អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជាបាន​ប្រាប់​ឱ្យដឹងថា បច្ចុប្បន្ននេះ វត្តមាន​សត្វ​ក្រៀល​ប្រមាណ​ជា ​៧០ ​ក្បាល កំពុង​រស់នៅក្នុង​តំបន់​ទេសភាព​អន្លង់​ព្រីង ខេត្តកំពត ខណៈដែល​ចំនួន​នេះ គឺមាន​ច្រើនជាង​វត្តមាន​សត្វ​ក្រៀល ក្នុង​ខេត្តបន្ទាយមានជ័យ និង​ខេត្តតាកែវ​។​

​លោក ប៊ិ ថុ​នា មន្ដ្រី​សម្របសម្រួល​គម្រោង​ស្រូវ​មិ​ត្ដ​ក្រៀល​នៃ​អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា បាន​ប្រាប់​ឱ្យដឹងថា គិត​មកដល់​បច្ចុប្បន្ន​នេះ វត្ដ​មាន​សត្វ​ក្រៀល​នៅ​តំបន់ការពារទេសភាព​អន្លង់​ព្រីង មាន​ចំនួន ៧០ ​ក្បាល ក្នុងនោះ​ក្រៀល​ជំទង់ មាន ​៨ ​ក្បាល​។

​លោក​បាន​បន្តថា មូលហេតុ​ដោយសារតែ​ការងារ​អភិរក្ស​សត្វ​ក្រៀល​របស់​អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា ក្រោម​កិច្ចសហការ​ជាមួយ​ក្រសួងបរិស្ថាន បាន​កំពុង​អនុវត្ដ​ «​គម្រោង​ស្រូវ​មិ​ត្ដ​ក្រៀល​»​ ដែល​ធ្វើឡើង​ក្នុង​គោលបំណង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​របប​អាហារ​សម្រាប់​មនុស្ស​និង​សត្វ​ក្រៀល​ដោយ​លើកទឹកចិត្ត​ឱ្យមាន​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ក្នុង​ការងារ​អភិរក្ស​ជីវចម្រុះ​។​

​លោក ប៊ិ ថុ​នា បាន​ថ្លែងថា​៖ «​បច្ចុប្បន្ននេះ យើង​កំពុងដំណើរការ​គម្រោង​ហ្នឹង ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ប្រព័ន្ធ​អេកូឡូស៊ី​ក្នុង​តំបន់ដីសើម ដោយ​កាត់បន្ថយ​ការប្រើប្រាស់​ជីគីមី​កសិកម្ម​ដែល​ជះ​ផលប៉ះពាល់​ដល់​សត្វ​ស្លាប ជាពិសេស​សត្វ​ក្រៀល​ដែលជា​ប្រភេទ​សត្វ​រងគ្រោះ​ជាស​កល​»​។​

​លោក​បាន​ឱ្យដឹងទៀតថា ដោយឡែកចំពោះ​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ​វិញ ការអភិរក្ស​សត្វ​ក្រៀល​បានធ្វើ​ឡើង​ក្នុង​សកម្មភាព​សំខាន់ៗ​មានដូចជា​៖ ការអង្កេត​និង​តាមដាន​ចំនួន​សត្វ​ក្រៀល​ជាប្រចាំ និង​ការធ្វើសកម្មភាព​អប់រំ​ផ្សព្វផ្សាយ​ទៅដល់​ប្រជា​សហគមន៍​មូលដ្ឋាន​ដែល​រស់នៅ​ជុំវិញ​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ ដោយ​ផ្ដោត​សំខាន់​ទៅលើ​ការ​ទុកដាក់​ការ​សំណល់​សារធាតុ​គីមីកសិកម្ម​ជាដើម​។

​លោក​បាន​បន្ថែមថា ក្នុង​ឆ្នាំ​ ២០២៣​ កន្លងទៅ មាន​សត្វ​ក្រៀល​ងាប់​តែ ១ ​ក្បាល​ប៉ុណ្ណោះ​ដែល​តាម​ការសន្និដ្ឋាន​ពី​អ្នកជំនាញ​ក្នុងស្រុក​ថា ប្រហែល​មកពី​ចាស់​ពេក ទើប​បណ្ដាលឱ្យ​ងាប់​។​

