កម្មវិធីស្បៀងអាហារពិភពលោក (World Food Program- WFP) ប្រចាំកម្ពុជា បានចុះកិច្ចព្រមព្រៀង ជាមួយ រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអនុវត្តផែនការយុទ្ធសាស្ត្រសម្រាប់ប្រទេសកម្ពុជាឆ្នាំ២០២៤-២០២៨ ក្នុងការរួមចំណែក លើកកម្ពស់ប្រព័ន្ធស្បៀងអាហារ និងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។
ពិធីចុះកិច្ចព្រមព្រៀងនេះធ្វើឡើងរវាងលោកស្រី យិនទៀង ពុទ្ធិរស្មី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ និងលោកស្រី យូរ ខូណាន់ (Claire Conan) តំណាងអង្គការកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។
ក្រសួងបានលើកឡើងថា ផែនការយុទ្ធសាស្ត្រសម្រាប់ប្រទេសកម្ពុជា ឆ្នាំ២០២៤-២០២៨ មានទឹកប្រាក់ចំនួន ៦៣, ៣៧៨, ៥០០ ដុល្លារអាមេរិក នឹងចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា តាមរយៈការផ្តល់ ជំនួយ បច្ចេកទេស និងការផ្តល់ប្រឹក្សាគោលនយោបាយ កិច្ចគាំពារសង្គម ប្រព័ន្ធចំណីអាហារ និងការគ្រប់គ្រងគ្រោះមហន្តរាយ។
សេចក្ដីប្រកាសបានបញ្ជាក់ថា៖ «ការផ្តល់ជំនួយបច្ចេកទេស និងការគាំទ្រលើគម្រោងទាំងនោះ ក្នុងគោលបំណង លើកកម្ពស់របបអាហារ និងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។ គម្រោងទាំងនោះ ក៏ស្របតាម យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិកម្ពុជា»។
លោក យី គឹមថាន នាយករងប្រចាំប្រទេស នៃអង្គការភ្លែនអន្តរជាតិប្រចាំកម្ពុជា បានប្រាប់ឱ្យដឹងនៅថ្ងៃទី៣១ ខែមករាថា កិច្ចព្រមព្រៀង ដើម្បីអនុវត្តផែនការយុទ្ធសាស្ត្ររបស់កម្ពុជាសម្រាប់ឆ្នាំ២០២៤-២០២៨ រវាងរាជរដ្ឋាភិបាលកម្ពុជា និងកម្មវិធីស្បៀងអាហារពិភពលោក គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ពីព្រោះបានរួមចំណែកក្នុងលើកកម្ពស់ ស្បៀងអាហារ និងអាហារូបត្ថម្ភសម្រាប់កុមារនៅកម្ពុជា។
លោកបានបន្តថា បច្ចុប្បន្ននេះ កុមារអត្រាភាពក្រិន នៅមានកម្រិតខ្ពស់នៅឡើយ ជាពិសេសកុមារស្គាំងស្គម ក្នុងរយៈពេល ១០ ឆ្នាំ កន្លងមកនេះ ក៏នៅមិនទាន់មានការថមថយផងដែរ។
លោកបានថ្លែងបញ្ជាក់ថា៖ «ទាក់ទងនឹងកម្មវិធីដែលអង្គការ WFP គាត់នឹងធ្វើ ជាពិសេសពាក់ព័ន្ធនឹងប្រព័ន្ធចំណីអាហារ ការលើកកម្ពស់របបអាហារ ក៏ដូចជាបរិបទនៃបម្រែបម្រួលអាកាសធាតុនេះ គឺពិតជាចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិយើងតទៅមុខទៀត ខណៈយើងកំពុងប្រឹងប្រែង កាត់បន្ថយអត្រាភាពក្រិន និងស្គាំងស្គមរបស់កុមារ»។
ក្រៅពីនេះ ក្នុងបរិបទនៃបម្រែបម្រួលអាកាសធាតុនេះ គឺតម្រូវឱ្យមានជួយទៅដល់ប្រជាជន ជាពិសេសប្រជាជនក្រីក្រនៅតាមជនបទ ដែលងាយរងគ្រោះបំផុតនៅពេលមានគ្រោះធម្មជាតិកើតឡើង វានឹងធ្វើឱ្យប្រជាជនកាន់តែធ្លាក់ទៅក្នុងភាពក្រីក្រ ក៏ដូចជាកង្វះនូវអាហារសម្រាប់បរិភោគជាដើម។ នេះជាការបន្ថែមរបស់លោក យី គឹមថាន។
សូមបញ្ជាក់ថា ក្នុងរយៈពេលជាង ៤០ឆ្នាំកន្លងមកនេះ អង្គការកម្មវិធីស្បៀងអាហារពិភពលោកបានគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់របបអាហារ និងសន្តិសុខស្បៀង និងឱ្យសម្រេចបាននូវ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម៕