នាយកដ្ឋានបុរាណវិទ្យា និងអភិរក្ស នៃអាជ្ញាធរជាតិសំបូរព្រៃគុក នឹងបើកការដ្ឋានជួសជុលប្រាសាទចំនួន ៦ កន្លែង នៅក្នុងរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ចាប់ពីដើមខែកុម្ភៈខាងមុខនេះ ដើម្បីជាផ្នែកមួយធ្វើឱ្យប្រាសាទសំបូរព្រៃគុក ស្ថិតនៅគង់វង្សសម្រាប់អ្នកជំនាន់ក្រោយ។
ការដ្ឋានជួសជុលប្រាសាទចំនួន ៦ កន្លែងនោះរួមមាន៖ ជួសជុលប្រាសាទបុះរាម, ជួសជុលប្រាង្គអដ្ឋកោណ Y ប្រាសាទត្រពាំងរពាក់, អភិរក្សសង្គ្រោះ គាំពារ ស្ថានីយដែលប្រឈមនឹងហានិភ័យ (តាមបណ្ដោយផ្លូវទៅរបងរមាស), ជួសជុលប្រាង្គ K1និង K2 ប្រាសាទរបងរមាស, កំណាយស្រាវជ្រាវ និងលើកតម្លៃប្រាសាទស្រទិច ស្ថានីយក្នុងតំបន់រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក និងចុងក្រោយការកំណាយសម្អាត និងជួសជុលប្រាង្គ Z2 Z4 និង Z5 ប្រាសាទត្រពាំងរពាក់។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់អាជ្ញាធរជាតិសំបូរព្រៃគុក។
លោក ផាន់ ណាឌី អគ្គនាយកនៃអាជ្ញាធរជាតិសំបូរព្រៃគុក បានប្រាប់ឱ្យដឹងនៅថ្ងៃទី៣០ ខែមករាថា ការងារថែទាំ និងជួសជុលប្រាសាទសំបូរព្រៃគុកនេះ គឺអាជ្ញាធរតែងតែធ្វើជារៀងរាល់ឆ្នាំ ខណៈដែលឆ្នាំ២០២៤នេះដែរ ខាងនាយកដ្ឋានបុរាណវិទ្យា និងអភិរក្ស នឹងធ្វើការជួសជុលប្រាសាទ ៦កន្លែងនៅក្នុងតំបន់រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក។
លោកបានថ្លែងថា៖ «យើងធ្វើការងារនេះជាប្រចាំ ដោយសារនៅប្រាសាទសំបូរព្រៃគុកភាគច្រើនជាប្រាសាទដែលសង់ពីឥដ្ឋ អញ្ចឹងវាខុសពីប្រាសាទដែលសង់ពីថ្មភក់ និងថ្មបាយក្រៀម ដែលអាចរុះរើ និងជួសជុលបាន ប៉ុន្តែប្រាសាទដែលសង់ពីឥដ្ឋ បើសិនជាបាក់ធ្លាក់ចុះមកហើយ យើងមិនអាចរុះរើជួសជុលឡើងវិញបានឡើយ»។
លោក ផាន់ ណាឌី បានឱ្យដឹងទៀតថា ក្រៅពីការងារជួសជុលប្រាសាទដែលមានសំណង់ពីឥដ្ឋទាំងនោះហើយ អាជ្ញាធរជាតិសំបូរព្រៃគុក ក៏មានការងារថែទាំ និងពង្រឹងប្រាសាទឥដ្ឋជាប្រចាំកុំឱ្យមានការធ្លាក់បាក់បែកទាន់ ជាពិសេសនៅរដូវវស្សា គឺមានហានិភ័យណាស់ ព្រោះអាចបណ្ដាលឱ្យឥដ្ឋ ពុកផុយធ្លាក់ចុះមកបាន។
លោកបានបញ្ជាក់ថា៖ «ការថែរក្សាប្រាសាទសំបូរព្រៃគុក គឺប្រៀបបាននឹងការថែរក្សាប្រវត្តិសាស្ត្រ និងអត្ដសញ្ញាណរបស់យើងឱ្យនូវគង់វង្ស ពីព្រោះប្រាសាទសំបូរព្រៃគុកជាប្រាសាទដែលកសាងសង់មុនសម័យអង្គរ។ ដូច្នេះយើងជាកូនខ្មែរត្រូវចូលរួមថែទាំទាំងអស់គ្នា»។
ទន្ទឹមនឹងការរក្សាបានប្រាសាទសំបូរព្រៃគុកឱ្យគង់វង្សហើយ វាក៏រួមចំណែកផ្ដល់អត្ថប្រយោជន៍ជួយទាក់ទាញភ្ញៀវទេសចរក្នុងស្រុក និងក្រៅស្រុកមកចូលទស្សនាកម្សាន្ត តាមរយៈការរៀបចំសណ្ដាប់ធ្នាប់ និងសោភណភាពរបស់ប្រាសាទឱ្យមានភាពស្រស់បំព្រង និងផ្សព្វផ្សាយពីសម្បត្តិបេតិកភណ្ឌវប្បធម៌ ប្រវត្តិសាស្ត្រ និងរបៀបរស់នៅប្រពៃណីរបស់សហគមន៍ក្នុងមូលដ្ឋានផងដែរ។ នេះបើតាមការបន្ថែមរបស់លោក ផាន់ ណាឌី។
សូមបញ្ជាក់ថា រមណីយដ្ឋានប្រវត្តិសាស្ត្រប្រាសាទសំបូរព្រៃគុក ស្ថិតនៅឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលមានចម្ងាយប្រមាណ ៤០ គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ធំ។ ប្រាសាទនេះ ត្រូវបានកសាងឡើងនៅពាក់កណ្តាលសតវត្សរ៍ទី៧ ដើម្បីឧទ្ទិសចំពោះព្រហ្មញ្ញសាសនា។ ប្រាសាទនេះ មានរចនាប័ទ្មសំបូរព្រៃគុក ដែលជារចនាប័ទ្មស្ថាបត្យកម្មដំបូងបំផុតដែលមានលក្ខណៈជាខ្មែរ។
ប្រាសាទសំបូរព្រៃគុក ក៏ត្រូវបានបញ្ជូលជាសម្បត្តិបេតិកភណ្ឌពិភពលោកផងដែរ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧៕