​ក្រសួងយុត្តិធម៌​ បានសម្រេច​បង្កើត​ក្រុមការងារ​ពិសេស​សម្រាប់​តាមដាន និង​ត្រួតពិនិត្យ​ការអនុវត្ត​របស់​សាលាជម្រះក្តី និង​អង្គការ​អយ្យការ​អម​សាលាជម្រះក្តី ទៅលើ​សំណុំរឿង​គ្រឿងញៀន ចរាចរណ៍ និង​អត្រានុកូលដ្ឋាន​។​

ការបង្កើត​នេះ ដើម្បី​ជំរុញ​និង​ព​ន្លឿ​ន​ការដោះស្រាយ​រឿងក្តី​នៅតាម​តុលាការ ក៏ដូចជា​ជំរុញ​យុទ្ធនាការ​ត្រួតពិនិត្យ​និង​ដោះស្រាយ​ភាពមិនប្រក្រតី​នៅតាម​តុលាការ​។ 

នេះ​បើ​យោងតាម​សេចក្តីសម្រេច​របស់​ក្រសួងយុត្តិធម៌​ចុះ​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២៤ ដែល​ក្រុមការងារ​ពិសេស​នេះ ដឹកនាំ​ដោយ​លោក​គឹម សន្តិភាព រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ និង​មាន​សមាជិក​២៤​រូប​ទៀត នៃ​ក្រសួងយុត្តិធម៌​ផ្ទាល់ ដែល​ក្រុមការងារ​នេះ​ហៅ​កាត់​ថា «​ក​.​គ​.​ច​.​អ​.»​។​

សេចក្តីសម្រេច​បានលើកឡើង​ថា ក្រុមការងារ​ពិសេស​នេះ​មាន​តួនាទី​ជា​សេនាធិការ​ប្រតិបត្តិ​រប​ស់​គណៈបញ្ជាការ​ដឹកនាំ​យុទ្ធនាការ ក្នុងការ​តាមដាន និង​ត្រួតពិនិត្យ ការអនុវត្ត​ច្បាប់​របស់​សាលាជម្រះក្តី និង​អង្គការ​អយ្យការ​អម​សាលាជម្រះក្តី​នៅ​គ្រប់​ដំណាក់កាល​នៃ​នីតិវិធី ចំពោះ​សំណុំរឿង​៣​យ៉ាង គឺពាក់ព័ន្ធ​នឹង​គ្រឿងញៀន ចរាចរណ៍ និង​អាត្រា​នុ​កូ​ល​ដ្ឋា​ន​។

 ក្រុមការងារ ក​.​គ​.​ច​.​អ​. មាន​តួនាទី និង​ភារកិច្ច ពិនិត្យ ផ្តល់យោបល់ និង​លើកសំណើ​វិធានការ​ចំពោះ​ភាពមិនប្រក្រតី​នៃ​ចំណាត់ការ​របស់​តុលាការ​ចំពោះ​សំណុំរឿង​គ្រឿងញៀន ចរាចរណ៍ និង​អត្រានុកូលដ្ឋាន ដែល​ត្រូវបាន​រកឃើញ​។ ក្រុមការងារ ក៏មាន​នាទី​សម្របសម្រួល​ការងារ និង​សហកា​ជាមួយ​សាលាជម្រះក្តី និង​ស្ថាប័ន​ពាក់ព័ន្ធ ក្នុង​ក្របខ័ណ្ឌ​ការងារ​ដែល​ស្ថិតក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​។​

លោក ​ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​៣០ ខែមករា​ថា ការបង្កើត​ក្រុមការងារ​ពិសេស​នេះ ជា​យន្តការ​របស់​គណៈ​បញ្ជាការ​ដឹកនាំ​យុទ្ធនា​ការធានា​ប្រសិទ្ធភាព​ការងារ​នៃ​ក្រសួងយុត្តិធម៌ ដែល​បាន​ដាក់ចេញ​នូវ​វិធានការ​៣ សំខាន់ៗ លើ​សំណុំរឿង​គ្រឿងញៀន ចរាចរណ៍ និង​អាត្រា​នុ​កូ​ល​ដ្ឋា​ន សម្រាប់​តុលាការ​យកទៅអនុវត្ត​។​
​លោក​បាន​ប្រាប់ថា​៖ «​ដើម្បី​ធានាបាន​នូវ​ប្រសិទ្ធភាព​ការងារ ទាល់​តែមាន​យន្តការ​តាមដាន និង​ត្រួតពិនិត្យ វាយតម្លៃ ហើយ​ក្រុមការងារ​ពិសេស​នេះ គឺជា​សេនាធិការ​ឱ្យ​គណៈបញ្ជាការ​ដឹកនាំ​យុទ្ធនា​ការតាមដាន ត្រួតពិនិត្យ ការងារ​របស់ខ្លួន​បាន​»​។​

