លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា ភាពអំណោយផលច្រើនក្នុងការធ្វើទាំងស្រូវវស្សា និងស្រូវប្រាំង ក្នុងពេលកន្លងមក ស្របពេលដែលតម្លៃក៏ឡើងខ្ពស់ បានជំរុញឱ្យប្រជាកសិករសម្រុកធ្វើស្រូវប្រាំងលើសផែនការ ដែលនាំឱ្យមានការប្រឈមក្នុងការខ្វះខាតទឹកសម្រាប់ការដាំដុះ។
លោកនាយករដ្ឋមន្ត្រីបានថ្លែងបែបនេះ នៅពេល ដែលលោកបានចូលរួមជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទូទាំងប្រទេសឆ្នាំ២០២៣ និងទិសដៅអនុវត្តឆ្នាំ២០២៤ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នាទីស្តីការក្រសួងកសិកម្ម។
លោនាយករដ្ឋមន្ត្រី បានថ្លែងដូច្នេះថា៖«កិច្ចការនេះ គឺជាកិច្ចការដែលត្រូវតាមដានជាប់ជាប្រចាំ ហើយជាពិសេសនៅឆ្នាំនេះ ដែលពិភពលោកបានវាយតម្លៃពីហានិភ័យនៃបាតុភូតអែលនីណូ ដែលមានរយៈពេលវែង។ ពិតណាស់ឆ្នាំទៅ យើងមានអំណោយផលច្រើនក្នុងការធ្វើទាំងស្រូវវស្សា និងស្រូវប្រាំង ដោយតម្លៃក៏ឡើងខ្ពស់ល្អ។ តែដោយសារតម្លៃស្រូវខ្ពស់នេះ ប្រជាកសិករក៏បានសម្រុកធ្វើស្រូវប្រាំងលើសផែនការ។ពិតណាស់នេះគឺជាកិច្ចការល្អរបស់យើង ប៉ុន្តែយើងមិនត្រូវមើលតែចំពោះមុខនោះទេ»។
លោកបានបន្តថា ៖ «អ៊ីចឹងបានកន្លងទៅមានគេសួរថា ហេតុអ្វីបានជាខេត្តខ្លះ ចេញការណែនាំមិនឱ្យប្រជាជនធ្វើស្រូវប្រាំងជុំទី២? ទឹកនៅក្នុងអាងរបស់យើង គឺប្រើប្រាស់សម្រាប់ការធ្វើស្រូវ និងប្រជាជនប្រើប្រាស់ អ៊ីចឹងការធានារបស់យើងគឺត្រូវគិតនៅក្នុងផែនការជាក់ស្តែង។ ការជួយសង្គ្រោះរបស់រដ្ឋបាលខេត្តជាច្រើនបានទាន់ពេលវេលា»។
ជាមួយគ្នានោះលោកក៏បានថ្លែងអំណរគុណចំពោះការស្តុកទឹកក្នុងរដូវវស្សាសម្រាប់ការប្រើប្រាស់ តែក៏ឃើញថា ទំហំទឹកគឺធ្លាក់ចុះមួយចំនួន ហើយកន្លែងខ្លះ ធានាបាននូវការដោះស្រាយបញ្ហា តែកន្លែងខ្លះអាជ្ញាធរខេត្តក៏ត្រូវដាក់ម៉ាស៊ីនបូមទឹកជូនប្រជាពលរដ្ឋ។
លោកបានបញ្ជាក់ថា៖«ក្នុងស្មារតីនេះ គឺខ្ញុំសូមអរគុណណាស់ចំពោះអាជ្ញាធរខេត្ត ស្រុករបស់យើង ដែលបានអន្តរាគមន៍ទាន់ពេល។ប៉ុន្តែការថែរក្សាទឹកទុក សម្រាប់ប្រើប្រាស់ជាយុទ្ធសាស្ត្រក្នុងរយៈពេលវែង ជាពិសេសឆ្នាំដែលយើងអាចព្យាករការខ្វះខាតទឹកនេះ គឺទាមទារឱ្យយើងធ្វើផែនការ និងការអនុវត្តជាជំហានៗ ដើម្បីធានាការដោះស្រាយចំពោះមុខ និងបម្រុងក្នុងរយៈពេលវែងតទៅទៀត។សូមប្រជាពលរដ្ឋទាំងអស់ ជាពិសេសកសិកររបស់យើង សូមចូលរួមនៅក្នុងការងារនេះ»។
