​នាយក​អន្តរជាតិ​នៃ​អង្គការ​សហព័ន្ធ​សន្តិភាព​សកល (Universal Peace Federation-UPF) លោក Charles Yang បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​គំរូ​វីរភាព​ក្នុងការ​ដឹកនាំ​រដ្ឋ និង​ការកសាង​ប្រទេស​របស់លោក ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី ដែល​បាន​ដឹកនាំ​កសាង​ប្រទេស​ឈានទៅរក​សុខសន្តិភាព​នៅ​ទូទាំងប្រទេស​។​

លោក Charles Yang បាន​ថ្លែង​ដូចនេះ​ក្នុងឱកាស​ដែល​លោក ហ៊ុន សែន បានអនុញ្ញាត​ឱ្យ​លោក ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ កាលពី​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២៤​។ នេះ​បើ​យោងតាម​លទ្ធផល​នៃ​ជំនួប​ដែល​បាន​ផ្សព្វផ្សាយ​តាមរយៈ​ហ្វេ​ស​ប៊ុ​កលោក ហ៊ុន សែន​។ 

ប្រភព​ដដែល​បាន​លើកឡើងថា ៖ «​លោក​Charles Yang វាយតម្លៃ​ខ្ពស់​នូវ​គំរូ​វីរភាព​ក្នុងការ​ដឹកនាំ​រដ្ឋ និង​ការកសាង​ប្រទេស​របស់​សម្តេច​តេ​ជា ហ៊ុន សែន និង​មាន​ជំនឿ​មុតមាំ​ថា នយោបាយ​ឈ្នះ​-​ឈ្នះ ដ៏​ល្បីល្បាញ​របស់​សម្តេច​តេ​ជា ហ៊ុន សែន អាច​នឹង​រួមចំណែក​ដល់​ការកសាង​សន្តិភាព និង​ការបង្រួបបង្រួម​ជាតិ​នៅក្នុង​តំបន់ និង​ពិភពលោក ជាពិសេស​ផ្តល់​ជា​ធាតុ​ចូល​ដ៏​សំខាន់​មួយ​ក្នុងការ​ស្វះ​ស្វែងរក​សន្តិភាព និង​ការបង្រួបបង្រួម​ឧបទ្វីប​កូរ៉េ​»​។​

​ក្នុងជំនួប​នោះដែរ លោក ហ៊ុន សែន ប្រធាន​ក្រុម​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​អរគុណ​ដល់​លោក Charles Yang ដែល​បាន​ចូលរួម​សង្កេតការណ៍​បោះឆ្នោត​សកល​ឆ្នាំ​២០២៣​កន្លងទៅ និង​បាន​ចូលរួមចំណែក​ដល់​ការកសាង​ធនធានមនុស្ស តាមរយៈ​កម្មវិធី​អាហារូបករណ៍ និង​បណ្តុះបណ្តាល​ផ្សេងៗ​។​

ឆ្លៀតឱកាស​នោះដែរ លោក ហ៊ុន សែន ក៏បាន​ស្នើ​ក្រុមហ៊ុន​សាជីវកម្ម Lotte ដែលជា​ក្រុមហ៊ុនចម្រុះ​ជាតិ​សាសន៍​របស់​កូរ៉េខាងត្បូង និង​ជា​ក្រុមហ៊ុន​ធំជាងគេ​ទី​៥ នៅ​សាធារណរដ្ឋ​កូរ៉េ បង្កើន​ការវិនិយោគ​មកកាន់​ប្រទេស​កម្ពុជា​។​

​លោក​ក៏បាន​ស្នើ​ឱ្យមាន​ការជួយ​ដល់​ផែនការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ដល់​យុវជន​១,៥ លាន​នាក់ រួមទាំង​ការ​គាំពារ​ដល់​ស្ត្រី ដែលជា​តម្រូវ​ការចាំបាច់​បំផុត​មួយ​របស់​កម្ពុជា ក្នុងដំណាក់កាល​ថ្មី​។​

ប្រភព​ដដែល​បានបញ្ជាក់​ទៀតថា កិច្ចសន្ទនា​រវាង​ថ្នាក់ដឹកនាំ និង​អង្គការ​សង្គម​ស៊ីវិល​គឺ​បានផ្តល់​នូវ​តម្លៃ​នៃ​ការយោគយល់ និង​ការចែករំលែក​បទពិសោធ​ន៍​ល្អៗ ដែលមាន​ផលប្រយោជន៍​ផ្ទាល់​ដល់​សង្គម និង​ប្រជាជន ​ដែល​ស្រឡាញ់​សន្តិភាព​។​

សូម​បញ្ជាក់ដែរថា សហព័ន្ធ​សន្តិភាព​សកល (UPF) ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ​២០០៥ ដែល​សហព័ន្ធ​សន្តិភាព​សកល គឺជា​បណ្តាញ​នៃ​គ្រួសារ និង​ស្ថាប័ន​អន្តរជាតិ និង​អន្តរ​សាសនា ដែលមាន​អ្នកតំណាង​មកពី​គ្រប់​សាសនា រដ្ឋាភិបាល សង្គម​ស៊ីវិល និង​វិស័យ​ឯកជន ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ ដើម្បី​រួបរួមគ្នា​បង្កើត​ពិភពលោក​សន្តិភាព​មួយ​។​

សមាជិក​ទាំងអស់ គឺជា​សង្គម​គ្រួសារ​មួយ​ដែល​អាច​រស់នៅ និង​ធ្វើការ​ជាមួយគ្នា​ដោយ​សុខដុមរមនា មាន​វិបុលភាព​រួមគ្នា និង​ចេះ​គោរព​គ្នា​ទៅវិញទៅមក ក្រោម​ការប្តេជ្ញាចិត្ត​រួមគ្នា ក្នុង​កិច្ចសហប្រតិបត្តិការ​តាមរយៈ​អភិបាលកិច្ច​ល្អ​៕