ភ្នំពេញៈ​ក្រសួង​អប់រំ ​យុវជន និង​កីឡា ​បាន​ប្រកាស​ឱ្យ​ដឹង​ថា វិទ្យា​ល័យ​ជាស៊ីម​ជ្រោយ​ចង្វារ​ សាលាប​​ឋម​សិក្សា​ជ្រោយ​ចង្វារ​និង​សាលា​បឋម​សិក្សា​វត្ត​មង្គល​សិរី​កៀន​ឃ្លាំង​បាន​ទទួល​បណ្ណា​ល័យ​ឌីជី​ថលនិង​បន្ទប់​កុំព្យូ​ទ័រ​ថ្មី​សម្រាប់​សិស្សា​នុសិស្ស​សិក្សា​ជំនាញ​កុំ​ព្យូទ័រ​ឆ្លើយ​តប​នឹង​ភាព​រីក​ចម្រើន​ក្នុង​សម័យ​បច្ចេក​វិទ្យា​នា​ពេល​បច្ចុប្បន្ន​។

​ពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​កា​រ​បន្ទប់​ធន​ធាន​សិក្សា​ឌីជី​ថល​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​កាលពី​ថ្ងៃទី​៣០​ ខែ​មករា​ ឆ្នាំ​២០២៤​ដោយ​មាន​ការ​ឧបត្ថម្ភ​ពី​អង្គ​ការ​ដៃគូ​រួម​មាន​អង្គ​ការ​ឆាល​ហ្វា​ន់ និង​អង្គ​ការ​បង្រៀន​ដើម្បី​កម្ពុជា​និង​វិស័យ​ឯក​ជន​ផ្សេង​ទៀត ក្រោម​ការ​គាំទ្រ​ពី​ក្រសួង​អប់រំ​យុវ​ជន និង​កីឡា​។​

​ក្រសួង​អប់រំ​បញ្ជាក់​​ថា​៖«​នេះ​មិន​ត្រឹម​តែ​ជា​ការ​បរិច្ចាគ​កុំព្យូទ័រ​និង​សៀវភៅ​អាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​​វា​ក៏​ជា​ការ​ឈាន​ទៅ​ចាប់​យក​ចំណេះ​ដឹង​ដ៏​សន្ធឹក​សន្ធាប់ ​ការផ្សារ​ភ្ជាប់​គម្លាត​ឌីជីថល ​និង​ការ​ផ្ត​ល់ឱ្យ​សិស្សា​នុសិ​ស្ស​នូវ​ឧបករ​ណ៍​ចាំ​បាច់​ដើម្បី​កសាង​អនា​គត​របស់​ពួក​គេ​»​។​

​បច្ចេក​វិទ្យា​ទំនើប​មាន​ឥទ្ធិ​ពល​អាចធ្វើ​ឱ្យ​ថ្នាក់រៀ​ន​ក្លាយទៅ​ជា​កន្លែង​សិក្សា​មួយ​ដ៏​រស់​រវើ​កអា​ចជួយ​ពង្រឹង​សិស្សានុសិ​ស្ស​ដោយ​ផ្ដល់​ជំនាញ​កុំព្យូ​ទ័រ​ចាំ​បាច់ ​ចំណេះ​ដឹង​ផ្នែក​ហិរញ្ញ​វត្ថុ​និង​ចំណេះដឹ​ង​អំពី​សុវត្ថិ​ភាព​តាម​ប្រព័ន្ធ​អន​ឡាញ ​ដែល​ទាំង​នេះ​ជាការ​រួម​ចំណែក​កសាង​ធន​ធាន​មនុស្ស​ផ្នែក​ឌីជីថល​ប្រកប​ដោយ​ការ​ទទួល​​ខុស​ត្រូ​វ និង​ការ​យល់​ដឹង​ជា​ស​កល​។ 

​លោក ​ហូ សំ​បូរ ​អនុរ​ដ្ឋលេ​ខាធិកា​រ​ក្រសួង​អប់រំ ​យុវ​ជន និង​កីឡា ​ដែល​បាន​ចូលរួ​ម​ក្នុង​ពិធី​សម្ពោធ​នេះ​បាន​ឱ្យ​ដឹងថា​៖​​«​នេះ​គឺជា​ការ​ចាប់​ផ្តើម​ទំព័រ​ថ្មី​នៃ​ការអ​ប់រំ​ឌីជី​ថល​នៅ​ក្នុង​ប្រទេស​កម្ពុជាដែលជា​​ពេល​មួយ​កុមារ​គ្រប់​រូប​មាន​ឱកាស​សិក្សា​រៀន​សូត្រ លូត​លាស់ និង​រីក​ចម្រើន​នៅ​ក្នុង​វិស័យ​ឌីជី​ថល​»​។ 

