ភ្នំពេញៈ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានទទួលឯកសារប្រកាសទ្រព្យសម្បត្តិនិងបំណុល តាមរបប ២ ឆ្នាំ នៃឆ្នាំ ២០២៤ ជាង ១ ម៉ឺន ៨ ពាន់ច្បាប់ ដែលបានជិត ១០០% ហើយ បើគិតត្រឹមថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៤ ដែលអង្គភាពនេះបានទទួលឯកសារស្ទើរជាស្ថាពរ ហើយកំពុងមានដំណើរការដោយរលូនផងដែរ។
លោកសយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ ប្រាប់ឱ្យដឹងនៅថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៤ ថា ACU ទទួលបានការប្រកាសទ្រព្យសម្បត្តិពីមន្ត្រីនៃក្រសួង-ស្ថាប័ន ចំនួន ២៨ ក្នុងចំណោម ៤០ ខណៈនៅសល់ ១២ ស្ថាប័នទៀត ដែលជិតគ្រប់ ១០០% ហើយបូកនឹងឯកសារពីបណ្តារាជធានី-ខេត្ត ទាំង ២៥ ជាស្ថាពរដូចគ្នា ដែលគិតជាសរុបមានចំនួន ១៨ ០៥៣ ច្បាប់ ក្នុងចំណោម ១៨ ១៣២ បុគ្គលដែលមានកាតព្វកិច្ច ពោលគឺនៅសល់តែ ៧៩ ច្បាប់ទៀតតែប៉ុណ្ណោះ។
លោកបានសង្កត់ធ្ងន់ថា៖ «ការទទួលឯកសារប្រកាសទ្រព្យសម្បត្តិរបស់អង្គភាព បានប្រព្រឹត្តទៅយ៉ាងរលូន និងមានកិច្ចសហការប្រកបដោយភាពទទួលខុសត្រូវខ្ពស់ពីក្រសួង-សា្ថប័ន រាជធានី-ខេត្ត ក៏ដូចជាបុគ្គលដែលជាប់កាតព្វកិច្ចប្រកាសទាំងឡាយ»។
លោក សយ ច័ន្ទវិចិត្រ ក៏បានបញ្ជាក់ផងដែរថា ការប្រកាសទ្រព្យសម្បត្តិ និងបំណុលនេះធ្វើឡើងជាសម្ងាត់ ដោយអនុលោមតាមផ្លូវច្បាប់ ហើយក្នុងករណីមានតម្រូវការស៊ើបអង្កេតណាមួយ អង្គភាពនឹងធ្វើការស៊ើបអង្កេតនិងបើកឯកសារប្រកាសទ្រព្យ តាមរយៈការឯកភាពពីប្រធានអង្គភាព តួយ៉ាងដូចករណីលោកខេង យ័ន អតីតអភិបាលក្រុងកែបកន្លងទៅនេះ ដែល ACU ក៏បានប្រមូលភ័ស្តុតាងមួយចំនួនចេញពីឯកសារប្រកាសទ្រព្យសម្បត្តិរបស់បុគ្គលរូបនេះផងដែរ។
សូមបញ្ជាក់ថា ជនណាដែលមិនបានប្រកាសទ្រព្យសម្បត្តិ និងបំណុល ឬបានប្រកាសមិនត្រឹមត្រូវនូវទ្រព្យសម្បត្តិរបស់ខ្លួនទៅតាមបទប្បញ្ញត្តិនៃច្បាប់នេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ ខែ ទៅ ១ ឆ្នាំ និងពិន័យជាប្រាក់ពី ១ សែនរៀល ទៅ ២ លានរៀល ហើយត្រូវបានបង្ខំឱ្យធ្វើការប្រកាសទ្រព្យសម្បត្តិ ជូនអង្គភាពប្រឆាំងអំពើពុករលួយ យោងតាមមាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។ នេះបើយោងតាមការបញ្ជាក់ពីលោកញីវ បញ្ញារិទ្ធ ប្រធាននាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុលនៃអង្គភាពប្រឆាំងអំពើពុករលួយ។
លោកបានបន្ថែមថា៖ «ក្នុងករណី រឹងរូសមិនព្រមប្រកាសទ្រព្យសម្បត្តិទៀត ត្រូវផ្តន្ទាទោសទ្វេដង។ ដូច្នេះសូមបុគ្គលដែលមិនទាន់បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល សូមអញ្ជើញមកប្រកាសឱ្យបានរួសរាន់ តាមច្បាប់កំណត់»។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក សន ជ័យ នាយកអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា បានថ្លែងថា ដំណើរការប្រកាសទ្រព្យសម្បត្តិ និងបំណុលនេះ គឺជាដំណើរការនីតិវិធីច្បាប់តែប៉ុណ្ណោះ ប៉ុន្តែអ្វីដែលសំខាន់គឺចំណាត់ការទៅលើបញ្ហាអំពើពុករលួយដែលមានបណ្តឹងនានា ឬបុគ្គលដែលប្រកាសទ្រព្យសម្បត្តិមានករណីអាស្រូវអំពើពុករលួយ ឬរងការចោទប្រកាន់ពុករលួយពីពលរដ្ឋដែលរងគ្រោះជាដើម។
លោកបានបន្ថែមដោយខ្លីថា៖ «ការចាត់វិធានការទៅលើសំណុំរឿងអំពើពុករលួយឱ្យមានប្រសិទ្ធភាពទើបជារឿងដែលសំខាន់»។
សូមជម្រាបជូនថា ដោយអនុលោមទៅតាមនីតិវិធីច្បាប់ និងសេចក្តីជូនដំណឹងនៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ អង្គភាពប្រឆាំងអំពើពុករលួយ ទទួលយកឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប ២ ឆ្នាំ ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៤៕