ភ្នំពេញៈអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានប្រកាសដាក់ឱ្យដំណើរការរថយន្តក្រុង អ.វ.ត.ក.ចល័ត ក្នុងគោលដៅពង្រីកវិសាលភាពរបស់មជ្ឈមណ្ឌលធនធានអ.វ.ត.ក. ដែលមានស្រាប់ និងដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងក្នុងការអនុវត្តសកម្មភាពផ្សព្វផ្សាយនិងអប់រំឱ្យបានទូលំទូលាយដល់ប្រជាជននៅក្នុងតំបន់ដាច់ស្រយាលទូទាំង២៥រាជធានី ខេត្ត។
ការប្រកាសដាក់ឱ្យដំណើរការរថយន្តក្រុង អ.វ.ត.ក.ចល័តនេះ ធ្វើឡើងកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ដោយការដាក់ឱ្យដំណើរការនៅសាកលវិទ្យាល័យនេះ ធ្វើឡើងបន្ទាប់ពីភាគីទាំង២បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ជាមួយគ្នាលើកិច្ចសហការលើកកម្ពស់និងពង្រីកវិសាលភាពក្នុងការទទួលបានការប្រើប្រាស់ ក៏ដូចជាការផ្លាស់ប្តូរចំណេះដឹងរវាងមជ្ឈមណ្ឌលធនធានអ.វ.ត.ក. និងបណ្ណាល័យសម្តេច ហ៊ុន សែន នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
នាឱកាសនោះ លោក ហែម ក្រាញ់តូនី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានរដ្ឋបាលស្តីទីនៃ អ.វ.ត.ក. បានថ្លែង ថា ក្រៅពីគោលបំណងដើម្បីពង្រីកវិសាលភាពនៃមជ្ឈមណ្ឌលធនធាន អ.វ.ត.ក.ហើយ ការដាក់ឱ្យដំណើររថយន្តក្រុងចល័តនេះក៏ដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងការអនុវត្តសកម្មភាពផ្សព្វផ្សាយ និងសកម្មភាពអប់រំផងដែរ។
លោកបានបង្ហាញពីការរំពឹងទុកយ៉ាងដូច្នេះថា៖«ខ្ញុំសង្ឃឹមថា រថយន្តក្រុង អ.វ.ត.ក. ចល័ត ឬក៏ហៅថា មជ្ឈមណ្ឌលធនធានចល័តនេះនឹងបម្រើឱ្យការងារអប់រំនិងការងារផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយដល់សាធារណជន សិស្ស និស្សិត យុវជន និងសហគមន៍នៅក្នុងតំបន់ដែលមានភូមិសាស្ត្រដាច់ស្រយាល ដើម្បីយល់ច្បាស់ពាក់ព័ន្ធនឹងដំណើរការកាត់សេចក្តីរបស់អ.វ.ត.ក. សមិទ្ធផលនិងកេរដំណែលរបស់អ.វ.ត.ក. ដែលបានចំណាយពេលអស់រយៈពេលជាង ១៦ ឆ្នាំ ចាប់ពីឆ្នាំ២០០៦ ដល់២០២២»។
លោក ក្រាញ់តូនី បានបន្ថែមថា ឆ្លងតាមដំណើរការកាត់សេចក្តីទៅលើសំណុំរឿងទាំងអស់របស់ខ្លួន អ.វ.ត.ក. បានបន្សល់ទុកបណ្ណសារតុលាការដែលមានចំនួនសរុបប្រមាណជិត ២,៤ លានទំព័រ ដែលមាន៣ភាសា (ខ្មែរ អង់គ្លេស និងបារាំង), វីដេអូសវនាការ ចំនួនជាង១ពាន់ម៉ោង និងមានជនរងគ្រោះនៃរបបខ្មែរក្រហមចំនួនជាង ១១ ០០០ នាក់ បានដាក់ចម្លើយរបស់ខ្លួននៅចំពោះមុខអ.វ.ត.ក.។ លោកបន្តថា ក្នុងនោះមានជនរងគ្រោះចំនួន ៦ ៨៧៥ នាក់ បានចូលរួមក្នុងដំណើរការនីតិវិធីតុលាការក្នុងនាមជាដើមបណ្តឹងរដ្ឋប្បវេណី។
