ភ្នំពេញៈ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក សុខ ចិន្តាសោភា បានកោតសរសើរនូវកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសសមាជិកអាស៊ានក្នុងការបញ្ចប់សេចក្ដីសម្រេចចិត្ត ២ ឆ្នាំម្តងស្ដីពី «សន្ធិសញ្ញាតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ»។
លោកលើកឡើងដូចនេះតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ថ្ងៃទី ៣០ ខែមករា ស្តីពី «លទ្ធផលនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៤ នាទីក្រុងហ្លួងព្រះបាង សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ»។
សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសអាស៊ានបានសម្តែងការគាំទ្រចំពោះអាទិភាពរបស់ឡាវ ក្នុងនាមជាប្រធាន អាស៊ានឆ្នាំ ២០២៤ ក្រោមមូលបទ «អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់»។
ចំពោះ «ការពង្រឹងការតភ្ជាប់» មានអាទិភាពចំនួន ៤ ពោលគឺ៖ សមាហរណកម្ម និងការតភ្ជាប់សេដ្ឋកិច្ច ការបង្កើតអនាគតរួមប្រកបដោយបរិយាបន្ន និងចីរភាព, ការផ្លាស់ប្ដូរទៅរកអនាគតឌីជីថល និងការលើកកម្ពស់តួនាទីវប្បធម៌ និងសិល្បៈអាស៊ានដើម្បីឱ្យមានបរិយាបន្ន និងចីរភាព។
ប្រភពដដែលបន្តថា ចំពោះការពង្រឹង ភាពធន់ មានអាទិភាពចំនួន ៥ ពោលគឺ៖ ការបង្កើតផែនការយុទ្ធសាស្ត្រដើម្បីអនុវត្តចក្ខុវិស័យ សហគមន៍អាស៊ានឆ្នាំ ២០៤៥, ការលើកកម្ពស់មជ្ឈភាពអាស៊ាន, ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ, លើផ្នែកបរិស្ថាន ការលើកកម្ពស់តួនាទីស្ត្រី និងកុមារឆ្ពោះទៅរកការផ្លាស់ប្តូរឥរិយាបថក្នុងអាស៊ាន និងការពង្រឹងភាពធន់ នៃការអភិវឌ្ឍសុខាភិបាលអាស៊ានក្នុងបរិបទថ្មី។
នៅក្នុងកិច្ចប្រជុំចង្អៀតនេះដែរលោក សុខ ចិន្តាសោភា ក៏បានថ្លែងដោយកោតសរសើរ ពីកិច្ចខិតខំប្រឹងប្រែង របស់ប្រទេសសមាជិកអាស៊ានក្នុងការបញ្ចប់សេចក្ដីសម្រេចចិត្ត ២ ឆ្នាំម្តង ស្ដីពីសន្ធិសញ្ញាតំបន់អាស៊ី អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ដែលឈានទៅដល់ការអនុម័តសេចក្ដីសម្រេចចិត្តនេះ ដោយគណៈកម្មាធិការទី ១ នៃសម័យប្រជុំលើកទី ៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ។
លោកបញ្ជាក់តាមរយៈសេចក្តីប្រកាសព័ត៌មានថា៖ «ការណ៍នេះបញ្ជាក់សាជាថ្មីអំពីសារៈសំខាន់ដែលអាស៊ានផ្តោតទៅលើការមិនរីកសាយភាយ និងការរំសាយអាវុធនុយក្លេអ៊ែរ»។ ជាងនេះទៅទៀត លោករដ្ឋមន្ត្រីការបរទេសកម្ពុជា ក៏បានស្វាគមន៍ចំពោះវឌ្ឍនភាពវិជ្ជមាន ក្នុងការអនុវត្តផែនទីបង្ហាញផ្លូវផ្អែកលើលក្ខណវិនិច្ឆ័យអព្យាក្រឹត្យសម្រាប់ការចូលជាសមាជិកពេញសិទ្ធិអាស៊ានរបស់ទីម័រឡេស្តេហើយក៏បានបង្ហាញការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការគាំទ្រដល់ទីម័រឡេស្តេបន្ថែមទៀត ក្នុងការកសាងសមត្ថភាព និងការចូលរួមក្នុងកិច្ចប្រជុំ និងសកម្មភាពនានារបស់អាស៊ាន។
ពាក់ព័ន្ធនឹងបញ្ហាតំបន់ និងអន្តរជាតិវិញ លោកបានបញ្ជាក់ថា៖ «ការកើនឡើងនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ចរវាងមហាអំណាចនានា បន្ថែមទៅលើបញ្ហាប្រឈមដែលកំពុងរ៉ាំរ៉ៃនិងជាន់គ្នា បានបង្កជាកង្វល់ និងក្តីបារម្ភសម្រាប់ប្រទេសជាច្រើននៅជុំវិញពិភពលោក»។