​ចំណែក​លោក ប៊ូ វរ​សក្ស នាយក​អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា បាន​ប្រាប់​ឱ្យដឹងថា តាម​លទ្ធផល​ជំរឿន​ចាប់ពី​ចុងឆ្នាំ​ ២០២២ ដល់​ឆ្នាំ​ ២០២៣ រាប់បាន​សត្វ​ក្រៀល​ចំនួន ១៨០​ ក្បាល ខណៈដែល​ជំរឿន​សត្វ​ក្រៀល​ចុងឆ្នាំ​ ២០២៣ ដល់​ឆ្នាំ​ ២០២៤​ នេះ កំពុង​ចាប់ផ្ដើម​រាប់​ជា​បណ្ដើរៗ​ហើយ​។

​លោក​បាន​បន្តថា ចំពោះ​ចំនួន​សត្វ​ក្រៀល នៅក្នុង​ខេត្ត​ទាំង​ ៣​ នេះដែរ បើ​ធៀប​ជាមួយ​ប្រទេស​ឡាវ និង​វៀតណាម គឺ​កម្ពុជា នៅមាន​ចំនួន​សត្វ​ក្រៀល​ដែល​នៅ​សេសសល់​ច្រើនជាងគេ​។​

​លោក​ថា​៖ «​វត្តមាន​សត្វ​ក្រៀល គឺមាន​សារៈសំខាន់​ជួយ​ដល់​ប្រព័ន្ធ​អេកូឡូស៊ី និង​ជួយ​ទាក់ទាញ​ទេសចរ​មកពី​ប្រទេស​នានា​ចូល​កម្ពុជា​ដើម្បី​ទស្សនា និង​ជា​ផ្នែក​មួយ​លើកស្ទួយ​កម្រិតជីវភាព​សម្រាប់​សហគមន៍​មូលដ្ឋាន​ផងដែរ​»​។​

​បើតាម​លោក ប៊ូ វរ​សក្ស បាន​បន្ថែមទៀតថា ប្រទេស​កម្ពុជា​នៅ​សេសសល់​វត្តមាន​សត្វ​ក្រៀល​ច្រើនជាង​ប្រទេសជិតខាង វា​ជាទី​មោទនភាព​ណាស់ ដូច្នេះហើយ​សូម​ចូលរួម​ក្នុង​កិច្ចការងារ​អភិរក្ស​សត្វ​នេះ​ទាំងអស់គ្នា ដោយ​គ្រាន់តែ​កុំ​ជាវ​ទំនិញ ឬ​ផលិតផល​ដែល​ផលិត​ចេញពី​សត្វព្រៃ​។​

​សូមបញ្ជាក់ថា តំបន់ការពារទេសភាព​អន្លង់​ព្រីង មាន​ផ្ទៃដី​សរុប ២១៧​ ហិកតា ត្រូវបាន​រាជរដ្ឋាភិបាល​បង្កើតឡើង​ជា​តំបន់​អភិរក្ស​ធនធានធម្មជាតិ​មួយ ដោយ​អនុក្រឹត្យ​លេខ ៨៤ អនក្រ​-​បក ចុះ​ថ្ងៃទី ​៩ ខែឧសភា ឆ្នាំ​ ២០១៦​។

​តំបន់ការពារទេសភាព​អន្លង់​ព្រីង បានផ្តល់​ជាទី​ជម្រក និង​ប្រភព​ចំណី​ដ៏​សំខាន់​សម្រាប់​សត្វ​ស្លាប​ទេសន្តរប្រវេសន៍​ជាច្រើន​ប្រភេទ ជាពិសេស​សត្វ​ក្រៀល​។ បន្ថែម​ពីនេះ តំបន់ការពារទេសភាព​អន្លង់​ព្រីង វា​ក៏​ជា​ជម្រក​របស់​សត្វ​ស្លាប​ផ្សេងទៀត​ដូចជា សត្វ​ខ្វែក​សមុទ្រ​ស្លាប​ឆ្នូត​ស ទាព្រៃ​ក្បាល​ឆ្នូត​ស ផងដែរ​៕