​ភ្នំពេញៈ លោក​ ខ្វៃ អាទិ​ត្យា អនុរដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួងបរិស្ថានអះអាងថា ក្នុង​រយៈពេល​ ៥​​ ខែ​មកនេះ​យុទ្ធ​នា​ការកាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក ទទួលបាន​ការចូលរួម​អនុវត្ត​ផ្ទា​ល់ពី​ប្រជាពលរដ្ឋ​ជាង​ ៤,៦ ​លាន​នាក់​។​

​លោក​បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​ ៣១ ខែមករា​ថា គិត​រហូតមកដល់​ថ្ងៃទី​ ៣០ ខែមករា អ្នក​ចូល​​រួម​អនុវត្ត​ដោយផ្ទាល់​ក្នុង​យុទ្ធនា​ការកាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក ក្រោម​ប្រធានបទ «​ថ្ងៃនេះ ខ្ញុំ​មិន​ប្រើ​ថង់​ប្លា​ស្ទិ​ក​ទេ​» នៅ​ទូទាំងប្រទេស គឺ​បាន​កើនឡើង​ដល់​ ៤ ៦១៦ ៩៦៨ ​អង្គ​/​នាក់​។​

​លោក​ថ្លែងថា​៖ «​យោងតាម​ទិន្នន័យ​ស្រង់​បាន​ពី​មន្ត្រី​ជំនាញ រយៈពេល ៥ ​ខែ​កន្លងមកនេះ នៅ​ទូទាំងប្រទេស​កម្ពុជា​យុទ្ធនាការ​នេះ​បានទទួល​ការចូលរួម​ចេញពី​បេះដូង និង​ការអនុវត្ត​មិន​ប្រើ​ថង់​ប្លា​ស្ទិ​ក យ៉ាងតិច​ ១​ ថ្ងៃ ក្នុង​ ១​ សប្តាហ៍​»​។ អ្នក​ដែល​បាន​ចូល​​រួម​យុទ្ធនាការ​នេះ មាន​សិ​ស្សា​-​នុ​សិស្ស​ជាង​ ៤ ​លាន​នាក់ លោក​​គ្រូ​-​អ្នកគ្រូ​ជាង ​១៧​ ម៉ឺន​នាក់ កម្មករ​កម្មការិនី ជាង​ ២៨​ ម៉ឺន​នាក់ និង​អ្នកចូលរួម​ផ្សេងៗ​ទៀត​ជាង​ ៤២​ ម៉ឺន​អង្គ​/​នាក់ និង​បាន​ចុះទៅ​ធ្វើការ​ផ្សព្វផ្សាយ​សរុប​បាន​ចំនួន ​១៤ ៩៤៩​ លើក​។​

​សូមបញ្ជាក់ថា យុទ្ធនាការ​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក ក្រោម​ប្រធានបទ «​ថ្ងៃនេះ​ខ្ញុំ​មិន​ប្រើ​ថង់​ប្លា​ស្ទិ​ក​ទេ​»​ បានចាប់ផ្តើម​អនុវត្ត​កាលពី​ថ្ងៃទី​ ១ ខែកញ្ញា ឆ្នាំ​ ២០២៣ ដោយបាន​ចូលរួម​អនុវត្ត​យ៉ាង​ផុសផុល នៅតាម​សាលារៀន​ចំនួន ៤៤​។

​ជាមួយគ្នានេះដែរ លោក ស៊ា​ សុផល ប្រធាន​អង្គការ​មូលនិធិ​ទំពាំង​ស្នង​ឫស្សី​បាន​គាំទ្រ​លើ​យុទ្ធនាការ​កាត់បន្ថយ​ការប្រើ​ប្រាស់​ប្លា​ស្ទិ​ក ដែល​នេះ​ជាការ​​ចាប់ផ្តើម​មួយ​ក្នុងការ​ធ្វើឱ្យ​ប្រទេស​ស្អាត ហើយ​លោក​សូម​ធ្វើ​ឱ្យចេញ​ជា​សកម្មភាព​ជាក់ស្តែង និង​មាន​ប្រសិទ្ធភាព​។ មួយវិញទៀត តាម​វត្ត​អារាម​មួយៗ ព្រះ​សង្ឃ​ដែលជា​ជន​គំរូ​គួរតែ​ឈានមុខ​គេ ក្នុងការ​លុបបំបាត់​ការ​​ប្រើ​ថង់​ប្លា​ស្ទិ​ក​នេះ ហើយ​អនុវត្ត​ឱ្យនៅ​តាម​វត្ត​អារាម​មាន​បរិស្ថាន​ស្អាត​ផងដែរ​ដោយ​ជំរុញ​ការ​អនុវត្ត​គោលការណ៍​ដែលមាន​ស្រាប់​។​