ចំណែក​លោក ស៊ឹង សែន​ករុណា អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ក៏បាន​លើកឡើង​ដែរ​ថា កន្លងមក លោក​ក៏​ទទូច​ឱ្យមាន​គណៈកម្មការ​ធ្វើកា​រ​របៀបនេះ​ផងដែរ ដើម្បី​តាមដាន​ការអនុវត្ត​របស់​អាជ្ញា​ធរ​ថ្នាក់ក្រោម​ជាតិ​ទៅលើ​សំណុំរឿង​មួយចំនួន​ដែល​អនុវត្ត​ការងារ​ខ្លួន​មិនមាន​ប្រក្រតីភាព​។​

លោក​បន្តថា​៖ «​មែនទែនទៅ ខ្ញុំ​ចង់បាន​គណៈកម្មការ​ត្រួត​ពិនិត្យ​បែប​ហ្នឹង ប៉ុន្តែ​អ្វី​ជា​បញ្ហា ការអនុវត្ត​ទាំងនោះ​គប្បី​ធ្វើឡើង​ចំពោះ​ករណី​មិន​ប្រក្រតី​ហ្នឹងឯង កុំ​អនុវត្ត​ហួស​ពី​តួនាទី ទៅ​រំលោភ​អំណាច ឬ​ឯករាជភាព​របស់​តុលាការ​ដែរ​»​។ 

​លោក​បាន​បន្តថា បើ​រកឃើញ​ជន​ទាំងឡាយណា​អនុវត្ត​មិន​ស្របតាម​នីតិវិធី​ច្បាប់ ពុករលួយ បក្ខពួកនិយម គួរតែ​ហ៊ាន​អារកាត់ ដាក់ពិន័យ ដក​តួនាទី​តំណែង ឬ​ត្រូវ​ផ្តន្ទាទោស​ទៀត ក្នុងករណី​ល្មើសច្បាប់ បើ​មាន​ភ័ស្តុតាង​គ្រប់គ្រាន់​។​


​លោក ស៊ឹង សែន​ករុណា ចង់ឱ្យ​ក្រុមការងារ​ពិសេស​នេះ​ត្រូវមាន​ឯករាជភាព ហើយ​ហ៊ាន​ប្រឈមមុខ​នឹង​អ្នកមានអំណាច​ដែល​អនុវត្ត​មិន​ត្រឹមត្រូវ ដើម្បី​អាចឱ្យ​កំណែទម្រង់​ប្រព័ន្ធយុត្តិធម៌​របស់​រដ្ឋាភិបាល​អាច​សម្រេច​ទៅមុខ​បាន​។​

សូមជម្រាបថា នៅ​ដើមឆ្នាំ​២០២៤ ​នេះ ក្រសួងយុត្តិធម៌​ក៏បាន​ដាក់ចេញ​នូវ​យុទ្ធនាការ​២ ដែល​ទី​១ យុទ្ធនា​ការជំរុញ​និង​ព​ន្លឿ​ន​ការដោះស្រាយ​រឿងក្តី​នៅតាម​តុលាការ និង​ទី​២ យុទ្ធនាការ​ត្រួតពិនិត្យ និង​ដោះស្រាយ​ភាពមិនប្រក្រតី​នៅតាម​តុលាការ​។​

​ក្នុងនោះ ការបង្កើត​ក្រុមការងារ​ពិសេស​នេះ ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​របស់​ក្រសួង​យ​ត្តិ​ធម៌ ដើម្បី​ផ្តល់​សេវា​យុត្តិធម៌​ឱ្យ​ពលរដ្ឋ​លឿន ហើយ​អាច​ចូលរួម​ដោះស្រាយ​ភាពអយុត្តិធម៌ និង​ភាពប្រក្រតី​ក្នុង​ប្រព័ន្ធតុលាការ ដើម្បី​លើកកម្ពស់​យុត្តិធម៌ និង​ចំណាត់ការ​តុលាការ​៕