ក្រសួងសុខាភិបាល និងមូលនិធិ GX Foundation របស់ចិននឹងបន្តកិច្ចសហប្រតិបត្តិការលើគម្រោងពង្រីកកម្មវិធីវិស័យសុខាភិបាល លើសេវាសុខភាពភ្នែកនៅតាមបណ្តាខេត្ត ដែលជាផ្នែកមួយឈានទៅសម្រេចគោលដៅរបស់កម្ពុជា ក្នុងការលុបបំបាត់ភាពពិការភ្នែកដែលអាចបង្ការបាន នាឆ្នាំ២០៣០។
ការបន្តកិច្ចសហប្រតិបត្តិការក្នុងការពង្រីងវិស័យសុខាភិបាលនេះ ធ្វើឡើងតាមរយៈជំនួបរវាងលោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក LEUNG Chun-Ying អគ្គនាយកមូលនិធិ GX និងអនុប្រធានគណៈកម្មាធិការជាតិនៃប្រឹក្សានយោបាយប្រជាជនចិនកាលពីរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។
ក្នុងជំនួបនេះ លោក ឈាង រ៉ា បានលើកឡើងពីកិច្ចសហប្រតិបត្តិជាមួយមូលនិធិ GX កន្លងមក ដែលបានរួមចំណែកគាំទ្រលើកកម្ពស់សេវាសុខាភិបាល តាមរយៈការបញ្ជូនក្រុមគ្រូពេទ្យមកជួយវះកាត់ជំងឺភ្នែកឡើងបាយ ជូនប្រជាពលរដ្ឋកម្ពុជាបានចំនួន ៦ ២០៨ករណីមកហើយ។ នេះបើយោងតាមហ្វេសប៊ុកក្រសួងសុខាភិបាល។
លោក ឈាង រ៉ា បានបន្តថា ក្នុងនោះខេត្តកំពង់ចាម បានជួយវះកាត់អ្នកជំងឺសរុបចំនួន ៣ ០៤៥នាក់ ចាប់តាំងពីឆ្នាំ២០១៨ ដល់ឆ្នាំ២០១៩ ហើយនិងខេត្តព្រៃវែង ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២២ មកដល់ខែធ្នូ ឆ្នាំ២០២៣ ក្រោមគម្រោងលុបបំបាត់ភាពពិការភ្នែកដោយជំងឺភ្នែកឡើងបាយ។
លោកបានថ្លែងថា៖ «ក្រសួងបន្តកិច្ចសហប្រតិបត្តិការល្អនេះ លើការពិនិត្យមើលលទ្ធភាពជួយពង្រឹងសេវាសុខភាពភ្នែកនៅតាមបណ្តាខេត្ត និងមជ្ឈមណ្ឌលថែទាំភ្នែក នៅតាមមន្ទីរពេទ្យស្រុក និងនៅកម្រិតសហគមន៍ តាមរយៈការបំពាក់ឧបករណ៍បរិក្ខារ និងបច្ចេកវិទ្យាសម្រាប់ពិនិត្យ ព្យាបាល និងវះកាត់ភ្នែកជូនប្រជាជនកម្ពុជា»។
ជាការឆ្លើយតប លោក LEUNG Chun-Ying បានបញ្ជាក់ជំហរយ៉ាងមុតមាំរបស់មូលនិធិ ក្នុងការបន្តកិច្ចសហប្រតិបត្តិការ លើការពង្រីកគម្រោង «លុបបំបាត់ភាពពិការភ្នែកដោយជំងឺភ្នែកឡើងបាយ» ទៅខេត្តផ្សេងទៀតតាមការស្នើសុំរបស់ក្រសួងសុខាភិបាល។
លោកបានថ្លែងថា៖ «មូលនិធិ GX នឹងបន្តកិច្ចសហប្រតិបត្តិការ និងពង្រីកគម្រោងលុបបំបាត់ភាពពិការភ្នែកដោយជំងឺភ្នែកឡើងបាយ ទៅខេត្តផ្សេងទៀត ដើម្បីចូលរួមឈានទៅសម្រេចគោលដៅលុបបំបាត់ភាពពិការភ្នែកដែលអាចបង្ការបាននាឆ្នាំ២០៣០ នៅកម្ពុជា»។
ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានកោតសរសើរចំពោះមូលនិធិ GX Foundation ដែលមានការប្តេជ្ញាចិត្តក្នុងការពង្រឹកកិច្ចសហប្រតិបត្តិការដែលមានស្រាប់ជាមួយក្រសួងសុខាភិបាល ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកលស្របតាមផែនការយុទ្ធសាស្ត្របញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧នេះ។
ទន្ទឹមនឹងការបន្តគម្រោងពង្រីកសេវាសុខភាពភ្នែកនេះ នៅតាមមន្ទីរសុខាភិបាលរាជធានីខេត្តមួយចំនួន បាននិងកំពុងផ្ដល់សេវាពិនិត្យ វះកាត់ និងព្យាបាលភ្នែកជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃផងដែរ។ ក្នុងនោះរួមមាន៖ មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ មន្ទីរសុខាភិបាលខេត្តព្រះវិហារ មន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី និងមន្ទីរសុខាភិបាលខេត្តកណ្ដាលជាដើម។
ទាក់ទងនឹងមូលនិធិ GX Foundation នេះដែរ នៅថ្ងៃដដែលនោះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានជួបពិភាក្សាការងារជាមួយនឹងលោក Leung Chun-Yingនេះផងដែរ។
នាឱកាសនោះ លោកប្រធានមូលនិធិ បានលើកឡើងពីការបន្តកិច្ចសហប្រតិបត្តិការ និងគម្រោងពង្រីកកម្មវិធីចំនួន២ ដោយសហការជាមួយនឹងក្រសួងសុខាភិបាល រួមមាន៖ ការពង្រីកនូវការផ្ដល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែកឡើងបាយទៅតាមបណ្ដាខេត្តគោលដៅថ្មីៗ បន្ថែមទៀត និងការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាម។
ជាការឆ្លើយតប លោក ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់ មូលនិធិ GX Foundation នៅក្នុងការគាំទ្រទៅដល់វិស័យសុខាភិបាលកម្ពុជា និងបានស្វាគមន៍ចំពោះគម្រោងនៃការពង្រីកកម្មវិធីរបស់មូលនិធិ ក្នុងការគាំទ្រដល់វិស័យសុខាភិបាលកម្ពុជាបន្ថែមទៀត ដូចជាកម្មវិធីប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាមជាដើម។
ជាមួយគ្នានោះដែរ លោកក៏បានលើកទឹកចិត្តទៅដល់មូលនិធិ GX Foundation ឱ្យបន្តពង្រឹងនូវកិច្ចសហប្រតិបត្តិការ ទៅលើកម្មវិធីទាំងនេះ ជាមួយនឹងក្រសួងសុខាភិបាលបន្ថែមទៀត ជាពិសេស ក្នុងការកំណត់នូវបណ្តាខេត្តគោលដៅថ្មីៗ សម្រាប់ការផ្ដល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែកឡើងបាយ និងកម្មវិធីប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាម៕