លោកបានបញ្ជាក់បន្ថែមថា៖«អ.វ.ត.ក. ក៏បានបង្កើតឱ្យមានថ្នាលឌីជីថលគំរូមួយក្នុងការជួយសម្រួលដល់ដំណើរការជំនុំជម្រះក្តី និងការគ្រប់គ្រងសំណុំរឿងដោយប្រើប្រាស់ប្រព័ន្ធឌីជីថលស្របតាមក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ២០២១-២០៣៥ ជាពិសេសស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១នៃរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមគតិដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត»។
លោកសាស្ត្រាចារ្យ ជេត ជាលី សាកលវិទ្យាធិការ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏បានថ្លែងនាពិធីនោះដែរថា វត្តមានរថយន្តក្រុង អ.វ.ត.ក.ចល័ត នៅក្នុងបរវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញនៅពេលនេះ គឺជាឱកាសដ៏សំខាន់ដើម្បីជាសក្ខីភាពនៃការចាប់ផ្តើមកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយស្ថាប័នពាក់ព័ន្ធ នឹងចូលរួមប្រើប្រាស់សមិទ្ធផលដ៏ថ្លៃថ្លាទាំងនេះ ឱ្យបានទូលំទូលាយ ហើយទទួលបានប្រសិទ្ធភាពខ្ពស់ទៅតាមតម្រូវការរៀងៗខ្លួន។
លោកបានបញ្ជាក់ថា៖«ក្នុងដំណើរនៃប្រទេសកម្ពុជារាប់ពាន់ឆ្នាំមកហើយនេះ មានកំណាត់ផ្លូវមួយដែលខ្មែរយើងបានកាប់សម្លាប់គ្នាមិនរើសមុខ នោះគឺកំណាត់ផ្លូវខ្មែរក្រហម។ការសិក្សានិងយល់ដឹងពីប្រវត្តិសាស្ត្រ មិនមែនចង់ជំរុញឱ្យប្អូនៗមានគំនុំក្នុងចិត្តនោះទេ តែជាការពន្យល់ប្រាប់ឱ្យដឹងបានដឹងច្បាស់ថា ផ្លូវណាមានបន្លា ផ្លូវណាមិនគួរដើរ។ដូច្នេះហើយរថយន្តក្រុង អ.វ.ត.ក.ចល័ត នឹងផ្តល់ព័ត៌មានយ៉ាងលម្អិតដល់ប្អូនៗ និងសាធារណជនពីការពិត និងដំណើរនៃសាលាក្តីខ្មែរក្រហម»។
សូមបញ្ជាក់ដែរថា រថយន្តក្រុងអ.វ.ត.ក.ចល័ត ត្រូវបានបំពាក់ដោយបច្ចេកវិទ្យាចុងក្រោយ ដូចជាកុំព្យូទ័រយួរដៃទំនើប (laptop), បន្ទប់ប្រជុំដែលភ្ជាប់ជាមួយម៉ាស៊ីនបញ្ជាំងរូបភាព (LCD screen and projector),ទូរទស្សន៍អេក្រង់អន្តរកម្ម (interactive touch screen panel/TV) ដែលអាចគូសវាសដោយផ្ទាល់ងាយស្រួលសម្រាប់ធ្វើបទបង្ហាញ និងសម្រាប់ចាក់បញ្ចាំងវីដេអូឬក៏ភាពយន្ត (video/movie screening)។
រថយនេះ ក៏មានបំពាក់សម្ភារអប់រំនិងមាតិកាពហុព័ត៌មានជាច្រើនទៀតពាក់ព័ន្ធនឹងដំណើរការកាត់សេចក្តីរបស់អ.វ.ត.ក. ដែលមានតម្លៃសរុបប្រមាណជិត២០ម៉ឺនដុល្លារអាមេរិក។
រថយន្តនេះនឹងបម្រើឱ្យការសិក្សាស្រាវជ្រាវរបស់សាធារណជន សិស្ស និស្សិតជាដើមដែលអ្នកអានអាចចូលអានម្តងបានចន្លោះពី១០ទៅ១៥នាក់ ហើយនឹងអាចមានរៀបចំតុ កៅអីសម្រាប់អាននៅខាងក្រៅរថយន្តផងដែរ ប្រសិនបើមានអ្នកចូលរួមអាន និងចង់ដឹងច្រើន។
រថយន្តក្រុងអ.វ.ត.ក.នឹងធ្វើដំណើរតាមបណ្តា២៥រាជធានីខេត្ត-ក្រុងទូទាំងប្រទេសកម្ពុជា ហើយនឹងឈប់នៅគ្រប់ទីតាំងសំខាន់ៗ ដូចជា សាលារៀន សាកលវិទ្យាល័យ ទីប្រជុំជន វត្តអារាម ផ្សារ សាលាស្រុក ដើម្បីនាំអ.វ.ត.ក.ជួបប្រជាជនកម្ពុជា៕