ភ្នំពេញៈ ​គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្ដាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​ថ្ងៃទី​២ ខែមករា ឆ្នាំ​ ២០២៤ បានសម្រេច ចាត់តាំង​ក្រុម​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសតាំង សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៥ ចំនួន​​ ១១៥​ នាក់ នៅក្នុង​ភូមិភាគ​ទាំង​ ៨ ដែលមាន​បេក្ខជន​ឈរឈ្មោះ​នៅ​ទូទាំង ​២៥ ​ខេត្ត​-​ក្រុង ដែល​កាលបរិច្ឆេទ​នៃ​ការបោះឆ្នោត​ត្រូវបាន​កំណត់​យក​ថ្ងៃអាទិត្យ ទី ​២៥ ខែកុម្ភៈ ឆ្នាំ​ ២០២៤​។​

​យោងតាម​សេចក្តីសម្រេច​ដែល​ចុះហត្ថលេខា​ដោយ លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០២៤ បានឱ្យដឹងថា ភូមិភាគ​ទី​១ មាន​រាជធានី​ភ្នំពេញ ភូមិភាគ​ទី​២ មាន​ខេត្តកំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ ភូមិភាគ​ទី​៣​មាន​ខេត្តកណ្ដាល ភូមិភាគ​៤ មាន​ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប ឧ​ត្ត​រ​មានជ័យ និង​ខេត្ត​ប៉ៃលិន ភូមិភាគ​ទី​៥ មាន​ខេត្តតាកែវ កំពត និង​ខេត្ត​កែប ភូមិភាគ​ទី​៦ មាន​ខេត្តព្រៃវែង និង​ខេត្តស្វាយរៀង ភូមិភាគ​ទី​៧ មាន​ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ កោះកុង ខេត្ត​ព្រះសីហនុ និង​ភូមិភាគ​ទី​៨ មាន​ខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី និង​ខេត្តមណ្ឌលគិរី​។​

សេចក្ដីសម្រេច​នេះ​បានឱ្យដឹងថា ប្រធាន និង​អនុប្រធាន​នៃ​ភូមិភាគ ត្រូវធ្វើ​ទំនាក់ទំនង​ជាមួយ​ថ្នាក់ដឹកនាំ​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន រាជធានី​ខេត្ត និង​ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​គណបក្ស​រាជធានី​ខេត្ត ដែល​នៅក្នុង​ភូមិភាគ​របស់ខ្លួន ដើម្បី​នាំ​សមាជិក សមាជិកា​ទាំងអស់​ក្នុង​ក្រុម​របស់ខ្លួន បង្ហាញមុខ​ឱ្យ​អង្គ​បោះឆ្នោត​បាន​ស្គាល់​។ 

សេចក្ដីសម្រេច​នេះ​បានឱ្យដឹងថា​៖«​ក្រុម​នីមួយៗ​ត្រូវ​បែងចែក​គ្នា​ចុះ​ធ្វើ​សកម្មភាព​ពី​ឥឡូវ​ជាមួយ​អង្គ​បោះឆ្នោត ដោយ​ក្នុងនោះ​ត្រូវ សហការ​ឱ្យបាន​ល្អជា​មួយ​សមាជិក​គណបក្ស​ដែលជា​សមាជិក សមាជិកា​ព្រឹទ្ធសភា​បច្ចុប្បន្ន​របស់​យើង​»​។ «​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​រាជធានី​ខេត្ត គណៈកម្មាធិការ​គណបក្ស​រាជធានី​ខេត្ត និង​ក្រុម​បេក្ខជន​ក្នុង​ភូមិភាគ​នីមួយៗ​ត្រូវ​រួមគ្នា​ត្រៀម​សម្រាប់​ការឃោសនាបោះឆ្នោត និង​ត្រូវ​ចាត់ចែង​ចេញ​ធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ឱ្យ​បានល្អ​បំផុត តាម​ការកំណត់​នៃ​ច្បាប់ និង​ផែន​ការដែល​បានគ្រោង​ទុក​។ ក្រុម​បេក្ខជន​ទាំងអស់​…​ត្រូវ​បញ្ចប់​ភារកិច្ច​ជា​ស្ថាពរ​នៅពេលដែល គ​.​ជ​.​ប បានប្រកាស លទ្ធផល​បោះឆ្នោត​ជា​ផ្លូវការ​រួច​»​។ 

យោងតាម​ប្រតិ​ទិននៃ​ការបោះឆ្នោត គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​នឹងធ្វើ​ការបិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង នៅ​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០២៤ ក្នុង​គោលបំណង​បម្រើឱ្យ​ការប្តឹងតវ៉ា ឬ​ប្តឹង​ជំទាស់ បន្ទាប់មក គ​.​ជ​.​ប​នឹង​ផ្តល់​សុពលភាព​លើ​បញ្ជី​បោះឆ្នោត​ផ្លូវការ នៅ​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០២៤​។​

លោក ប្រាជ្ញ ចន្ទ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​ថ្លែង កាលពី​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២៣​ថា ការចុះឈ្មោះ​អ្នកបោះឆ្នោត និង​អង្គ​បោះឆ្នោត ដើម្បី​រៀបចំ​បញ្ជី​បោះឆ្នោត​សម្រាប់​ប្រើប្រាស់ ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥, គ​.​ជ​.​ប បានទទួល​រួច​នូវ​បញ្ជី​ឈ្មោះ​តំណាងរាស្ត្រ​ក្នុង​តំណែង និង​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ ទាំងអស់​ក្នុង​តំណែង ដែលមាន​អ្នកបោះឆ្នោត​សរុប ១១ ៧៤៧ នាក់​។​

លោក​បន្តថា នៅពេល​ខាងមុខនេះ គ​.​ជ​.​ប ត្រូវ​ផលិត​សន្លឹកឆ្នោត​សម្រាប់​ភូមិភាគ​នីមួយៗ ដើម្បី​ប្រើប្រាស់​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ ដែល​នៅក្នុង​សន្លឹកឆ្នោត​ទាំងនោះ ត្រូវការ​ជា​ចាំបាច់​នូវ​លំដាប់​លេខ​រៀង​ឈ្មោះ​គណបក្សនយោបាយ ឈរឈ្មោះ​បោះឆ្នោត ដែល​នឹងត្រូវ​កំណត់​ជា​លេខ​រៀង​របស់​គណបក្សនយោបាយ​នីមួយៗ​នៅលើ សន្លឹកឆ្នោត​សម្រាប់​ភូមិភាគ​ទាំង​៨​។ គ​.​ជ​.​ប បានរៀបចំ​ពិធី​ចាប់ឆ្នោត កំណត់​លំដាប់​លេខ​រៀង​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត​នៅលើ​សន្លឹកឆ្នោត សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ ឆ្នាំ​២០២៤ ដែល​គណបក្ស​ប​ជា​ជនកម្ពុជា ចាប់បាន​លេខ​រៀង​ទី​១,​គណបក្ស ឆន្ទៈ​ខ្មែរ លេខ​រៀង​ទី​២, គណបក្ស​ហ្វ៊ុនស៊ិនប៉ិច លេខ​រៀង​ទី​៣ និង​គណបក្ស កម្លាំង​ជាតិ លេខ​រៀង​ទី​៤៕