ភ្នំពេញៈ ក្រសួងសា​ធារណការ និង​ដឹក​ជញ្ជូន និង​​​អង្គការ​យូនីសេហ្វ បាន​ពិភាក្សាគ្នា​ លើ​ការ​គ្រោង​ផ្ដួច​ផ្ដើម​គ​ម្រោ​ង​សុវត្ថិភាព​ចរាចរណ៍​សម្រាប់​កុមារ ជាពិសេស​​ផ្តោត​លើកា​រ​រៀប​ចំគោ​ល​ការណ៍​ណែនាំ និង​បទ​ដ្ឋាន​សុវត្ថិភាព​នៅតា​ម​តំបន់​សាលា​រៀន​។

កិច្ច​ពិភាក្សា​គ្នានេះ​ ធ្វើឡើ​ង​រវាង​​លោក​ស្រី មឹន មាណវី រដ្ឋលេខា​ធិការ ក្រសួង​សាធារ​ណការ ជា​មួយលោក ហ៊ាង ផាត អ្នក​ឯកទេស​កម្មវិធី​អភិវឌ្ឍន៍​តំបន់​ទីក្រុ​ង របស់មូ​ល​និធិ​អង្គការ​សហប្រជាជាតិ​ដើម្បី​កុមារ (UNICEF) ប្រចាំ​កម្ពុជា និងម​ន្ត្រី​ពាក់​ព័ន្ធ​ផ្សេង​ទៀត ដើម្បី​គ្រោង​រៀប​ចំ​គម្រោង​សុវត្ថិ​ភាព​ចរាចរណ៍​សម្រាប់​កុមារ ជាពិសេស​លើកា​រ​ងាររៀ​ប​ចំ​គោល​ការណ៍​ណែនាំ និងប​ទដ្ឋា​ន​សុវត្ថិភាព​នៅ​តាម​តំបន់​សាលា​រៀន។​​

​លោក​ស្រី មឹន មាណវី បាន​លើកឡើង​​ថា គម្រោងនេះ​នឹង​​ចូល​រួមចំ​ណែក​ក្នុង​ការ​អនុវត្ត​​ផែន​កា​រ​ជាតិ​ទសវត្សរ៍​សកម្មភាព​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​ឆ្នាំ២០២១​-​២០៣០ ដោយ​ចូល​រួមទ​ប់​ស្កាត់ និង​កា​ត់​បន្ថយ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ដែល​បាន​កើត​មាន​នៅ​កម្ពុជា ជាពិសេស​ចំពោះ​កុមារ។

​លោកស្រីថា ក្រសួង​​សន្យា​ជួយ​សម្រប​សម្រួល​លើ​ការ​ងារ​ពាក់​ព័ន្ធ​ផ្សេងៗ ដើម្បី​ឱ្យ​ការផ្ដួច​ផ្ដើម​គម្រោង​​នេះ ​លេច​ចេញ​ជា​រូប​រាង​នៅពេ​ល​ឆាប់ៗ​ខាង​​មុខ​​។ នេះបើ​យោង​តាម​ហ្វេស​ប៊ុក​ក្រសួង​​សាធារណការ។

ទាក់​ទង​នឹង​គម្រោងនេះ ​លោក ផន រឹម អ្នក​នាំ​ពាក្យ​ក្រសួង​សាធារណ​ការ បា​នថ្លែង​នៅ​ថ្ងៃទី​៣១ ខែមករា ​ថា ការ​ផ្ដួច​ផ្ដើម​គម្រោង​សុវត្ថិភាព​ចរាចរណ៍​សម្រាប់​កុមារ​នេះ ​មិន​​ទាន់លេច​ចេញ​ជា​រូប​រាង​នៅឡើយ​ទេ​។ 

លោកបាន​បន្ត​ថា​ ​ទាំង​ក្រសួង និង​អង្គការ​យូនីសេហ្វ គ្រាន់​តែបា​នពិ​ភាក្សា​គ្នា​សិន លើ​ការ​ជំរុញ​ការប​ង្កើត​ឱ្យ​​មាន​តំបន់​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​នៅ​តំបន់​សាលា​រៀន និង​ទីសា​ធារណៈ ដោយ​ផ្តោត​លើកា​រ​រៀ​ប​ចំ​បទដ្ឋាន​គំរូ​សម្រាប់​ការ​បង្កើត​តំបន់​សុវត្ថិភាព​នៅតា​ម​សាលា​រៀន​។

លោក​បាន​ថ្លែង​ថា​៖ «​យើង​ស្ថិត​ក្នុង​ដំណាក់​កាល​ពិភាក្សា​គ្នា​ ប៉ុន្តែ​ជាគោ​លបំ​ណង​នៃការ​​ផ្ដួចផ្ដើ​ម​គម្រោង​នេះ ​គឺ​ដើម្បី​ចូល​រួម​ទប់​ស្កាត់ និង​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​បាន​កើត​មាន​នៅ​កម្ពុជា ជា​ពិសេស​ចំពោះ​កុមារ​»​។
បើ​តាម​លោក ផន រឹម កន្លង​មក​ក្រសួង​បាន​ធ្វើ​កិច្ច​ការ​ងារ​ជាច្រើ​ន​ជា​មួយ​ដៃ​គូ​អភិវឌ្ឍន៍ ដើម្បី​កាត់​បន្ថយ​ចំនួន​អ្នក​ស្លាប់ និង​អ្នក​របួស​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​ផ្លូវ​គោក តាម​រយៈ​ការ​បង្កើន​ឱ្យ​មា​ន​ការ​យល់​ដឹងពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក គ្រប់​រូប​ភាព គ្រប់​ទី​កន្លែង ជាពិសេស​ផ្តោត​ទៅលើ​​ជន​ងាយ​រង​គ្រោះ​​មាន​ដូច​ជា​៖ ស្រ្តី កុមារ និង​ជន​ចាស់​ជរា​។ 

