ភ្នំពេញៈ របាយការណ៍គាំពារសង្គមនៅកម្ពុជា បានបង្ហាញថា កម្មវិធីផ្តល់អាហារតាមសាលារៀន បានជួយដល់កុមារ ៣០ ម៉ឺននាក់ នៅក្នុងសាលារៀនជាង ១ ០០០ កន្លែង ដែលកម្មវិធីនេះមានគោលបំណងផ្ដល់អាហារូបត្ថម្ភដល់កុមារ និងជួយលើកកម្ពស់គុណភាពសិក្សារបស់សិស្ស។
គិតចាប់ពីឆ្នាំ២០១៩ រហូតមកដល់ពេលនេះ កម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ បានចូលរួមចំណែកក្នុងការកសាងធនធានមនុស្ស និងជួយដល់កុមារ ៣០០ ០០០នាក់ នៅសាលារៀនចំនួន ១ ១១៤ ក្នុងខេត្តគោលដៅចំនួន៩ ដែលត្រូវបានគាំទ្រដោយរដ្ឋាភិបាលកម្ពុជា និងកម្មវិធីស្បៀងអាហារពិភពលោក។ នេះបើយោងតាមរបាយការណ៍ពីគាំពារសង្គមនៅកម្ពុជា បានឱ្យដឹងនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៤។
ប្រភពដដែលបានឱ្យដឹងថា កម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ មានគោលបំណងទ្រទ្រង់ការលូតលាស់កាយសម្បទា និងបញ្ញាស្មារតី ក្នុងការទទួលយកការសិក្សា តាមរយៈការផ្ដល់អាហារូបត្ថម្ភដល់កុមារ នៅតំបន់ដែលមានអសន្ដិសុខស្បៀងខ្ពស់ និងកម្រិតការអប់រំទាប ព្រមទាំងរួមចំណែកបង្កើនអត្រាចុះឈ្មោះចូលរៀន និងកាត់បន្ថយអត្រាបោះបង់ការសិក្សានៅបឋមសិក្សាផងដែរ។
ក្នុងរបាយការណ៍បញ្ជាក់ថា៖ «កម្មវិធីផ្ដល់អាហារតាមសាលារៀន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងស្មារតីជាតិដល់កុមារ ឱ្យមានគំនិតស្រឡាញ់សហគមន៍ និងសាលារៀន មានអារម្មណ៍ទទួលបានសមភាពសង្គម និងភាពជាផ្នែកមួយនៃការយកចិត្តទុកដាក់របស់សង្គម»។
ជាទិសដៅបន្តទៀតនៃកម្មវិធីនេះ នឹងអាចរៀបចំពង្រឹងបន្ថែមឱ្យក្លាយជាយន្តការស្ដុកទុកស្បៀង ដែលនឹងក្លាយជាការធានាភាពមានស្បៀងគ្រប់គ្រាន់ សម្រាប់កុមារនៅពេលមានគ្រោះអាសន្នកើតឡើង។ នេះបើតាមរបាយការណ៍គាំពារសង្គមនៅកម្ពុជា។
ប្រភពដដែលបានបន្តទៀតថា ជារួមកម្មវិធីផ្ដល់អាហារតាមសាលារៀន បាននិងកំពុងផ្ដល់អាហារូបត្ថម្ភដល់កុមារគ្រប់អាយុចូលរៀននៅតាមសហគមន៍ នៅតាមគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះ ដែលកំពុងប្រឈមនឹងអសន្តិសុខស្បៀង។ ក្រៅពីនេះ វាក៏រួមចំណែកជំរុញការចូលរៀនប្រកបដោយសមធម៌ ពង្រឹងប្រសិទ្ធភាពនិងគុណភាពអប់រំ និងបង្កើនការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។
ជាមួយគ្នានេះ នៅក្នុងរបាយការណ៍ បានបន្ថែមទៀតថា កម្ពុជាក៏បានរៀបចំនូវគោលនយោបាយជាតិស្ដីពី សុខភាពសិក្សា និងកំពុងរៀបចំគោលនយោបាយជាតិស្ដីពី ស្បៀងអាហារតាមសាលារៀនស្របទៅតាមចក្ខុវិស័យជាតិផងដែរ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្ដើមកម្មវិធីផ្ដល់អាហារតាមសាលារៀនពីឆ្នាំ១៩៩៩មក ដោយផ្ដើមពីការអនុវត្តកម្មវិធីផ្ដល់អាហារពេលព្រឹក ក្រោមការឧបត្ថម្ភពីកម្មវិធីស្បៀងអាហារពិភពលោក។
ក្រោយមកបានចាប់ផ្ដើមកម្មវិធីអាហារូបករណ៍ជាស្បៀងនៅឆ្នាំ២០០៤ និងសាកល្បងអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍នៅឆ្នាំ២០១៤ ក៏ដូចជាកម្មវិធីផ្ដល់អាហារថ្ងៃត្រង់នៅតាមសាលារៀននៅឆ្នាំ២០១៧។
ចាប់ពីឆ្នាំ២០១៩មក កម្ពុជាបានចាប់ផ្ដើមប្រែក្លាយកម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍នេះ ទៅជាកម្មវិធីជាតិមួយដោយប្រើប្រាស់ថវិកាជាតិ៕