​ជា​មួយ​គ្នានេះ​​លោក​បាន​សាទរ​ចំពោះ​សំណង់​ថ្មី​ទាំង​នេះ​ថា​ជា​សញ្ញា​នៃ​វឌ្ឍនភាព​​ដែល​នឹង​ផ្តល់​ដល់​សិស្សានុ​សិស្ស​ជា​មួយនឹ​ង​ជំនាញ​ឌីជីថ​ល​ដែល​ពួក​គេ​ត្រូវការ​ដើម្បី​រីក​លូតលា​ស់​នា​សត​វត្សរ៍​ទី​២១​ និង​ជួយ​ជំរុញ​អនាគ​ត​របស់​ប្រទេស​កម្ពុជា​ទៅកា​ន់​យុគ​សម័​យ​នៃ​វឌ្ឍន​ភាព​ដ៏​អស្ចារ្យ​។ 

​បើ​តាម​ប្រ​កាស​ក្រសួង​អប់រំ​ នៅ​ក្នុងឱ​កាសនោះ​ ​លោក ប្រា​ស្សាន វើ​ម៉ា នាយក​ប្រចាំ​ប្រទេស​ អង្គ​ការ​ឆាល​ហ្វា​ន់កម្ពុជា​បាន​ថ្លែង​ដែរ​ថា ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ថ្មី​ទាំង​នេះនឹ​ង​ដើរតួ​ជាទី​កន្លែង​អប់រំ​ឌីជី​ថល​ក្នុង​កា​រក​សាង​ធន​ធាន​មនុស្ស​ឌីជីថល​ដែល​គ្រប​ដណ្តប់​លើ​មូល​ដ្ឋាន​គ្រឹះ​នៃ​ហិរញ្ញ​វត្ថុនិង​សុវត្ថិ​ភាព​តាម​ប្រព័ន្ធ​អន​ឡាញ​ដែល​កុមារ​កម្ពុជា​ជា​ច្រើន​ជំនាន់​នឹង​ទទួល​បាន​អត្ថ​ប្រយោ​ជន៍​សម្រាប់​ការ​លូ​តលាស់​នា​ពេល​អនា​គត​របស់​ពួក​គេ​។ 

​ចំណែក​លោក​ យ៉ុង​ គី​វ៉ាង នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឆាល​ហ្វា​ន់​កូរ៉េក៏​បាន​លើក​ឡើង​ដែរ​ថា ​កុមារ​គ្រប់​រូប​ស័ក្ដិ​សម​នឹង​ទទួល​បាន​ឱកាស​ដើម្បី​បង្ហាញ​ពី​សក្តានុ​ពល​របស់​ពួក​គេ​។​

​លោក​បាន​បញ្ជាក់​ថា​៖​​«​សំណង់​ថ្មី​ទាំង​នេះគឺ​មិន​ត្រឹ​មតែ​ជា​បន្ទប់​កុំព្យូទ័រ​និង​បណ្ណា​ល័យ​ប៉ុណ្ណោះ​ទេប៉ុន្តែ​​វា​គឺជា​សក្ខី​ភាព​ចំពោះ​ការ​ប្តេជ្ញាចិ​ត្ត​យ៉ាង​មុត​មាំ​របស់​យើង​ក្នុងកា​រ​គាំទ្រ​ដល់​ក្ដី​ស្រមៃ​និង​សក្ដានុ​ពល​របស់​សិស្សា​នុ​សិស្ស​កម្ពុជា​»​។ 

​បន្ថែម​ពីនេះ​លោក​ ស៊ីវ មុនី​រ័ត្ន​ស្ថាបនិ​ក​និង​ជា​អគ្គនា​យ​ក​ប្រតិ​បត្តិ​អង្គ​ការ​បង្រៀន​ដើម្បី​កម្ពុជា​បាន​ទទួល​ស្គាល់ថា​ នេះ​ជា​ការ​ចា​ប់ផ្ដើម​នៃ​ដំណើរ​ផ្លាស់ប្តូ​រ​ថ្មី​មួយ​ហើយ​លោក​ក៏បាន​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​ធានា​​ឱ្យ​បាន​សិស្សានុ​សិស្ស​គ្រប់​រូប​អាច​បង្កើន​សក្តានុ​ពល​ឌីជី​ថល​របស់​ពួក​គេនិ​ង​អាច​ប្រើ​ប្រាស់​ធន​ធាន​ទាំង​នេះ​ដើម្បី​រីក​ចម្រើន​ជា​លំដា​ប់​។ 

​សូម​បញ្ជាក់​ដែ​រថា​គំនិត​ផ្តួចផ្តើ​ម​នេះគឺជា​ចំណុច​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ទិដ្ឋ​ភាព​នៃ​ការ​អប់រំ​របស់​ប្រទេស​កម្ពុជា ជាទី​ដែល​កិច្ច​សហ​ប្រតិ​បត្តិ​ការ ​នវា​នុវត្តន៍​ និង​ការ​ប្តេជ្ញា​ចិត្ត​រួម​គ្នា​ត្រួស​ត្រាយផ្លូ​វ​សម្រាប់​អនា​គត​ឌីជី​ថល​ដ៏​ត្រចះ​ត្រចង់​សម្រាប់​កុមារ​គ្រប់​រូប​៕