ភ្នំពេញៈ ក្នុងរយៈពេលជាង ៣០ ឆ្នាំមកនេះ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានរុករកឃើញនិងកម្ទេចចោលគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទប្រមាណជាង ៣ លានគ្រាប់លើផ្ទៃដីចម្ការមីន និងចម្ការគ្រាប់សរុបចំនួនជាង១ ៧៣៥ គីឡូម៉ែត្រក្រឡា។
ក្នុងនោះមីនប្រឆាំងមនុស្សចំនួន ៥៨៩ ៩៦២ គ្រាប់ គ្រាប់មីនប្រឆាំងរថក្រោះចំនួន ១១ ៤៣០ គ្រាប់ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ២ ៤៤០ ២៩៧ គ្រាប់ គ្រាប់បែកទម្លាក់ពីយន្តហោះរួមនិងគ្រាប់បែកចង្កោមចំនួន ១២៦ ០៩១គ្រាប់។ យោងតាមរបាយការណ៍របស់អង្គភាពស៊ីម៉ាក់ ស្តីពីកិច្ចប្រតិបត្តិការបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះគិតចាប់ពីឆ្នាំ១៩៩២ រហូតដល់ខែធ្នូ ឆ្នាំ២០២៣ ដែលទទួលបាននៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤។
របាយការណ៍នេះឱ្យដឹងថា៖«ក្នុងរយៈពេលជាង ៣០ ឆ្នាំ កន្លងមកនេះ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជាមានការរីកចម្រើនគួរឱ្យគាត់សម្គាល់ ដែលសមិទ្ធផលនេះអាចធ្វើទៅបានដោយសារតែ មានការពង្រឹងសមត្ថភាពមន្ត្រីជំនាញ ការបង្កើន និងបំពាក់បច្ចេកវិទ្យាថ្មីៗ និងការកែលម្អស្តង់ដាប្រតិបត្តិការ»។
បើតាមប្រភពដដែលថាចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០០៤ ផលិតភាពបោសសម្អាតរបស់អង្គភាពស៊ីម៉ាក់ជាមធ្យមបាន ១២ គីឡូម៉ែត្រក្រឡាក្នុង១ឆ្នាំ ប៉ុន្តែអត្រានេះបានកើនឡើងទ្វេដងដល់ ២២គីឡូម៉ែត្រក្រឡា ក្នុងឆ្នាំ២០០៥ ហើយបានកើនឡើងជាបណ្តើរៗក្នុងឆ្នាំបន្តបន្ទាប់រហូតដល់មធ្យមបាន២០០គីឡូម៉ែត្រក្រឡាក្នុង១ឆ្នាំៗ។
បន្ថែមពីនេះ អង្គភាពស៊ីម៉ាក់ ក៏បានសាងកម្លាំងស្ម័គ្រចិត្តជាបណ្តាញតាមភូមិដែលមានអាទិភាពខ្ពស់ចំនួនជាង៣ ៥០០ ភូមិ និងមានបណ្តាញស្ម័គ្រចិត្តជិត៤ ០០០ នាក់ នៅទូទាំងប្រទេស សម្រាប់បម្រើការងារអប់រំ ផ្សព្វផ្សាយការយល់ដឹងពីគ្រោះថ្នាក់ដោយសារមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម។
អង្គភាពស៊ីម៉ាក់ ក៏បានយកចិត្តទុកដាក់កសាងសមត្ថភាព និងការពង្រឹងទំនាក់ទំនងរវាងអជ្ញាធរមូលដ្ឋានទាំងកម្រិតភូមិ ឃុំ ស្រុក និងខេត្តជាយន្តការថ្នាក់ក្រោមជាតិយ៉ាងមានប្រសិទ្ធិភាពក្នុងការផ្សព្វផ្សាយយល់ដឹងពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និងឆ្លើយតបរាល់សំណូមពររបស់ប្រជាពលរដ្ឋ។
