លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​ណែនាំ​ឱ្យ​ក្រសួង​ពាក់ព័ន្ធ គិតគូរ​រៀបចំ​បង្កើត​ប្រព័ន្ធ​ទីផ្សារ​ចរន្ត​មួយ ដើម្បី​បង្កើន​ការផ្គត់ផ្គង់​ផ្ទៃក្នុង ជាពិសេស​ប្រភេទ​សាច់ និង​បំណែក​គ្រឿងក្នុង​បង្កក ដើម្បី​បង្កើន​ចីរភាព​នៃ​ការផ្គត់ផ្គង់​ក្នុងស្រុក ក្នុង​រយៈពេល​វែង​។​

ការណែនាំ​យ៉ាង​ដូច្នេះ បានធ្វើ​ឡើង​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​បន្ត​ឆ្នាំ​២០២៤ របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី​រសៀល​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០២៤​។​

លោក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា​៖«​កន្លងទៅ​យើង​ក៏បាន​ដាក់​គោលការណ៍​មួយចំនួន ក្នុងការ​ផ្អាក​ការនាំ​ចូល​គ្រឿង​ក្នុងនៃ​បំណែក​សាច់​បង្កក​មួយចំនួន សម្រាប់​សាច់ជ្រូក សាច់មាន់ និង​សាច់​មួយចំនួន​នៅក្នុង​រយៈពេល ​៦​ ខែ ដោយ​ចាប់ពី​ខែមីនា​ទៅ ប៉ុន្តែ​ការអន្តរាគមន៍​នេះ មិនមែនជា​វិធានការ​មួយ​ដែល​ចីរភាព អាចធ្វើ​គ្រប់ពេល​នោះទេ យើង​ចង់​ធ្វើយ៉ាងណា​ដើម្បី​ឱ្យមាន​ចីរភាព តាមរយៈ​វិធីសាស្ត្រ​ណា ដើម្បី​ធានា​ឱ្យ​ការ​ចិញ្ចឹមសត្វ​មាន​ភាព​ប្រកួតប្រជែង​»​។​

លោក​បាន​បន្តថា ៖ «​ក្នុងពេលដែល​កម្ពុជា​យើង​ផ្អាក​ការ​នាំចូល​បណ្ដោះអាសន្ន​នូវ​គ្រឿង​បំណែក​កក ធ្វើយ៉ាងណា​ឱ្យ​អ្នកទិញ​បំណែក​កក​នេះ​ភ្ជាប់​ការ​ទិញដូរ​ផ្ទាល់​ជាមួយ​កសិករ​របស់​យើង ហើយ​ប្រើប្រាស់​តាម​បច្ចេកទេស​បង្កក​របស់​ពួកគេ​ចុះ​។ បើទោះបីជា​មិនមាន​ការដាក់​ហាមឃាត់​ការ​នាំចូល​បំណែក​គ្រឿងក្នុង​បង្កក​នេះ វា​ក៏​អាចបង្កើត​នូវ​ទីផ្សារ​ប្រព័ន្ធ​ចរន្ត​មួយ​ទៅហើយ នៃ​ការផ្គត់ផ្គង់​ផ្ទៃក្នុង​ផងដែរ​»​។​

លោក​ថា កិច្ចការ​ផ្គត់ផ្គង់​ផ្ទៃ​ក្នុងនេះ គឺជា​កិច្ច​ការសំខាន់​ណាស់ មានន័យថា ទីផ្សារ​ផលិត​នៅនឹងកន្លែង នាំចេញ​នៅនឹងកន្លែង អ៊ីចឹង​ត្រូវធ្វើ​យ៉ាងណា ដើម្បី​ខិតខំ​ភ្ជាប់​ចំណុច​នេះ​។​

ជាមួយគ្នា​នោះដែរ រាជរដ្ឋាភិបាល​មានការ​ធានា​២​ចំណុច ក្នុងនោះ​ការធានា​ទី​១​គឺ​ជួយ​ឱ្យ​កសិផល​របស់​កសិករ​មានតម្លៃ​ថ្លៃ ទទួលបាន​ផលចំណេញ​ខ្ពស់ និង​ការធានា​ទី​២​កុំ​ឱ្យមាន​អតិផរណា​ថ្លៃ ការដោះស្រាយ​ជូន​កសិករ គឺ​កាត់​បន្ថយថ្លៃ​ផលិត​។​

លោក ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ថា​៖«​ក្រសួងពាណិជ្ជកម្ម បាន​ផ្ញើ​តារាង​តម្លៃ​ជូន​លោក​រាល់ថ្ងៃ ខណៈដែល​ទំនិញ​ណា​ឡើងថ្លៃ​លើស​២០​ភាគរយ ត្រូវដាក់​ជា​ហានិភ័យ​ហើយ តែ​សំណាង​វា​ឡើង​ថ្ងៃនេះ ស្អែក​វា​នឹង​ចុះ​វិញ​ហើយ​។​យើង​សង្ឃឹមថា វា​មិន​ឡើង​ជាប់​គ្នា ១​ខែ ឬ​២​ខែ ឬ​៣​ខែ​ជាប់​គ្នា​នោះទេ​»​។​

​លោក ស្រ៊ុន ពៅ ប្រធាន​សមា​គ​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា រំពឹងថា អនុសាសន៍​និង​ការណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល នឹង​ត្រូវបាន​អនុវត្ត​ឱ្យបាន​ល្អ ជាពិសេស​ការអនុវត្ត​វិធានការ​ហាមឃាត់​ការនាំ​ចូល​ជា​បណ្តោះអាសន្ន នូវ​គ្រឿងក្នុង និង​បំណែក​សាច់​បង្កក ក្នុង​រយៈពេល​៦​ខែ ដោយ​គិត​ចាប់ពី​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២៤​តទៅ​។​

​លោក​បាន​បញ្ជាក់ថា​៖«​កសិករ ឬ​អ្នក​ចិញ្ចឹមសត្វ​យើង មិន​ចង់បាន​អ្វី​ច្រើនជាង ការរក្សា​លំនឹង​ថ្លៃ​សាច់​ឱ្យមាន​ភាពសមរម្យ ដោយ​អ្នក​ផលិត​ក៏​អាច​ទទួលយកបាន ហើយ​អ្នក​បរិភោគ​ក៏​អាច​ទទួលយកបាន​ដូចគ្នា​។ សាច់​បង្កក​ដែល​ឈ្មួញ​លួច​នាំ​ចូលមក​ដោយ​ខុសច្បាប់​នេះ វា​ប៉ះពាល់​ខ្លាំងណាស់​មិន​ត្រឹមតែ​អ្នក​ផលិត​ទេ តែ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ហូប​យើង​ដែរ​។​ដូច្នេះ​ស្នើឱ្យ​មានការ​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​»​។​

តាមរយៈ​សេចក្តីជូនដំណឹង របស់​ក្រសួងពាណិជ្ជកម្ម និង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០២៤ បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​ផ្អាក​ជា​បណ្ដោះអាសន្ន​សម្រាប់រ​យៈ​ពេល​៦​ខែ នូវ​ការ​នាំចូល​គ្រឿងក្នុង និង​បំណែក​សាច់​បង្កក​៕