ភ្នំពេញៈ​ គ្រូ​បារមី​ប្រុស​​ស្រី ៨​​ រូប​ បានធ្វើ​កិច្ចសន្យា​ជាមួយ​មន្ទីរ​ធម្មការ និង​សាសនា​រាជធានី-ខេត្ត ដើម្បី​បញ្ឈប់​ការបន្ត​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​ពាក់ព័ន្ធ​នឹង​ជំនឿ​ខុសពី​ការពិត​ដែល​គ្មាន​ប្រភព​ច្បាស់លាស់ ខណៈ​ក្រសួង​ធម្មការ និង​សាសនា ​ក៏បាន​អំពាវនាវ​ឱ្យ​មហាជន​បញ្ឈប់​ចែកចាយ​វីដេអូ​គ្រូ​បារមី​ទាំងនោះ​បន្តទៀត​ដែរ​។​

​ក្រសួង​ធម្មការ និង​សាសនា បានបង្ហាញ​ពី​ការចុះកិច្ចសន្យា​ជាមួយនឹង​គ្រូ​បារមី គ្រូអូមអាម​មួយចំនួន​ដែល​បាន​ផ្សព្វផ្សាយ​សកម្មភាព​ធ្វើឱ្យ​ប៉ះ​ពាល់​ដល់​តម្លៃ​សាសនា​។​

​គ្រូ​បារមី​ដែល​បាន​ចុះកិច្ចសន្យា​បញ្ឈប់​សកម្មភាព​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​ពាក់ព័ន្ធ​នឹង​ជំនឿ​ខុសពី​ការពិត​រួមមាន លោក ញ៉ឹ​ប សុ​ភិន ដែលមាន​ឈ្មោះ​បារមី ជា​លោកគ្រូ​ ១២​ ភាសា​, លោក វ៉ាត វុ​ធ ដែលមាន​ឈ្មោះ​បារមី​ជា​លោកតា​ឥសី​សំរិទ្ធ​, លោក ស៊ីវ សុផល ដែលមាន​ឈ្មោះ​បារមី​ជា​លោកគ្រូ​បារមី​មុន្នី​ឥសី​ខ្លា​, លោក ស៊ូ សេងហួ និង​លោក ម៉ម សា​វិ​ន​។​

​បុគ្គល​ទាំង​ ៥ ​រូបនេះ​បានធ្វើ​កិច្ចសន្យា​ជាមួយ​មន្ទីរ​ធម្មការ និង​សាសនា​រាជធានី​ភ្នំពេញ​ដើម្បី​លុប​រាល់​វីដេអូ​ចាស់ៗ និង​វីដេអូ​ថ្មី​ដែល​ផ្សព្វផ្សាយ​នៅលើ​បណ្ដាញ​សង្គម​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ការ​សូត្រធម៌​មិនមាន​ប្រភព​ច្បាស់លាស់ ហើយក៏​មិនត្រូវ​ធ្វើ​សកម្មភាព​ថត​ផ្សាយ​ផ្ទាល់ ​(live)​ វីដេអូ ពេល​ទស្សន៍​ទាយ​ផងដែរ​។ នេះ​បើ​យោងតាម​ក្រសួង​​ធម្មការ និង​សាសនា បានប្រកាស​នៅ​ថ្ងៃទី ​៣០ ខែមករា ឆ្នាំ​ ២០២៤​។​

​ជាមួយគ្នា​នោះដែរ មន្ទីរ​ធម្មការ និង​សាសនា​នៅតាម​ខេត្ត​ផ្សេងៗ​មួយចំនួនទៀត​ក៏បាន​ឱ្យ​គ្រូ​បារមី​នៅក្នុង​ខេត្ត​របស់ខ្លួន​ធ្វើ​កិច្ចសន្យា​ដូចគ្នានេះដែរ ក្នុងនោះ រួមមាន លោក គឹ​ន បុត្តា ដែលជា​គ្រូ​ដោះ​អំពើ និង​អាប​ធ្មប់​បានធ្វើ​កិច្ចសន្យា​ជាមួយ​មន្ទីរ​ធម្មការ និង​សាសនា​ខេត្តកំពង់ចាម​, លោក ប៉ាន់ វណ្ណៈ ដែលជា​គ្រូ​បារមី​អូមអាម​បានធ្វើ​កិច្ចសន្យា​ជាមួយ​មន្ទីរ​ធម្មការ និង​សាសនា​ខេត្តកំពត​, កញ្ញា សុខ នី ដែលមាន​ឈ្មោះ​ជា​គ្រូទាយ​ជោគវាសនា និង​មើលជំងឺ​បានធ្វើ​កិច្ចសន្យា​ជាមួយ​មន្ទីរ​ធម្មការ និង​សាសនា​ខេត្តក្រចេះ​ដើម្បី​បញ្ឈប់​សកម្មភាព​យក​ស្បង់​ចីវរ​ព្រះសង្ឃ​មក​ស្លៀកពាក់ ហើយ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ដែលជា​រឿង​ខុសច្បាប់​រដ្ឋ​។​