នៅក្នុងបរិបទនេះ លោក សុខ ចិន្តាសោភា បានបញ្ជាក់សាជាថ្មី ពីសារៈសំខាន់នៃការពង្រឹងមជ្ឈភាពអាស៊ានបន្ថែមទៀត និងការប្រើប្រាស់យន្តការដឹកនាំដោយ អាស៊ាន ដើម្បីកសាងទំនុកចិត្តយុទ្ធសាស្ត្រ និងធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងដៃគូកាន់តែស៊ីជម្រៅដើម្បីរក្សា និងលើកតម្កើងសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុង និងក្រៅតំបន់។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា ការសាទរគឺជាជំហរគោលនយោបាយការបរទេសកម្ពុជាដូចមានកំណត់ក្នុងរដ្ឋធម្មនុញ្ញដោយថា កម្ពុជាមិនអនុញ្ញាតឱ្យមានការផលិត ការចរាចរ ឬរក្សាទុកអាវុធបរមាណូ អាវុធនុយក្លេអ៊ែរគ្រប់ប្រភេទឡើយ។
កម្ពុជាតែងតែយកចិត្តទុកដាក់ទៅលើការមិនរីកសាយភាយអាវុធនុយក្លេរអ៊ែរនៅក្នុងតំបន់ក៏ដូចជាពិភពលោក ហើយកម្ពុជាគឺជារដ្ឋភាគីក្នុងសន្និសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ ក៏ដូចជារដ្ឋភាគីនៃសន្ធិសញ្ញាតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ។
លោក គិន ភា បញ្ជាក់ថា៖ «កម្ពុជាតែងតែជំរុញ និងលើកទឹកចិត្តឱ្យបណ្តាប្រទេសទាំងអស់រួមគ្នាលុបបំបាត់ការប្រកួតប្រជែង ឬរត់ប្រណាំងអាវុធនុយក្លេអ៊ែរ ក៏ដូចជាយុទ្ធភណ្ឌផ្សេងៗទៀត ដែលកម្ពុជាយើងក៏ជាប្រទេសនៃអនុសញ្ញាអូតាវ៉ាស្តីពីមីនផងដែរដែលប្រទេសយើងធ្លាប់រងគ្រោះដោយសង្គ្រាមរ៉ាំរ៉ៃដែរ»។
លោកបន្តថា កម្ពុជាសកម្មក្នុងការទប់ស្កាត់ការសាយភាយអាវុធនុយក្លេអ៊ែរ ក៏ដូចជាមីនជាដើម ហើយកម្ពុជាបានរួមចំណែកក្នុងក្របខ័ណ្ឌនៃបេសកកម្មអង្គការសហប្រជាជាតិជួយបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅតាមប្រទេសដែលហែកហួរដោយសង្គ្រាមនៅមជ្ឈិមបូព៌ា នៅអាហ្រ្វិក និងប្រទេសផ្សេងៗទៀតផងដែរ។
លទ្ធផលនៃកិច្ចប្រជុំចង្អៀតនេះ ក៏បានលើកឡើងឱ្យដឹងដែរថា រដ្ឋមន្ត្រីការបរទេសអាស៊ាន បានពិភាក្សាពីមាគ៌ាទៅមុខដើម្បីជំរុញការកសាងសហគមន៍អាស៊ានបន្ថែមទៀត និងបានកោតសរសើរចំពោះវឌ្ឍនភាពដ៏ល្អក្នុងការសម្រេចបានចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០២៥ ផងដែរ។ ក្នុងនោះការសម្រេចបានរួមមានសកម្មភាព ៩៩% នៃផែនការលម្អិតសហគមន៍សន្តិសុខ និងនយោបាយអាស៊ាន, សកម្មភាព ៩២% នៃផែនការលម្អិតសហគមន៍សេដ្ឋកិច្ច និងសកម្មភាព ៩៧% នៃផែនការលម្អិតសហគមន៍សង្គមវប្បធម៌ ត្រូវបានបញ្ចប់ឬកំពុងដំណើរការ។
ចំពោះចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០៤៥ លោករដ្ឋមន្ត្រីការបរទេសបានផ្តោតសារៈសំខាន់លើការប្រើប្រាស់វិធីសាស្ត្រប្រកបដោយបរិយាបន្ន និងគ្រប់ជ្រុងជ្រោយជាមួយបណ្តាភាគីពាក់ព័ន្ធក្នុងការរៀបចំសេចក្តីព្រាងផែនការយុទ្ធសាស្ត្រនៃចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០៤៥ ក្រោមការដឹកនាំរបស់សហប្រធានឡាវ និងម៉ាឡេស៊ី ដែលជាសហប្រធានអមអចិន្រៃ្តយ៍ខ្ពស់ក្នុងគោលបំណងអនុម័តឯកសារទាំង ២ នេះជាកញ្ចប់នៅឆ្នាំក្រោយ។
ចំពោះបញ្ហាមីយ៉ាន់ម៉ា លោក សុខ ចិន្តាសោភា បានស្វាគមន៍ការតែងតាំងលោក អាលួនកែវ កិត្តិឃួន ជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីបញ្ហាមីយ៉ាន់ម៉ាសម្រាប់ឆ្នាំ ២០២៤ និងគំនិតផ្ដួចផ្ដើមគន្លឹះរបស់ឡាវក្នុងការសម្របសម្រួលការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច។
ក្នុងន័យនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានស្វាគមន៍គំនិតផ្តួចផ្តើមរបស់ថៃ និងមីយ៉ាន់ម៉ា ក្នុងការបង្កើនជំនួយមនុស្សធម៌ដល់ប្រជាជនមីយ៉ាន់ម៉ាដែលរងផលប៉ះពាល់នៅតាមតំបន់ព្រំដែនដោយមានមជ្ឈមណ្ឌលអាស៊ានដើម្បីសម្របសម្រួលជំនួយមនុស្សធម៌ និងគ្រប់គ្រងគ្រោះមហន្តរាយ (មជ្ឈមណ្ឌល AHA) ចូលរួមក្នុងដំណើរការត្រួតពិនិត្យ៕