​លោក​បាន​និយាយថា​៖ «​បើ​មាន​យុទ្ធនាការ​អ៊ីចឹង​ហើយ កុំ​គ្រាន់តែ​ធ្វើការ​ប្តេជ្ញាចិត្ត ប៉ុន្តែ​ត្រូវធ្វើ​ឱ្យមាន​សកម្មភាព ដោយ​ក្រសួង​គួរតែ​បន្ថែម​ទៅលើ​យុទ្ធ​នា​ការដែល​កំពុងមាន​សម្ទុះ​នេះ​ដោយ​គួរឱ្យ​សាលា​នីមួយៗ​ដែលមាន​ការប្តេជ្ញាចិត្ត​នេះ បញ្ជ្រាប​គោលការណ៍​សាលា​មេត្រី​បរិ​ស្ថាន​តែម្តងទៅ ដែលមាន​ការ​ប្រឡងប្រណាំង​ក្នុងការ​កាត់បន្ថយ​ប្លា​ស្ទិ​ក​នេះ​តែម្តង​»​។​

​ទាក់ទង​នឹង​បរិស្ថាន​នេះដែរ លោក ស៊ា សុផល ក៏បាន​ឱ្យដឹង​ដែរ​ថា ចាប់ពី​ថ្ងៃទី​ ២ ខែកុម្ភៈ​នេះ តទៅ​អង្គការ​របស់លោក​សហ​ការ​ជាមួយនឹង​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប​នឹង​ចាប់​ផ្តើមធ្វើ​យុទ្ធ​នា​ការសម្អាត​បឹង​ទន្លេសាប ក្នុងការ​កាត់បន្ថយ​ប្លា​ស្ទិ​ក​តាម​សហ​គម​ន៍​នៅ​បឹង​ទន្លេសាប និង​ប្រគល់​ឯកសារ​និង​ចុះ​អនុស្សរណៈ​ជា​មួយ​នឹង​សាលា​មួយចំនួន​ផងដែរ ឱ្យ​អនុវត្ត​រយៈពេល ​២ ​ឆ្នាំ​តែម្តង​។​

​លោក​ថា នៅមុន​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ លោក​នឹង​ជំ​រុញឱ្យ​សហគមន៍​ជុំវិញ​បឹង​ទន្លេសាប​ទាំងអស់​ធ្វើការ​សម្អាត​សហគមន៍​របស់ខ្លួន ដូច​ជាការ​សម្អាតផ្ទះ​ត្រៀម​អបអរ​ទេវតា​ឆ្នាំ​ថ្មី​ផងដែរ​។​

​សូម​បញ្ជាក់ដែរថា ក្រសួង​បរិ​​ស្ថាន នឹង​បន្តទៅ​ជំហាន​បន្ទាប់​សម្រាប់​យុទ្ធនាការ «​ថ្ងៃនេះ​ខ្ញុំ​មិន​ប្រើ​ប្លា​ស្ទិ​ក​ទេ​» ដែល​ទទួលបាន​ការចូល​រួម​អនុវត្ត​ពី​ប្រជាជន​កម្ពុជា​កន្លះ​ប្រទេស ដោយ​មិន​ប្រើ​ថង់​ប្លា​ស្ទិ​ក​។ ជំហាន​ទី​២ នៃ​យុទ្ធ​នា​ការ គឺ​ការចែកជូន​ធុងសំរាម​ទៅគ្រប់​សាលារៀន និង​វត្ត​អារាម ដែល​អាច​ញែក​សំរាម កន្លែង​ដាក់​សំរាម​សំណល់​រឹង ប្លា​ស្ទិ​ក សំរាម​សម្រាប់​កែច្នៃ​សម្រាប់ធ្វើ​ជី​ជាដើម ហើយ​ការសម្អាត​បរិស្ថាន ដែល​ផ្តោតលើ​ការសម្អាត​សំណល់ ប្លា​ស្ទិ​ក នៅលើ​ដី​និង​នៅក្នុង​ទឹក និង​សម្អាត​ខ្យល់​លើ​អាកាស​។​

​ចំណែក​ជំហាន​ទី៣ គឺ​ការដាក់ចេញ​នូវ​ការជំរុញ​លើ​ការលើក​កម្ពស់​កិច្ច​គាំពារ​បរិស្ថាន ភាព​ស្រស់ស្អាត​របស់​កម្ពុជា គ្មាន​ការបំពុល និង​ឈានទៅ​លុបបំបាត់​សំរាម សំណល់​ប្លា​ស្ទិ​ក បន្តិច​​ម្តងៗ​ឱ្យ​អស់ពី​កម្ពុជា​ក្នុងពេល​អនាគត​៕