ភ្នំពេញៈ លោក ស ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំដល់គ្រប់បណ្ដាប្រធាននាយកដ្ឋាន អង្គភាព និងស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ព្រមទាំងមន្ដ្រីទាំងអស់ ត្រូវពង្រឹងសមត្ថភាព និងដើរឱ្យទាន់សង្គមបច្ចេកវិទ្យាឌីជីថល ខណៈកន្លងទៅ និងមកទល់ពេលនេះ នៅមានប្រជាពលរដ្ឋជាច្រើន បានរងគ្រោះដោយសារក្រុមជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ពិសេសនៅតាមទីជនបទ។
លោកបានណែនាំបែបនេះ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយការងារបញ្ចូលសូចនាករ នៃវិធានការគន្លឹះក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលឆ្នាំ២០២១-២០៣៥ និងការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុឆ្នាំ២០២៣-២០២៨ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅទីស្តីការក្រសួងមហាផ្ទៃ នៅថ្ងៃទី២ ខែមករា ឆ្នាំ ២០២៤។
យោងតាមគេហទំព័រអគ្គស្នងការនគរបាលជាតិ លោក ស ថេត បានលើកឡើងថា នៅពេលរងគ្រោះប្រជាពលរដ្ឋតែងទៅដាក់ពាក្យបណ្ដឹង នៅតាមមូលដ្ឋាន ក៏ប៉ុន្ដែសមត្ថភាពនៃការជួយសង្គ្រោះរបស់មន្ដ្រីមូលដ្ឋានហាក់នៅមានកម្រិតនៅឡើយ។
លោកបានថ្លែងថា ៖ «ដើម្បីយើងយល់ដឹងក្នុងការគ្រប់គ្រង ទប់ស្កាត់ និងស្រាវជ្រាវបង្ក្រាបទៅលើបទល្មើសនេះ យើងត្រូវតែមានការយល់ដឹងពីបច្ចេកវិទ្យា ដើម្បីងាយស្រួលក្នុងការទំនាក់ទំនងជាមួយនាយកដ្ឋានជំនាញដើម្បីជួយគ្នា។ យើងត្រូវទទួលស្គាល់ថា មន្ដ្រីរបស់យើងមិនទាន់ទទួលបានការបណ្ដុះបណ្ដាលលើបញ្ហាអស់ទាំងនេះ ដូច្នេះបញ្ហាកើតឡើងច្រើន»។
នាឱកាសនោះដែរ លោក ស ថេត ក៏បានបញ្ជាក់ដែរថា តំបន់ដែលមានប្រជាពលរដ្ឋរងគ្រោះដោយសារបទល្មើសបច្ចេកវិទ្យាច្រើន គឺនៅខេត្តមណ្ឌលគិរី, រតនគិរី, សៀមរាប និងរាជធានីភ្នំពេញផ្ទាល់តែម្ដង ដូច្នេះហើយមន្ដ្រីនគរបាលទាំងអស់ ត្រូវតែពង្រឹងសមត្ថភាព ដើម្បីបង្កើននូវទំនុកចិត្តពីសំណាក់ប្រជាពលរដ្ឋ លើការដឹកនាំរបស់ប្រមុខនៃរាជរដ្ឋាភិបាល និងអង្គភាពចំណុះរាជរដ្ឋាភិបាល។
លោកបានមានប្រសាសន៍ថា ៖ «នៅពេលមន្ដ្រីនគរបាលទទួលបានការបណ្ដុះបណ្ដាល និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបហើយនោះ គឺអាចពន្យល់ណែនាំដល់ប្រជាពលរដ្ឋពីកលល្បិច នៃការបោកបញ្ឆោតរបស់ក្រុមឧក្រិដ្ឋជន ហើយនៅពេលសមត្ថកិច្ចគ្រប់គ្រងបទល្មើសនេះបាន នោះនឹងអាចឈានទៅដល់ការបង្ក្រាបបទល្មើសផ្សេងទៀត ដែលមានការពាក់ព័ន្ធបានដោយជោគជ័យផងដែរ»។
លោកអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏សម្រេចបង្កើតក្រុមការងាររាជរដ្ឋាភិបាលឌីជីថល បច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលក្រុមការងារនេះ មានតួនាទីសហការរៀបចំអនុវត្ត និងផ្សព្វផ្សាយពាក់ព័ន្ធការងារឌីជីថលថ្នាក់ជាតិ និងអន្ដរជាតិ, កសាងផែនការយុទ្ធសាស្ដ្រ ផែនការសកម្មភាព គ្រប់គ្រង តាមដាន ធ្វើបច្ចុប្បន្នភាពការងារ និងជាសេនាធិការលើការងារគ្រប់គ្រងឌីជីថលរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
ជុំវិញបញ្ហានេះ លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែមករា បានថ្លែងថា ជាធម្មតានៅពេលដែលមានការណែនាំពីថ្នាក់ដឹកនាំ លោក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នឹងធ្វើការផ្សព្វផ្សាយជូនដល់មន្ត្រីជំនាញ ដើម្បីបានដឹងជាព័ត៌មាន និងត្រៀមអនុវត្តបន្ត។
ទោះជាយ៉ាងណា លោកថា កន្លងមក នគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានជួយប្រជាពលរដ្ឋដែលរងគ្រោះជាច្រើនករណីដែលជាប់ព័ន្ធនឹងក្រុមជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ ថ្លែងថា ប្រព័ន្ធឌីជីថលនាពេលបច្ចុប្បន្ននេះកាន់តែទំនើប។ ដូច្នេះ សមត្ថកិច្ចនគរបាលត្រូវតែមានការបណ្តុះបណ្តាលជំនាញបន្ថែមលើប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ដើម្បីដើរឱ្យទាន់និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបង្ក្រាបបទល្មើសនានាដូចជាបទល្មើសបច្ចេកវិទ្យា និងឌីជីថល ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាដើម។
លោកបានបន្តថា៖ «យើងឃើញថា មានបទល្មើសជាច្រើនតាមបច្ចេកវិទ្យាអ៊ីនធឺណិត ដូចជាកម្ចីអនឡាញ ការជំរិតទាលុយដែលពលរដ្ឋយើងរងគ្រោះជាច្រើនដែលករណីទាំងនេះមន្រ្តីមានសមត្ថកិច្ចត្រូវតែរកឱ្យឃើញនូវជនល្មើស និងអនុវត្តទៅតាមច្បាប់»៕