាការឆ្នាំ២០២៣ សរុប១៧៥ករណីស្ថិតនៅ២០រាជធានី-ខេត្ត ដែលមានករណីសិទ្ធិមនុស្សចំនួន៧៩ករណី ករណីសិទ្ធិដីធ្លីចំនួន ៣២ករណី និងករណីស្ត្រី-កុមារចំនួន៦៤ករណី។
ប្រភពដដែលថា ក្នុងនោះមានបទឧក្រិដ្ឋ១៣៧ករណីនិងបទមជ្ឈិម៣៨ករណីដែលមានជនរងគ្រោះជាជនជាប់ចោទសរុបចំនួន១ ១៦៥នាក់ និងដើមបណ្តឹងជាជនរងគ្រោះចំនួន៤៥២នាក់។
របាយការណ៍ដដែលបានរកឃើញថា១៤២នៃ១៧៥ករណី ជនជាប់ចោទត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្ន ហើយបើគិតដល់ថ្ងៃបើកសវនាការជំនុំជម្រះមានជនជាប់ចោទ៨០ករណីត្រូវបានតុលាការឃុំខ្លួនបណ្តោះអាសន្នលើសពី៦ខែរហូតដល់២៤ខែ។ទន្ទឹមនេះតុលាការនៅតែមានភាពយឺតយ៉ាវបើកសវនាការ រហូតដល់ចន្លោះពី១ម៉ោងជាងទៅ២ម៉ោង បើប្រៀបធៀបជាមួយម៉ោងក្នុងដីកាកោះហៅនិងម៉ោងពេលបើកសវនាការជំនុំជម្រះពិតប្រាកដ។
បើតាមរបាយការណ៍សមាគមអាដហុក ក្រៅពីនេះ មានរហូតដល់ជាង៩០ភាគរយនៃករណីទាំងនេះ តុលាការមិនបានជូនដំណឹងពីដីកាសម្រេច ដូចជា ដីកាសន្និដ្ឋានស្ថាពរ និងដីកាដំណោះស្រាយផងដែរ។
ជាមួយគ្នានេះដើម្បីដោះស្រាយបញ្ហាដែលរកឃើញទាំងអស់នេះ សមាគមអាដហុកក៏បានផ្ដល់អនុសាសន៍មួយចំនួនទៅកាន់ក្រសួងយុត្តិធម៌ដើម្បីស្នើឱ្យមានការពិនិត្យដាក់វិធានការច្បាស់លាស់ចំពោះការអនុវត្តរបស់ចៅក្រម និងតំណាងអយ្យការទាំងឡាយណាដែលផ្ទុយនឹងគោលបំណងមាត្រា២០៨និងមាត្រា២០៩ នៃក្រមនីតិវិធីព្រហ្មទណ្ឌឆ្នាំ២០០៧ បានចែងពីថិរវេលានៃការឃុំខ្លួនបណ្តោះអាសន្ន។
សមាគមនេះ ក៏ស្នើឱ្យក្រសួងយុត្តិធម៌ពិនិត្យ និងដាក់ពិន័យរដ្ឋបាលធ្ងន់ធ្ងរដល់ចៅក្រមនិងតំណាងអយ្យការ ដែលមានការយឺតយ៉ាវចំពោះពេលវេលាបំពេញភារកិច្ចការងារ បើកសវនាការជំនុំជម្រះផងដែរ៕