ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក សុខ ចិន្តាសោភា អញ្ជើញទៅចូលរួមវេទិកាថ្នាក់រដ្ឋមន្តី្រសហភាពអឺរ៉ុប-តំបន់ឥណ្ឌូប៉ាស៊ីហ្វិក លើកទី៣ និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប លើកទី២៤ នាទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក នៅថ្ងៃទី១ និង២ ខែកុម្ភៈ ឆ្នាំ២០២៤។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស នៅថ្ងៃទី៣១ ខែមករា បានឱ្យដឹងថា ការចូលរួមវេទិកានេះ តបតាមការអញ្ជើញរបស់លោក ចូសិប បូររែល ហ្វុនតេល (Josep BORRELL FONTELLES) តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប។
នៅក្នុងវេទិកាថ្នាក់រដ្ឋមន្ត្រីសហភាពអឺរ៉ុប-តំបន់ឥណ្ឌូប៉ាស៊ីហ្វិក លើកទី៣ លោក សុខ ចិន្តាសោភា នឹងថ្លែងបទអន្តរាគមន៍លើប្រធានបទស្តីពីវិបុលភាពរួមគ្នា ភាពធន់នៃសេដ្ឋកិច្ច និងការវិនិយោគ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងតំបន់ទាំង២ ព្រមទាំងទាញយកអត្ថប្រយោជន៍ពីភាពខ្លាំងរបស់តំបន់ទាំង២ ដើម្បីជំរុញសម្ទុះកំណើនថ្មីប្រកបដោយបរិយាបន្ន និងការអភិវឌ្ឍដោយចីរភាព។
ក្រសួងបានបញ្ជាក់ទៀតថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុបលើកទី២៤ នឹងត្រូវដឹកនាំដោយសហប្រធានចំនួន២គឺ សាធារណរដ្ឋហ្វីលីពីន ក្នុងនាមជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប និងសហភាពអឺរ៉ុប។
ប្រភពដដែលបានបន្ថែមថា រដ្ឋមន្ត្រីការបរទេសអាស៊ាន និងសហភាពអឺរ៉ុប នឹងធ្វើការតាមដានលើការសម្រេចចិត្តរបស់កិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ និងពិនិត្យលើវឌ្ឍនភាពស្តីពីការអនុវត្តផែនការសកម្មភាពអាស៊ាន-សហភាពអឺរ៉ុប (ឆ្នាំ២០២៣-២០២៧)។
ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការបរទេសកម្ពុជាក៏នឹងផ្លាស់ប្តូរយោបល់ស្ដីពីទិសដៅអនាគត ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិ ដែលជាក្តីបារម្ភ និងផលប្រយោជន៍រួម ដើម្បីពន្លឿនភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហភាពអឺរ៉ុប និងការប្តេជ្ញាចិត្តរួមគ្នា ដើម្បីរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពតំបន់ទាំង២។
ក្រសួងការបរទេស ក៏បានលើកឡើងឱ្យដឹងដែរថា ក្នុងអំឡុងពេលនៃការស្នាក់នៅទីក្រុងប្រ៊ុចសែល លោក សុខ ចិន្តាសោភា នឹងមានជំនួបទ្វេភាគី ដាច់ដោយឡែកជាមួយសមភាគីមកពីប្រទេសសមាជិកសហភាពអឺរ៉ុប និងដៃគូអភិវឌ្ឍន៍នានា ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី។
លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា អ្វីដែលអាចទាញជាប្រយោជន៍សម្រាប់កម្ពុជា គឺស្ថិតនៅលើកិច្ចសហប្រតិបត្តិការទ្វេភាគី ពោលគឺកម្ពុជាជាមួយនឹងសហភាពអឺរ៉ុប។
លោកថា៖«ដៃគូរបស់ប្រទេសកម្ពុជា កន្លងទៅយើងមានកិច្ចសហប្រតិបត្តិការទ្វេភាគីរួចជាច្រើនហើយជាមួយនឹងប្រទេសមួយចំនួននៅអឺរ៉ុប។ ដូច្នេះកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអាស៊ានអឺរ៉ុបនេះ ក៏អាចជួយជំរុញឱ្យកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់ប្រទេសកម្ពុជាជាមួយបណ្តាប្រទេសដែលជាសមាជិកអឺរ៉ុប ក៏បានទទួលផ្លែផ្កាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ជាមួយនឹងប្រទេសជាដៃគូក្នុងអឺរ៉ុបផងដែរ»។
លោក ហុង វណ្ណៈ បានបន្តថា ទោះបីជាសហភាពអឺរ៉ុបកាត់ EBA ២០% ពីកម្ពុជាក៏ដោយ ក៏កម្ពុជានៅទទួលបានផលប្រយោជន៍ជាផ្លែផ្កាជាវិជ្ជមានជាច្រើនផងដែរពីសហភាពអឺរ៉ុប។
លោកបានបន្ថែមថា ការចូលរួមកិច្ចប្រជុំខាងមុខនេះ ក៏អាចបង្ហាញសុច្ឆន្ទៈ និងអ្វីដែលជាសក្តានុពល និងអ្វីដែលកម្ពុជាបានរៀបចំរួចរាល់ជាស្រេចដើម្បីទទួលស្វាគមន៍ដំណើរមកដល់ ឬឥរិយាបថនៃកិច្ចសហប្រតិបត្តិការបន្ថែមទៀត រវាងកម្ពុជា និងប្រទេសដែលជាសមាជិកសហភាពអឺរ៉ុប ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។
លោកបញ្ជាក់ថា ៖ «ដំណើរនៃកិច្ចប្រជុំនេះ ខ្ញុំជឿជាក់ថា មានអត្ថន័យ និងអាចបំពេញបន្ថែមនូវដំណើរការនៃកិច្ចសហប្រតិបត្តិការដែលកម្ពុជាយើងមានជាមួយនឹងសហភាពអឺរ៉ុប ឬប្រទេសដែលជាដៃគូក្នុងលក្ខណៈទ្វេភាគីដែលបានកសាងកាលពីមុនៗ ពិសេសក្នុងសម័យកាលសម្តេចតេជោ ហ៊ុន សែន និងការបន្តពង្រឹងបន្ថែមទៀតនៅក្នុងអាណត្តិនេះ»៕