បន្ថែមពី​នេះ​ លោក​ថា ក្រសួង​ក៏​បាន​ចេញ​ជា​គោល​ការណ៍​ណែនាំ​ស្តី​ពី​ការ​ផ្លាស់​ប្តូរ​ផ្លាក​សញ្ញា​កំណត់​ល្បឿន​អតិប​រមា ត្រង់​តំបន់​សាលារៀន ​(School Zone) មក​ត្រឹម​ល្បឿន ៣០​ គីឡូ​ម៉ែត្ រ​ក្នុង​ ១​ម៉ោង ស្រប​តាម​ស្មារតី​នៃ​មហា​សន្និបាត​ទីក្រុ​ង​ស្តុក​ខុម ប្រទេស​ស៊ុយ​អែត កាល​ពីខែ​​កុម្ភៈ ឆ្នាំ​២០២០​។

ជុំ​វិញ​រឿង​នេះ លោក គឹម បញ្ញា នាយក​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ប្រចាំ​កម្ពុជាថ្លែង​​ថា ទាំងក្រ​សួង ក៏​ដូច​ជា​អ​ង្គការ​យូនីសេហ្វ បាន​ចាប់​ផ្ដួច​ផ្ដើម​​គម្រោង​មួយនេះ​ គឺ​វា​ពិត​ជាល្អ​​មែន​ទែន ​ពីព្រោះ​ដើម្បី​ឱ្យអ្ន​ក​ដែល​ពាក់​ព័ន្ធ​លើក​កម្ពស់​សុវត្ថិភាព​ចរាចរណ៍​សម្រាប់​កុមារ​នៅ​តាម​សាលារៀន មាន​មូលដ្ឋាន​សម្រាប់​អនុវត្ត​​សកម្មភាព​ការ​ងារ​របស់​ខ្លួន​ឱ្យមាន​ប្រសិទ្ធ​ភាព​។ 

ទន្ទឹម​នេះ លោក​មើល​ឃើញ​ថា បច្ចុប្បន្ន​នេះ កុមារ​ធ្វើ​ដំណើរ​ជាមួ​យ​អាណា​ព្យា​បាល ពេល​ទៅ​សាលារៀន គឺ​មាន​ចំនួន​តិច​តួច​ណាស់​ដែលបា​ន​ពាក់​មួក​សុវត្ថិភាព​ត្រឹម​ត្រូវ ខណៈដែ​ល​ច្បាប់​បាន​កំណត់​រួច​ហើយ​តម្រូវ​ឱ្យ​កុមារ​អាយុ ៣​ឆ្នាំ​ ត្រូវ​ពាក់​មួក​សុវត្ថិភាព​ ខណៈ​សិ​ស្សានុសិស្ស មិនទា​ន់​គ្រប់​អាយុ​ដល់ ១៥​ឆ្នាំ​​បាន​ចាប់​ផ្ដើម​បើកប​រ​ម៉ូតូ​នៅ​លើ​ដង​ផ្លូវ​ទៅ​សាលា​រៀន ដែល​វាមា​នហា​និភ័យ​​មួយ​ផង​ដែរ​។ 

មួយវិ​ញ​ទៀតនៅ​តា​ម​សាលារៀន​ភាគ​ច្រើន ​​នៅ​មិន​ទាន់​មាន​គំនូសថ្មើរ​ជើង និង​មាន​ផ្លាកស​ញ្ញាច​រាចរណ៍ គ្រប់​គ្រាន់​នោះ​ទេ ទាំង​ផ្លាក​សញ្ញា​បន្ថយ​ល្បឿន ផ្លាក​សញ្ញា​កំណត់​ល្បឿន ក៏ដូ​ច​ជាភ្លើ​ង​សញ្ញា​ ដើ​ម្បី​ពញ្ញាក់​អារម្មណ៍​ឱ្យ​អ្នក​បើក​បរ​យក​ចិត្ត​ទុក​ដាក់ និង​បាន​ដឹង​ថា​ ខ្លួន​មក​​ដល់​តំបន់សា​លា​រៀន​ហើយ​។

លោក​ គឹម បញ្ញាថា​​ ​៖ «​អ្វី​ដែល​យើង​បាន​កត់​សម្គាល់​ពី​ភាព​ខ្វះ​ខាត​​ផ្លាក​សញ្ញាច​រាចរណ៍​ទាំង​នេះ គឺ​យើងតែ​ង​តែ​ប្រឹង​ប្រែង​ជំរុញ​ឱ្យ​ស្ថាប័ន​រាជ​រដ្ឋាភិបាល​ប្ដូរ​ផ្លាក​សញ្ញា​ទាំង​អស់​នៅតា​ម​តំបន់​សាលា​រៀន​។ ជា​ពិសេស​សាលា​រៀន​នៅតា​ម​ផ្លូវ​ជាតិ ប្ដូរ​ការកំណត់ល្បឿន​មក​ត្រឹម ៣០ ​គីឡូ​ម៉ែត្រ​ ក្នុង​ ១​ម៉ោង​»​​៕