ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានថ្លែងថា ក្នុងឆ្នាំ ២០២៣ កន្លងទៅ វិស័យកសិកម្មនៅតែរក្សាបានការរួមចំណែកក្នុងរង្វង់ ២២ ភាគរយ នៃផលិតផលសរុបក្នុងស្រុក បើទោះបីទទួលរងផលប៉ះពាល់ពីគ្រោះធម្មជាតិ ការប្រែប្រួលអាកាសធាតុ និងវិបត្តិសកលក៏ដោយ។
នាពិធីសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ នៅថ្ងៃទី ៣០ ខែមករា លោក ឌិត ទីណា បានលើកឡើងថា វិស័យកសិកម្មនៅតែបន្តចូលរួមចំណែកយ៉ាងសកម្មក្នុងការធានាសន្តិសុខស្បៀង លើកស្ទួយសេដ្ឋកិច្ចគ្រួសារកសិករ និងអ្នកទទួលទាននៅទូទាំងប្រទេស និងទ្រទ្រង់កំណើនសេដ្ឋកិច្ច។
លោកបន្ថែមថា ក្នុងរយៈពេលពេញ ១ ឆ្នាំកន្លងទៅនេះ ស្របតាមយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ជាពិសេស កម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់នៃក្រសួងកសិកម្ម បានរួមគ្នាអនុវត្តផែនការ និងសកម្មភាពការងារដែលបានគ្រោងទុក និងបានជំរុញអនុវត្តវិធានការចាំបាច់បន្ទាន់មួយចំនួនថែមទៀត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាកសិករឱ្យបានទាន់ពេលវេលា។
លោកបន្តថា ការអនុវត្តផែនការនេះ ក៏ដើម្បីបង្កើនល្បឿនការអភិវឌ្ឍវិស័យកសិកម្ម ឱ្យក្លាយទៅជាកម្លាំងចលករដ៏រឹងមាំ ដើម្បីធានាសន្តិសុខស្បៀងលើកស្ទួយសេដ្ឋកិច្ចគ្រួសារកសិករ និងអ្នកទទួលទាននៅទូទាំងប្រទេស និងទ្រទ្រង់កំណើនសេដ្ឋកិច្ច ដោយរក្សាតុល្យភាពរវាងការអភិរក្ស និងការអភិវឌ្ឍដើម្បីធានានិរន្តរភាព បរិស្ថានកសិកម្ម និងសេដ្ឋកិច្ច។
ទោះជាយ៉ាងណាទន្ទឹមនឹងសមិទ្ធផលជាច្រើនដែលសម្រេចបានក្នុងឆ្នាំ ២០២៣ លោករដ្ឋមន្ត្រី ក៏បានលើកឡើងពីបញ្ហាប្រឈមមួយចំនួននៅក្នុងវិស័យកសិកម្មដែលទាមទារឱ្យមានការចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធ និងធ្វើការដោះស្រាយឱ្យបានទូលំទូលាយ ទាន់ពេលវេលា និងមានប្រសិទ្ធភាពផងដែរ។
លោកថា៖ «បញ្ហាប្រឈមមានដូចជាថ្លៃដើមផលិតកម្មខ្ពស់, ហេដ្ឋារចនាសម្ព័ន្ធគាំទ្រផលិតកម្មនៅមានកម្រិត ដូចជាកង្វះផ្ទះសំណាញ់ ប្រព័ន្ធស្រោចស្រពដែលចំណាយទាប ឡសម្ងួត ឃ្លាំងស្តុក ទូត្រជាក់ និងហេដ្ឋារចនាសម្ព័ន្ធកែច្នៃ និងបញ្ហាប្រឈមមួយទៀតគឺពាណិជ្ជូបនីយកម្មកសិផលគន្លឹះនៅមិនទាន់ត្រូវបានជំរុញឱ្យអស់សក្តានុពល»។
