ភ្នំពេញៈ កម្ពុជា-ឥណ្ឌូនេស៊ី បានបេ្តជ្ញាលើកកម្ពស់ទំនាក់ទំនងសភាពាណិជ្ជកម្ម និងទំនាក់ទំនងប្រជាជន និងប្រជាជននៃប្រទេសទាំង២ ជាពិសេសការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទំាង២ លើវិស័យពាណិជ្ជកម្មខណៈដែលប្រធានរដ្ឋសភាកម្ពុជា ស្នើឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ជួយជំរុញឱ្យបង្កើនការនាំចូលផលិតផលកម្ពុជាទៅប្រទេសនេះឱ្យកាន់តែច្រើនថែមទៀត។
ការលើកឡើងនេះបានធ្វើឡើងនៅក្នុងជំនួបរវាងលោកស្រី ឃួន សុដារី ប្រធានរដ្ឋសភា និងលោក សាន់តូ ដាម៉ូស៊ូម៉ាតូ (Santo Darmosumarto) ឯកអគ្គរដ្ឋទូតថ្មី នៃប្រទេសឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជាកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា។ នេះបើយោងតាមហ្វេសប៊ុករបស់លោកស្រី ឃួន សុដារី។
លោក សាន់តូ ដាម៉ូស៊ូម៉ាតូ លើកឡើងថា នៅក្នុងអាណត្តិបេសកកម្មការទូតរបស់លោកនៅកម្ពុជា លោកនឹងខិតខំលើកកម្ពស់ទំនាក់ទំនងសភាប្រទេសទំាង២ ទំាងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។
លោកបានបញ្ជាក់ថា៖«យើងនឹងខិតខំជំរុញកិច្ចសហប្រតិបត្តិការ រវាងប្រទេសទំាង២ លើវិស័យពាណិជ្ជកម្ម ទំនាក់ទំនងប្រជាជននិងប្រជាជន រួមនឹងវិស័យអប់រំ ឱ្យមានការរីកចម្រើនថែមទៀតផងដែរ»។
ជាមួយគ្នានោះ លោកស្រី ឃួន សុដារី ក៏បានឆ្លើយតបវិញដែរថា រដ្ឋសភាបានត្រៀមខ្លួនជានិច្ច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយស្ថានទូតឥណ្ឌូនេស៊ី សំដៅពង្រឹង និងលើកកម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការប្រទេសទំាង២ឱ្យកាន់តែរឹងមាំ ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយថែមទៀត។
លោកស្រីបានបញ្ជាក់ថា៖«កម្ពុជានិងឥណ្ឌូនេស៊ី មានសក្តានុពលជាច្រើនដែលអាចពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត ទាំងវិស័យការទូត ពាណិជ្ជកម្ម អប់រំ កសិកម្ម ទេសចរណ៍ ជាពិសេសទំនាក់ទំនងប្រជាជន និងប្រជាជន ដែលនឹងនាំមកនូវផលប្រយោជន៍ដល់ប្រទេសទំាង២ដូចគ្នា»។
លោកស្រី បានបន្ថែមថា បេសកកម្មការទូតរបស់លោក សាន់តូ ដាម៉ូស៊ូម៉ាតូ នៅកម្ពុជា ស្របពេលទំនាក់ទំនងប្រទេសទំាង២បានឈានដល់ខួបទី៦៥ឆ្នាំ និងក្នុងពេលដែលរដ្ឋសភានិងរាជរដ្ឋាភិបាលអាណត្តិទី៧ បានបង្កើតឡើងក្រោយការបោះឆ្នោត ដោយសេរី និងយុត្តិធម៌ កាលពីខែកក្កដា កន្លងមក។
ទាក់ទងនឹងការជំរុញការនាំចេញផលិតផលកម្ពុជា ទៅកាន់ប្រទេសឥណ្ឌូនេស៊ីនេះដែរលោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា ឥណ្ឌូនេស៊ី ជាទីផ្សារដ៏ធំមួយ និងមានសក្តានុពលមួយដែរ ក្នុងតំបន់អាស៊ាននេះ ខណៈដែលប្រទេសនេះក៏ជាប្រទេសអ្នកផលិតដ៏ធំមួយផងដែរ។
លោកបានបន្ថែមទៀតថា កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ កម្ពុជា បាននាំចេញអង្ករជាលើកដំបូងរបស់ខ្លួន ទៅកាន់ឥណ្ឌូនេស៊ីរួចហើយ ដូច្នេះ នៅពេលដែលកិច្ចសហប្រតិបត្តិការល្អមិនត្រឹមតែភាគីរដ្ឋនិងរដ្ឋទេ រួមទាំងវិស័យឯកជននិងឯកជនទៀត ច្បាស់ណាស់ ការនាំចេញនាំចូលរវាងប្រទេសទាំង២នឹងមានការកើនឡើង។
លោក លឹម ហេង បានបញ្ជាក់ថា៖«ក្នុងជំនួបរវាងរដ្ឋាភិបាលនាពេលកន្លងទៅ យើងឃើញរដ្ឋយើងបានជំរុញភាគីឥណ្ឌូនេស៊ី នាំចូលផលិតផលកសិកម្មពីកម្ពុជា ដូចជា អង្ករ ដំឡូងមី គ្រាប់ស្វាយចន្ទី និងស្វាយជាដើម ដែលជាផលិតផលសក្តានុពលរបស់កម្ពុជា និងកំពុងត្រូវបានជំរុញឱ្យមានការនាំចេញទៅកាន់ទីផ្សារអន្តរជាតិនានាទៀតដែរ»។
លោកបន្ថែមថា ៖ «យើងក៏ចង់ឱ្យខាងឥណ្ឌូនស៊ី អាចវិនិយោគលើវិស័យកសិកម្ម ដូចជាការបង្កើតរោងម៉ាស៊ីនកិនស្រូវ ការកែច្នៃដំឡូងមីជាផលិតផលឱសថ និងប្រដាប់វេចខ្ចប់ សម្រាប់ប្រើប្រាស់ក្នុងស្រុក និងនាំចេញ ការកែច្នៃស្វាយ និងផ្លែឈើផ្សេងៗជាដើម»។
យោងតាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្ម បានបង្ហាញថា នៅក្នុងរយៈពេល១២ខែឆ្នាំ២០២៣ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌូនេស៊ី សម្រេចបានក្នុងទំហំទឹកប្រាក់ ១ ០៨៧ លានដុល្លារ កើនឡើងជាង១៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។
ផលិតផលសំខាន់ៗ ដែលកម្ពុជានាំចូលមកពីឥណ្ឌូនេស៊ី រួមមាន ថ្នាំជក់ ធ្យូងថ្ម គ្រាប់ធញ្ញជាតិ ត្រាក់ទ័រ ឱសថ គ្រឿងម៉ាស៊ីន ក្រណាត់មានព្រុយ ប្រេងចម្រាញ់។ ដោយឡែកចំពោះផលិតផលដែលកម្ពុជា នាំចេញទៅទីផ្សារ ឥណ្ឌូនេស៊ីវិញ មានដូចជា ផលិតផលសម្លៀកបំពាក់ កាត់ដេរ ស្បែកជើង ក្រណាត់ចាក់ឬត្បាញ វ៉ាលិស ក្រដាសផ្កា កែវ គ្រឿងអេឡិចត្រូនិក ផលិតផលប្លាស្ទិក និងផលិតផលបន្ទាប់បន្សំ បម្រើឱ្យការផលិតផ្សេងៗទៀត៕