កម្ពុជា និងអាល្លឺម៉ង់ ប្តេជ្ញាចិត្តឥតងាករេក្នុងការបង្កើនកិច្ចសហប្រតិបត្តិការនឹងគ្នាទាំងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ទាំងលើផ្នែកនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ ទេសចរណ៍ បម្រែបម្រួលអាកាសធាតុនិងបរិស្ថាន និងទំនាក់ទំងសភាជាដើម។
ការបង្ហាញញពីការប្តេជ្ញាចិត្តដ៏មុតមាំរវាងប្រទេសទាំង ២ ធ្វើឡើងតាមរយៈកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីលើកទី២ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយនឹងក្រសួងការបរទេសអាល្លឺម៉ង់ កាលពីសប្តាហ៍មុន ក្រោមអធិបតីភាពលោកចែម វីឌ្យ៉ា រដ្ឋលេខាធិការក្រសួងការបរទេស និងលោកស្រី ផេត្រា ស៊ីកមុនដ៍ អគ្គនាយកនៃអគ្គនាយកដ្ឋាននអាស៊ី និងប៉ាស៊ីហ្វិកនៃក្រសួងការបរទេសអាល្លឺម៉ង់។
កិច្ចពិគ្រោះយោបល់នេះ ធ្វើឡើងនៅរដ្ឋធានីប៊ែរឡាំង ប្រទេសអាល្លឺម៉ង់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេស ដែលបានចេញផ្សាយកាលពីយប់ថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៤។
សេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា លោក ចែម វីឌ្យ៉ា បានលើកឡើងពីទំនាក់ទំនងកម្ពុជានិងអាល្លឺម៉ង់ថាបាននិងកំពុងបន្តពង្រឹងតាមរយៈដំណើរទស្សនកិច្ចពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំង ២ នាពេលថ្មីៗកន្លងទៅនេះ។
ជាក់ស្តែង ដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានាធិបតីអាល្លឺម៉ង់លោក ហ្វ្រាំង វ៉ាល់ធ័រ ស្ពែនម៉ៃឃ័រ មកកាន់កម្ពុជា, ជំនួបទ្វេភាគីរវាងលោកហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងលោកអូឡាហ្វ ហ្សុលស៍ អធិការបតីអាល្លឺម៉ង់។ ដំណើរទស្សនកិច្ចផ្លូវការរបស់អតីតរដ្ឋមន្ត្រីការបរទេសកម្ពុជាលោកប្រាក់ សុខុន ទៅកាន់ក្រុងប៊ែរឡាំង ព្រមទាំងដំណើរទស្សនកិច្ចជាច្រើនលើករបស់គណៈប្រតិភូសភាអាល្លឺម៉ង់មកកម្ពុជាផងដែរ។
សេចក្តីប្រកាសព័ត៌មានដដែលបានបន្តថា៖ «ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា បានរំឭកពីលទ្ធផលនៃកិច្ចចរចាអន្តររដ្ឋាភិបាល ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា-អាល្លឺម៉ង់ ដែលបានប្រព្រឹត្តទៅប្រកបដោយជោគជ័យ នៅទីក្រុងបុន សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ កាលពីខែតុលា កន្លងទៅ»។
ក្រៅពីនេះ ភាគីទាំង ២ បានពិភាក្សាគ្នាទៅលើកិច្ចសហប្រតិបត្តិការពហុភាគី និងផ្លាស់ប្តូរយោបល់គ្នាលើបញ្ហាតំបន់ និងពិភពលោកដែលជាកង្វល់និងប្រយោជន៍រួម ជាពិសេសបានសម្តែងការសាទរចំពោះលទ្ធផលនៃកិច្ចពិគ្រោះយោបល់នេះដែលសង្កត់ធ្ងន់ថា ជាយន្តការដើម្បីជំរុញឱ្យមានកិច្ចសន្ទនាប្រកបដោយអត្ថន័យ។
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាលោកគិន ភា បានលើកឡើងថា ទំនាក់ទំនងទ្វេភាគីកម្ពុជា-អាល្លឺម៉ង់ កំពុងមានការវិវត្តជាវិជ្ជមានគួរឱ្យកត់សម្គាល់ ដែលភាគីទាំង ២ បានធ្វើការជាមួយគ្នាលើគ្រប់វិស័យ ខណៈអាល្លឺម៉ង់បានដើរតួនាទីជួយកម្ពុជាតួយ៉ាងលើផ្នែកអភិបាលកិច្ច ប្រជាធិបតេយ្យ កំណែទម្រង់រដ្ឋបាលសាធារណៈ ប៉ុន្តែទោះជាយ៉ាងណាភាគីទាំង ២ មានបញ្ហាមួយចំនួនផ្សេងទៀតដែលត្រូវស្វែងយល់ពីគ្នាបន្ថែម។
លោកបានប្រាប់ថា៖ «កិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីរវាងភាគីទាំង២ បង្ហាញពីសុច្ឆន្ទៈទៅលើការជំរុញលើកកម្ពស់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ និងការបង្ហាញឱ្យឃើញពីវឌ្ឍនភាពនៃទំនាក់ទំនងនេះផងដែរ។ កិច្ចសន្ទនាគ្នា ជាលទ្ធភាពឱ្យភាគីកាន់តែស្វែងយល់ពីគ្នាទៅវិញទៅមកបន្ថែមទៀត»។
លោក គិន ភា បានបន្តថា កម្ពុជាត្រូវការអាល្លឺម៉ង់ដើម្បីជំនួយអភិវឌ្ឍន៍ ហើយអាល្លឺម៉ង់ក៏ដើរតួស្នូលក្នុងក្របខ័ណ្ឌសហភាពអឺរ៉ុប ក៏ដូចជាទីផ្សាររបស់អាល្លឺម៉ង់ ព្រមទាំងការបង្កើនមិត្តគាំទ្រគ្នាលើឆាកអន្តរជាតិនិងជាច្រកពង្រឹងទំនាក់ទំនងជាមួយលោកខាងលិច។
ប្រទេសអាល្លឺម៉ង់ ត្រូវការកម្ពុជាដោយសារកម្ពុជាដើរតួនាទីសំខាន់ក្នុងក្របខ័ណ្ឌអាស៊ានដោយសារអាស៊ានមានគោលការណ៍កុងសង់ស៊ីសដែលសំឡេងរបស់ភាគីណាក៏សំខាន់ ហើយអាល្លឺម៉ង់ក៏កំពុងដាក់ចេញនូវយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់ខ្លួនដែលទាមទារការគាំទ្រពីរង្វង់បណ្តាប្រទេសអាស៊ីអាគ្នេយ៍ផង។ នេះបើតាមការលើកឡើងបន្ថែមពីលោក គិន ភា៕