ភ្នំពេញៈ អាជ្ញាធរដែនដី អង្គការ សិស្សានុសិស្ស រួមនឹងប្រជាពលរដ្ឋជាង ១ ពាន់នាក់ បានរួមគ្នាធ្វើយុទ្ធនាការសម្អាតបរិស្ថានប្រមូលសំណល់ប្លាស្ទិក នារដូវទឹកសម្រកនៅបឹងទន្លេសាបប្រចាំឆ្នាំ ក្រោមប្រធានបទ «សហគមន៍ យើងស្អាត ទន្លេសាបបៃតងស្អាត ដោយគ្មានប្លាស្ទិក»។
យុទ្ធនាការសម្អាតបរិស្ថាននារដូវទឹកសម្រកបឹងទន្លេសាបប្រចាំឆ្នាំ ២០២៤ នេះ បានប្រារព្ធធ្វើនៅសហគមន៍ទេសចរណ៍កំពង់ឃ្លាំង ដែលបានចាប់ផ្តើមកាលពីថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៤ ដោយចលនាយុទ្ធនាការសម្អាតបរិស្ថាននេះ នឹងបន្តសកម្មភាពសម្អាតរហូតរយៈពេល ៦ ខែ នៅគ្រប់សហគមន៍។
ប្រធានក្រុមប្រឹក្សាឃុំកំពង់ឃ្លាំង ខេត្តសៀមរាប លោក ប៉ា ប៉ូរ បានឱ្យដឹងថា យុទ្ធនាការប្រមូលសំរាមនៅរដូវទឹកសម្រកនេះ ក្នុងគោលបំណងពញ្ញាក់ស្មារតីប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍បានយល់ដឹងពីការសម្អាតបរិស្ថាន ខណៈកន្លងមកពលរដ្ឋនៅតែបោះចោលសំរាមពាសវាលពាសកាល ទោះបីអាជ្ញាធរបានចុះអប់រំជាច្រើនលើកក៏ដោយ។
លោកបានថ្លែងថា៖ «ត្រីរស់នៅក្នុងទឹក ហើយនៅពេលមានប្លាស្ទិកក្នុងទឹកនឹងបង្កផលប៉ះពាល់ដល់ជីវចម្រុះ ដែលនឹងធ្វើឱ្យហិនហោចធនធានធម្មជាតិ ព្រោះយើងដឹងស្រាប់ហើយថា តំបន់យើងនេះ អ្នកដែលមានមុខរបរនេសាទដែលពឹងផ្អែកទៅលើធនធានត្រី ៨៥ ភាគរយ»។
លោក ប៉ា ប៉ូរ ក៏បានសម្តែងការព្រួយបារម្ភ ចំពោះការបាត់បង់ធនធានមច្ឆា ដែលជាបញ្ហាមួយប្រឈមដល់ជីវភាពរស់នៅប្រចាំថ្ងៃសម្រាប់គ្រួសារនីមួយៗដែលរស់នៅជុំវិញបឹងទន្លេសាប។
លោកថា៖ «ដូច្នេះហើយបានជាគ្រប់អង្គភាពទាំងអស់ ជាពិសេសរាជរដ្ឋាភិបាលបានដាក់ចេញគោលការណ៍ដើម្បីសម្អាតបរិស្ថាននៅជុំវិញបឹងទន្លេសាបនេះ»។
លោក ស៊ា សុផល ប្រធានអង្គការមូលនិធិទំពាំងស្នងឫស្សីបានប្រាប់ឱ្យដឹងដែរថា ឆ្នាំនេះលោកបានសហការជាមួយអាជ្ញាធរក្នុងតំបន់ និងវិស័យឯកជននានា ដើម្បីជំរុញឱ្យមានសកម្មភាពជាប់លាប់ទៅលើការងារសម្អាតបរិស្ថាន ជាពិសេសនោះគឺប្លាស្ទិកនៅតាមដងទន្លេ ដោយចាប់ផ្តើមពីចុងខែមករានេះតទៅ។ តាមរយៈយុទ្ធនាការនេះដែរ ក៏មានចលនាចុះអប់រំប្រជាពលរដ្ឋតាមខ្នងផ្ទះបង្កើនការយល់ដឹងពីបរិស្ថាន និងសុខភាព ដើម្បីឱ្យពលរដ្ឋប្រមូល និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។
លោក ស៊ា សុផល បានបញ្ជាក់ថា៖ «ធម្មតាទន្លេសាប មានខែគោក ៦ ខែ និងលិចទឹក ៦ ខែ អ៊ីចឹងៗទឹកនឹងស្រករហូតដល់ខែមិថុនា ទើបមានភ្លៀងមកវិញ ដូច្នេះយើងចាប់ផ្តើមសម្អាតរៀងរាល់ខែ ឬរៀងរាល់ពេលទឹកចាប់ផ្តើមស្រកទៅតាមស្ថានភាពរបស់ភូមិសាស្ត្រនីមួយៗ»។
សូមជម្រាបដែរថា ចលនាយុទ្ធនាការសម្អាតបរិស្ថាននារដូវទឹកសម្រកនៅបឹងទន្លេសាបប្រចាំឆ្នាំ ២០២៤ នេះ នឹងបន្តសកម្មភាពសម្អាតរយៈពេល ៦ ខែ នៅគ្រប់សហគមន៍ នានាជាប់មាត់បឹងទន្លេសាប។ ក្នុងនោះមានដូចជា សហគមន៍កំពង់ភ្លុក ចុងឃ្នៀស និងសហគមន៍មេជ្រៃ និងអាចពង្រីកវិសាលភាពការងារសម្អាតនេះ ដល់តំបន់ព្រែកទាល់ក្នុងខេត្តបាត់ដំបង និងតំបន់ផ្សេងៗទៀតជុំវិញបឹងទន្លេសាបផងដែរ។
យុទ្ធនាការនេះ គឺបន្តធ្វើចលនាមហាជនរហូតដល់ថ្ងៃអបអរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ដែលជាថ្ងៃកំណត់ការបិទយុទ្ធនាការសម្អាតបរិស្ថាននារដូវទឹកសម្រក។ យោងតាមក្រសួងបរិស្ថានបានឱ្យដឹងថា យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ពីថ្ងៃទី ១ ខែកញ្ញា ដល់ថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៤ មានអ្នកចូលរួមជាង ៤ លាន ៤ សែននាក់រួមទាំងព្រះសង្ឃ៕