ជាក់ស្តែងក្នុងឆ្នាំ២០២៣ នេះអង្គភាពស៊ីម៉ាក់មានផែនការធ្វើការអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទះពីសង្គ្រាមដល់ក្រុមគោលដៅចំនួន១៥ ០០០លើក ស្មើនឹង៥៥០ ០០០ខ្នងផ្ទះ ប្រជាពលរដ្ឋចូលរួមសរុបចំនួន១ ២០០ ០០០នាក់។
ក្នុងរបាយការណ៍ដដែលលើកឡើងថា អង្គភាពស៊ីម៉ាក់ មាននីតិវិធីនិងបទដ្ឋានការងារច្បាស់លាស់ ព្រមទាំងមានការទួលស្គាល់កម្រិតជាតិ និងអន្តរជាតិជាមួយការប្រើប្រាស់សម្ភារបច្ចេកទេសទំនើបតែអ្វីដែលសំខាន់ចាំបាច់បំផុតនោះគឺធនធានមនុស្សប្រកបដោយចំណេះដឹង និងទេពកោសល្យ។ របាយការណ៍បញ្ជាក់ថា ៖ «ដូចនេះចំពោះការងារហ្វឹកហ្វឺនគឺបានបំពេញតួនាទីយ៉ាងសំខាន់ព្រោះថា បុគ្គលិកអ្នកដោះមីនទាមទាអោយមានពហុ ជំនាញកាន់តែប្រសើរឡើងរួមមានជំនាញផែនទី ជំនាញស្រាវជ្រាវ ជំនាញកម្ទេច និងដោះបន្សាបគ្រាប់មីនជាដើម។ CMACក៏បានហ្វឹកហ្វឺនជូនកម្លាំងនគរបាលជាតិនិងកងយោធពលខេមរភូមិន្ទមួយចំនួនផងដែរ»។
លើសពីនេះទៀត ដោយមើលឃើញនូវបទពិសោធន៍និងជោគជ័យរបស់អង្គភាពស៊ីម៉ាក់បានធ្វើឱ្យប្រទេសដែលមានបញ្ហាគ្រាប់មីននិងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះមួយចំនួនដូចជា ប្រទេសឡាវ ប្រទេសវៀតណាម ប្រទេសថៃ ស្រីលង្កា អ៊ីរ៉ាក់ ឃីដអង់ហ្គោឡា អ៊ុយក្រែនបណ្តាប្រទេសអាហ្វ្រីកនិង ប្រទេសកូឡុំប៊ីជាដើម បានស្នើសុំឱ្យCMACចែករំលែកបទពិសោធន៍របស់ខ្លួន។
សូមបញ្ជាក់ដែរថា ជាក់ស្តែងរាជរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានផ្តល់ការគាំទ្រអង្គភាពស៊ីម៉ាក់ ឱ្យជួយផ្តល់ការហ្វឹកហ្វឺនដល់មន្ត្រីជំនាញមីនជូនប្រទេសកូឡុំប៊ី អង់ហ្គោឡា អ៊ីរ៉ាក់ ឡាវ អ៊ុយក្រែន ប្រទេសអាហ្វ្រីកជាដើម។
លោក ហេង រតនា អគ្គនាយកអង្គភាពស៊ីម៉ាក់កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៤បានរៀបចំកិច្ចប្រជុំមន្ត្រីបុគ្គលិកផ្ទៃក្នុងដើម្បីលើកទិសដៅការអនុវត្តការងារសម្រាប់ឆ្នាំ២០២៤នេះ។
តាមរយៈហ្វេសប៊ុករបស់អង្គភាពស៊ីម៉ាក់លោកបានលើកឡើងពីស្ថានភាពគម្រោងនៃកងឯកភាពកម្ចាត់មីនទាំង៦ដែលនឹងត្រូវអនុវត្តបន្តពីឆ្នាំចាស់ដោយការចេញនូវផែនការបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមសរុបទូទាំងប្រទេសប្រមាណ ២៨៤ គីឡូម៉ែត្រក្រឡា និងអប់រំការយល់ដឹងពីគ្រោះថ្នាក់មីនដល់ប្រជាជនគោលដៅប្រមាណ២លាននាក់។
លោកបានបញ្ជាក់ថា ៖ «ស៊ីម៉ាក់ក៏មានផែនការក្នុងការធ្វើការស្រាវជ្រាវថ្មីឡើងវិញផងដែរដើម្បីឆ្លើយតបទៅនឹងផែនការក្រោយឆ្នាំ២០២៥»៕