លោក ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា វិស័យកសិកម្ម ជាវិស័យអាទិភាពដ៏សំខាន់មួយ ដែលចូលរួមចំណែកក្នុងការធានាសន្តិសុខស្បៀង ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជនបទ លើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ។
លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បាននិយាយថា គិតត្រឹមថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ការដាំដុះស្រូវប្រាំងទូទាំងប្រទេសជាង ៧៤ ម៉ឺនហិកតា ក្នុងពេលដែលក្រសួងកសិកម្មបានដាក់នូវផែនការក្នុងរង្វង់ ៥០ម៉ឺនហិកតាប៉ុណ្ណោះ ខណៈដែលកន្លែងខ្លះកំពុងតែបន្តដាំដុះទៀតនៅឡើយ ដែលនាំឱ្យមានបញ្ហាប្រឈមមួយចំនួនក្នុងការខ្វះខាតទឹកនេះ។
លោកបានបញ្ជាក់ថា៖«កម្ពុជា មិនដែលមានការដាំដុះច្រើនបែបនេះទេ ដោយកន្លងមកការដាំដុះស្រូវប្រាំងមានច្រើនបំផុត ៦៦ ម៉ឺនហិកតា តែប៉ុណ្ណោះ តែពេលនេះ ការដាំដុះកើនដល់ ៧៥ ម៉ឺនហិកតា ខណៈដែលការដាំដុះនៅតែបន្តនៅឡើយ ។
ចុងក្រោយការដាំដុះនឹងបន្តកើនឡើងដល់ ៨០ ម៉ឺនហិកតា។ ជាក់ស្តែង ខេត្តតាកែវ ផែនការដាំដុះជាង ៨ ម៉ឺនហិកតា តែការដុះបច្ចុប្បន្នបានកើនដល់ជាង ១០ ម៉ឺនហិកតា ហើយ ប៉ុន្តែក្រុមការងារបានជួយដោះស្រាយបានច្រើន ដែលការប៉ះពាល់មានតិចតួចក្នុងខ្ទង់រយហិកតាប៉ុណ្ណោះ»។
បែបនេះក្តី លោក ចាន់ យុត្ថា ថា បណ្តាខេត្តមួយចំនួន អាចប្រឈមការប៉ះពាល់ធ្ងន់ធ្ងរ ដូចជាខេត្តពោធិ៍សាត់ បាត់ដំបង ដោយសារខេត្តទាំងនេះ បានដាំដុះលើសផែនការ ២ ដង ឬច្រើនជាងនេះ ហេតុនេះស្ថានភាពប្រឈមពីខេត្តមួយទៅខេត្តមួយទៀត គឺមិនដូចគ្នា។បញ្ហានេះកើតឡើងក៏ដោយសារការគួបផ្សំនឹងបាតុភូតអែលនីណូផង ដែលបានជះឥទ្ធិពលដល់ប្រទេសកម្ពុជាហើយនៅក្នុងខែមេសា និងឧសភា ខាងមុខ គ្រោះរាំងស្ងួត និងកម្តៅនឹងកើនឡើងចន្លោះ៣៩ ទៅ ៤៤ អង្សា។