​ក្រសួង​ធម្មការ និង​សាសនា​បាន​បញ្ជាក់ថា​៖ «​ក្រៅពី​ការធ្វើ​កិច្ចសន្យា​លើ​គ្រូ​បារមី​ហើយ​សូម​មហាជន​ដែល​ប្រើ​​ប្រាស់​បណ្តាញ​សង្គម​ទាំងអស់​ឈប់​បង្ហោះ​វីដេអូ​ចាស់ៗ​កន្លងទៅ​ឬ​វីដេអូ​ថ្មីៗ​ពាក់ព័ន្ធ​នឹង​គ្រូ​បារមី​គ្រូអូមអាម​ផ្សេងៗ ប្រសិនបើ​មិន​បញ្ឈប់​ទេ ក្រសួង​នឹងមាន​វិធានការ​តាមផ្លូវ​ច្បាប់​ជា​ធរមាន​»​។​

​ទាក់ទង​នឹង​រឿងនេះ​ដែរ លោក ឈ​ត ប៊ុន​ថង មន្ត្រី​ស្រាវជ្រាវ​ផ្នែក​ទំនាក់ទំនង​វប្បធម៌ អប់រំ និង​ទេសចរណ៍​នៃ​រាជ​បណ្ឌិត្យសភា​កម្ពុជា​បាន​ថ្លែងថា អ្វីដែល​ក្រសួង​បានដាក់​ចំណាត់ការ​មកលើ​គ្រូ​បារមី​នេះ​ជា​រឿង​ល្អ​ដើម្បី​កុំឱ្យ​បុគ្គល​ទាំង​នោះ​ធ្វើ​សកម្មភាព​បង្ក​ភាពវឹកវរ​ដល់​សង្គម និង​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ត្រូវ​ខាត​បង់ទ្រព្យ​សម្បត្តិ និង​ពេលវេលា​ផងដែរ​។​ 

​លោក​បាន​បន្តថា ទន្ទឹម​នឹងមាន​ចំណាត់ការ​បែបនេះហើយ លោក​ក៏​ស្នើឱ្យ​ក្រសួង​អនុវត្ត​ចំណាត់ការ​ទាំងនោះ​ឱ្យបាន​ទូលំទូលាយ និង​បាន​គ្របដណ្ដប់​គ្រប់​គ្រូ​បារមី​ដែល​បំពុលសង្គម​ផ្សេងៗ​ទៀត​ទាំងអស់​ផងដែរ​។​

​លោក ឈ​ត ប៊ុន​ថង បាន​បញ្ជាក់ថា​៖ «​ប្រសិនបើ​មិនមាន​ចំណាត់ការ​ហើយ​ទុកឱ្យ​គ្រូ​បារមី​ទាំងនោះ បន្តសកម្មភាព​បំពុលសង្គម នោះ​វា​ធ្វើឱ្យ​សង្គម​យើង​បោះបង់​អ្វីដែល​ល្អ​នៅក្នុង​ព្រះពុទ្ធសាសនា​ក៏ដូចជា ទស្សនវិជ្ជា​របស់​អ្នកប្រាជ្ញ​ផ្សេងៗ​ហើយក៏​ធ្វើឱ្យ​បងប្អូន​យើង​បាត់បង់​ទ្រព្យសម្បត្តិ​ឱកាស​ក្នុង​ការគិត​ដើម្បី​ដោះស្រាយ​បញ្ហា​ក៏​ដូច​ឱកាស​ក្នុងការ​ព្យាបាល​ជំងឺ​ជាដើម​»​។​

​លោក​បាន​បន្ថែមទៀតថា ជំនឿ​លើ​គ្រូ​បារមី​នេះដែរ វា​ក៏​អាចជា​អាវុធ​មុខ ​២ ប្រសិនបើ​ជឿ​ត្រូវ គឺ​វា​ធ្វើឱ្យមាន​ភាពសុខសាន្ត និង​រីកចម្រើន​ទៅមុខ ប៉ុន្តែ​ប្រសិនបើ​ជឿ​ខុស នោះ​វា​ធ្វើឱ្យ​វង្វេង ភាន់ច្រឡំ ខាតបង់​ទ្រព្យសម្បត្តិ ហើយ​និង​បាត់បង់​ឱកាស​ក្នុងការ​អភិវឌ្ឍ​ខ្លួន​ទៅមុខ​ទៀតផង​៕