លោក ឌិត ទីណា បញ្ជាក់ទៀតថា ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងនេះក្រសួងបានសម្រចបន្តជំរុញអនុវត្តទស្សនទានសំខាន់ ២ គឺការធានាសន្តិសុខស្បៀង និងនិរន្តរភាព។ គោលដៅអាទិភាពដែលក្រសួងត្រូវបន្តជំរុញអនុវត្ត គឺការជំរុញបង្កើនហេដ្ឋារចនាសម្ព័ន្ធគាំទ្រផលិតកម្ម, ការរក្សាស្ថិរភាពថ្លៃកសិផលគន្លឹះ, ការកាត់បន្ថយថ្លៃដើមផលិតតាមរយៈការបង្កើតសហគមន៍កសិកម្មទំនើប, ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ ដើម្បីប្រមូលព័ត៌មាន និងដោះស្រាយបញ្ហាប្រឈមជូនកសិករបានទាន់ពេលវេលា និងការបង្កើនតម្លៃបន្ថែមនៃកសិផលគន្លឹះ ឬប្រណីតសម្រាប់ការនាំចេញ ដើម្បីបង្កើនប្រាក់ចំណូល ដល់កសិករ និងអ្នកចូលរួមក្នុងខ្សែច្រវាក់តម្លៃនៃផលិតផលកសិកម្មទាំងមូល។
ជុំវិញបញ្ហានេះលោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា ជាការកត់សម្គាល់ វិស័យកសិកម្មនៅតែជាកម្លាំងចលករមួយដ៏សំខាន់ក្នុងការចូល រួមចំណែកកំណើនសេដ្ឋកិច្ចជាតិ ខណៈដែលផលិតផលកសិកម្មបានដើរតួនាទី ក្នុងការបំពេញសេចក្តី្តត្រូវការក្នុងស្រុក និងបម្រើឱ្យការនាំចេញ ដែលត្រូវបន្តជំរុញអភិវឌ្ឍឱ្យបានខ្លាំងក្លាបន្ថែមទៀត។
លោកថ្លែងថា៖ «ប្រសិនណា យើងបន្តគិតគូរចាត់ចែង ដោយបង្កើនផលិតកម្មលើវិស័យកសិកម្មទាំងការដាំដុះ និងការចិញ្ចឹមត្រី សត្វទាំងនោះឱ្យកាន់តែទំនើប ដើម្បីឆ្លើយតបទៅនឹងបច្ចេកវិទ្យាវៃឆ្លាតខាងផ្នែកកសិកម្ម នោះកាន់តែប្រសើរ។ វាក៏ឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរដែលកំពុងតែខិតខំប្រឹងប្រែងធ្វើ ដើម្បីឆ្លើយតបនឹងស្ថានភាពសកលលោកនាពេលបច្ចុប្បន្ននេះ»។
បើតាមក្រសួងកសិកម្ម ការចូលរួមចំណែករបស់អនុវិស័យនានា ក្នុងវិស័យកសិកម្ម រួមមានផ្នែកដំណាំបានចូលរួមចំណែកប្រមាណ ៥៧,១ ភាគរយ, ផ្នែកផលិតកម្មសត្វ ១១,២ ភាគរយ, ផ្នែកជលផល ២៤,៨ ភាគរយ និងផ្នែកព្រៃឈើ ៧ ភាគរយ។
ជាការកត់សម្គាល់ ផ្នែកដំណាំ និងជលផល គឺជាកម្លាំងចលករនាំមុខ និងចូលរួមចំណែកច្រើនជាងផ្នែកផ្សេងៗក្នុងវិស័យកសិកម្មខណៈដែលផលិតកម្មសត្វដើរតួនាទីផ្គត់ផ្គង់តម្រូវការសាច់ក្នុងស្រុក និងបម្រើឱ្យការនាំចេញ ដែលត្រូវបន្តជំរុញអភិវឌ្ឍឱ្យបានខ្លាំងក្លាបន្ថែមទៀត។ ក្រសួងកសិកម្មក៏មានគោលដៅសម្រេចផលិតកម្មដំណាំគ្រប់ប្រភេទឱ្យបានចំនួន ៣៧,២១ លានតោន ផលិតផលដំណាំកសិកម្មនាំចេញចំនួន ១០,២៤ លានតោន និងអភិវឌ្ឍសហគមន៍កសិកម្មទំនើបចំនួន ២ សហគមន៍៕