លោកបានបញ្ជាក់បន្ថែមថា៖«ជាវិធានការ យើងនៅតែបន្តអន្តរាគមន៍ជាបន្តបន្ទាប់ ដោយតំបន់ខ្លះត្រូវបូមទឹកដាក់២ និងតំបន់ខ្លះឈានដល់ ៤ ដង ទើបអាចសង្គ្រោះស្រូវទាំងនោះបាន។ជាមួយគ្នានោះដែរ មានឃុំមួយចំនួននៅក្នុងខេត្តពោធិ៍សាត់ បានខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃរួចទៅហើយ ទើបក្រុមការងារមន្ទីរ ត្រៀមមធ្យោបាយក្នុងការដឹកជញ្ជូនទឹកដល់បងប្អូនប្រជាពលរដ្ឋដែរ»។
ជាមួយគ្នានេះដែរ លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងដែរថា យោងតាមរបាយការណ៍ពីសភាពាណិជ្ជកម្មតាមខេត្ត ដែលរាយការណ៍មក ដោយសារតម្លៃឡើងថ្លៃ ដែលធ្វើឱ្យកសិករបង្កើនការផលិត ដែលធ្វើឱ្យផ្ទៃដីធ្វើស្រែ មានទំហំលើសបរិមាណទឹកដែលមាន។
បែបនេះក្តីលោកបានមើលឃើញថា នេះឱកាសល្អទៅវិញ ដោយលោកបានបញ្ជាក់ថា៖« វាជាឱកាសល្អមួយដែរ ដែលថ្នាក់ដឹកនាំរាជរដ្ឋាភិបាលយកចិត្តទុកដាក់បន្ថែម ដោយនៅក្នុងករណីនេះ បើសិនជាប្រជាជនផលិតស្រូវប្រាំងកើនឡើងបែបនេះ ក្នុងបរិមាណលើសផែនការកំណត់បែបនេះ តើគួរត្រៀមទឹកដោយរបៀបណា? នេះហើយជាការបង្កើនលទ្ធភាពឱ្យថា្នក់ដឹកនាំរាជរដ្ឋាភិបាល សិក្សាពីធារាសាស្ត្របន្ថែមទៀត ដើម្បីផ្គត់ផ្គង់ទឹកពេលរដូវប្រាំង»។
នាឱកាសបិទសន្និបាតនោះដែរ លោកនាយករដ្ឋមន្ត្រីបានផ្តល់អនុសាសន៍មួយចំនួន ដូចជាការជំរុញឱ្យពង្រឹងទីផ្សារចាស់ ពង្រីកទីផ្សារថ្មីៗ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី,ការជំរុញផ្សព្វផ្សាយផលិតផល ១ ឬ ២ មុខឱ្យបានទូលាយ និងច្បាស់លាស់ តាមរយៈការសិក្សាទីផ្សារឱ្យបានច្បាស់លាស់ប្រសើរជាងការផ្សព្វផ្សាយច្រើនមុខពេក។
ការជំរុញឱ្យមានកិច្ចសហការរវាងអន្តរស្ថាប័ន និងត្រូវមានការឯកភាពគ្នាជាមុនសិន មុននឹងការអនុវត្ត ជាពិសេសក្រសួងកសិកម្មត្រូវបន្តអនុវត្តជាមួយក្រសួងស្ថាប័នផ្សេងទៀត ដើម្បីលើកកម្ពស់វិស័យកសិកម្មបន្ថែមទៀត, ការបន្តផ្តល់ហិរញ្ញប្បទានដល់វិស័យកសិកម្ម សម្រាប់ការលើកម្ពស់កំណើនប្រកបដោយចីរភាពនិងបរិយាបន្ន,ការបន្តការអភិរក្សធនធានជលផល រួមមានព្រៃលិចទឹក ព្រៃកោងកាង និងការអភិរក្សត្រីមេពូជ សត្វផ្សោតទន្លេមេគង្គ,ការលើកទឹកចិត្តដល់វិស័យឯកជន វិនិយោគក្នុងការកែច្នៃផលិតផលវារីវប្បកម្ម និងកាត់បន្ថយការនាំចូលជាដើម៕