មន្ត្រីជាន់ខ្ពស់នៃសមាគមភ័ស្តុភារកម្មកម្ពុជា បានប្រាប់ឱ្យដឹងថា បញ្ហាជម្លោះសមុទ្រក្រហម បានធ្វើឱ្យតម្លៃនៃការដឹកជញ្ជូនទៅកាន់តំបន់អាមេរិក កាណាដា និងអឺរ៉ុប កើនឡើងទ្វេដង ខណៈដែលការដឹកជញ្ជូននៅក្នុងតំបន់អាស៊ីក៏មានសញ្ញានៃការឡើងថ្លៃខ្លះដែរ។
លោក ស៊ិន ចន្ធី ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជា បានប្រាប់ឱ្យដឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ថា ការឡើងថ្លៃនៃតម្លៃដឹកជញ្ជូន បានកើតឡើងតាំងពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ដោយការឡើងថ្លៃ ខាងក្រុមហ៊ុនបានជូនដំណឹងកាលពីអំឡុងខែធ្នូ ឆ្នាំ២០២៣ ផងដែរ ពោលគឺចាប់ពីមានការលបពួនស្ទាក់បាញ់កប៉ាល់ដឹកទំនិញរបស់ក្រុមឧទ្ទាមហ៊ូធី នៅតំបន់សមុទ្រក្រហម ដែលបានធ្វើឱ្យក្រុមហ៊ុនកប៉ាល់មួយចំនួនរៀបចំធ្វើដំណើរតាមផ្លូវវាងវិញ។
លោកបានបញ្ជាក់ថា៖«ការធ្វើដំណើរតាមផ្លូវវាងនោះ បានធ្វើឱ្យចម្ងាយកាន់តែឆ្ងាយរហូតដល់ ៦ ០០០ គីឡូម៉ែត្រ ខណៈដែលការធ្វើដំណើរត្រូវចំណាយពេលបន្ថែមរហូតដល់ ៨ ថ្ងៃ ដល់ ១០ ថ្ងៃ បន្ថែមទៀត។បើតាមការលើកឡើងពីក្រុមហ៊ុនខាងកប៉ាល់ តាមផ្លូវវាងនេះ មិនត្រឹមចំណាយពេលយូរជាង ឆ្ងាយជាងនោះទេ ថែមទាំងចំណាយលុយថែមប្រមាណជាង១លានដុល្លារទៀត។ដូច្នេះហើយទើបធ្វើឱ្យការដឹកជញ្ជូនមានការឡើងថ្លៃទ្វេដង ចំពោះការដឹកជញ្ជូនពីអាស៊ីទៅអឺរ៉ុប អាមេរិក កាណាដា និងពីតំបន់ទាំងនេះមកអាស៊ីវិញផងដែរ»។
ចំពោះតម្លៃដឹកជញ្ជូនដែលត្រូវឡើងថ្លៃទ្វេដងនេះ លោកស៊ិន ចន្ធី បាននិយាយថា៖«ឧទាហរណ៍ដូចជាតម្លៃដឹកជញ្ជូនទៅកាណាដា អឺរ៉ុប និងផ្នែកខ្លះនៃអាមេរិក កាលពីមិនទាន់មានការរុកកួនដោយពួកហ៊ូធី ឃើញថាតម្លៃប្រហែល ៣ ០០០ដុល្លារទៅ ៤០០០ ដុល្លារ តែឥឡូវកើនដល់ ៨ ០០០ ដុល្លារទៅ ១០ ០០០ ដុល្លារហើយ។ ការឡើងថ្លៃនេះ បានធ្វើឱ្យមានផលប៉ះពាល់ដល់ការនាំចេញ និងនាំចូលផលិតផលពីអាស៊ីនិងពីកម្ពុជា ទៅកាន់តំបន់អាមេរិក អឺរ៉ុបនិងកាណាដានេះ»។
បើតាមប្រធានសមាគមភ័ស្តុភារកម្មកម្ពុជា ការឡើងថ្លៃនេះ មិនអាចព្យាករថានឹងអាចធ្លាក់ចុះវិញនៅពេលណានោះទេ ខណៈដែលការរុកកួនដោយសង្គ្រាមនៅសមុទ្រក្រហមនោះមិនទាន់បានស្រាកស្រាន្តនៅឡើយ។ ជាមួយគ្នានោះដែរ លោកថា ការដឹកជញ្ជូននៅក្នុងតំបន់អាស៊ី ក៏មានសញ្ញាឡើងថ្លៃខ្លះនាពេលខាងមុខដែរ ដោយលោកបញ្ជាក់ថា៖«ក្នុងតំបន់អាស៊ី មិនមានការឡើងថ្លៃអ្វីខ្លាំងពេកទេ ប៉ុន្តែវាមានសញ្ញាឡើងខ្លះដែរនាពេលខាងមុខនេះ ដោយការនាំចេញទៅប្រទេសខ្លះក្នុងតំបន់អាស៊ីមានការឡើងថ្លៃប្រហែល១០ទៅ២០ភាគរយផងដែរ ព្រោះនេះជាឥទ្ធិពលដោយប្រយោលដែរ ពីសង្គ្រាមនេះ»។
ចំពោះបញ្ហានេះថា លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានប្រាប់ឱ្យដឹងថា ស្ថានភាពនៃការដឹកជញ្ជូននាំចេញអង្ករទៅកាន់តំបន់អឺរ៉ុបមានការប៉ះពាល់តិចតួចទេ និងមិនទាន់មានសញ្ញាគួរឱ្យព្រួយពេកនោះទេ ចំពោះការឡើងថ្លៃនៃតម្លៃដឹកជញ្ជូននេះ។
លោកបានបញ្ជាក់ដូច្នេះថា៖«ច្រកចូលទៅកាន់អឺរ៉ុប គឺមិនមែនមានតែច្រកសមុទ្រក្រហមមួយនោះទេ តែមានច្រកផ្សេងទៀត គ្រាន់តែច្រកសមុទ្រក្រហមភ្ជាប់ពីអាស៊ីទៅអឺរ៉ុបនោះ គឺជិតជាងគេក្នុងចំណោមច្រកទាំងអស់។តម្លៃដឹកជញ្ជូនវាប្រែប្រួល រហូតតាមប្រភេទក្រុមហ៊ុនកប៉ាល់»។
ចំណែកលោក ចាន់ ពេជ្រ អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ស៊ីកនេតឈ័រ អហ្វ អេស៊ា ដែលជាក្រុមហ៊ុននាំចេញអង្ករទៅកាន់សហគមន៍អឺរ៉ុប អាមេរិក បានបង្ហាញពីការព្រួយបារម្ភដែរថា ថ្លៃដឹកជញ្ជូនតាមកប៉ាល់ទៅអឺរ៉ុប ជាឧបសគ្គមួយក្នុងការនាំចេញអង្ករពីកម្ពុជា ទៅអឺរ៉ុប ដោយក្នុងនោះ តម្លៃដឹកជញ្ជូន ១ ជើង ៧០០ ដុល្លារ នៅខែវិច្ឆកា បានកើនដល់៣ ០០០ ដុល្លារ នៅខែធ្នូ ឆ្នាំ២០២៣ និងបានកើនដល់ ៥ ០០០ ដុល្លាខែមករា ឆ្នាំ២០២៤ នេះ។
លោកបានបញ្ជាក់ថា ៖«ផលប៉ះពាល់នៃការដឹកជញ្ជូននេះ មាន២ ដោយទី១ តម្លៃដឹកជញ្ជូនឡើងខ្ពស់ ធ្វើឱ្យអ្នកនាំចេញពិបាកសម្រេចថា គួរនាំចេញទំនិញឥឡូវ ឬក៏ត្រូវចាំតម្លៃកប៉ាល់ចុះបន្តិច ព្រោះថាបើនាំចេញឥឡូវអាចខាតនៅពេលដែលតម្លៃដឹកជញ្ជូនធ្លាក់ចុះនាពេលខាងមុខ។ទី២កន្លែងទំនេរលើកប៉ាល់មិនសូវមាន ដែលធ្វើឱ្យផែនការនៃការបញ្ចេញទំនិញ បានតិចជាងផែនការដែលបានគ្រោងទុក»។
យោងតាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្ម បានបង្ហាញថា នៅក្នុងឆ្នាំ២០២៣ ការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ពិភពលោក មានតម្លៃទឹកប្រាក់ ២៣ ៦០៤ លានដុល្លារ កើនឡើងជិត ៥ ភាគរយ។ នៅក្នុងនោះការនាំចេញទំនិញទៅកាន់តំបន់អឺរ៉ុប មានទំហំទឹកប្រាក់ ៣ ៦៦៦ លានដុល្លារ ថយចុះជិត ១០ ភាគរយ,ការនាំចេញទៅកាន់តំបន់អាស៊ាន មានទំហំទឹកប្រាក់ ៨ ១៧២ លានដុល្លារ កើនជាង ៤៧ ភាគរយ,នាំចេញទៅអាមេរិក មានចំនួន ៨ ៨៩៧ លានដុល្លារ ថយចុះ ជិត ១ ភាគរយ និងនាំចេញទៅកាណាដា មានតម្លៃទឹកប្រាក់ជាង ៨៦៩ លានដុល្លារ ថយចុះជាង ២២ ភាគរយ ធៀបនឹងឆ្នាំ២០២២៕